អ្នកវិភាគព្រឹត្តិការណ៍ World Cup ឱ្យសារព័ត៌មានរុស្ស៊ី RT លោក Mourinho លើកឡើងថា ក្រុមជម្រើសជាតិអង់គ្លេសបានសម្លឹងឃើញឱកាសមាសឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅ World Cup ហើយ ។
ការលើកឡើងរបស់គ្រូបង្វឹកក្លិបបិសាចក្រហមវ័យ៥៥ឆ្នាំរូបនេះធ្វើឡើងបន្ទាប់ពីក្រុមអង់គ្លេសឈ្នះក្រុមកូឡុំប៊ីដោយគ្រាប់បាល់ប៉េណាល់ទី ៤-៣ ក្នុងការប្រកួតជម្រុះវគ្គ ១៦ក្រុមកាលពីយប់ថ្ងៃអង្គារកន្លងទៅ ។
Mourinho និយាយថា «យូរឆ្នាំមកហើយដែលក្រុមអង់គ្លេសមិនធ្លាប់ឆ្លងផុតវគ្គជម្រុះ១៦ក្រុមទេ ។ ខ្ញុំអាចនិយាយបានថា នាវាអង់គ្លេសសម្លឹងឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៥ កក្កដា ខាងមុខហើយ» ។
គួរបញ្ជាក់ថា ក្រោយឈ្នះកូឡុំប៊ី ក្រុមអង់គ្លេសនឹងប៉ះក្រុមស៊ុយអែតនៅវគ្គ៨ក្រុមចុងក្រោយ ខណៈស្ថានភាពរបស់ក្រុមតោកំណាចពេលនេះពោរពេញដោយជំនឿចិត្ត និងឆន្ទះខ្ពស់ ៕
ចែករំលែកព័តមាននេះ