រាជធានីភ្នំពេញ ៖ តារាកំប្លែងដែលតែងតែបង្ហាញវត្តមានសម្តែងក្នុងកម្មវិធីសំណើចចុងសប្តាហ៍របស់ទូរទស្សន៍បាយ័ន នាយស្មាញ បានពើបប្រទះជំងឺដុះសាច់ក្នុងតម្រងនោមតម្រូវឲ្យវះកាត់ ប៉ុន្តែគាត់សុខចិត្តបណ្តោយតាមយថាកម្មជីវិតចុងក្រោយ ដោយមិនព្រមវះកាត់ទេ ។
ស្ថិតក្នុងវ័យ៦៦ឆ្នាំលោកសួន សុខហ៊ីម ហៅនាយស្មាញ បាននិងកំពុងតែបន្តការព្យាបាលជំងឺរបស់ខ្លួនដោយការប្រើប្រាស់ថ្នាំ ផ្សេងៗ ជាមួយឱសថបុរាណខ្មែរ ក្នុងក្តីរំពឹងអាចបន្តជីវិតរស់បានទៅមុខទៀត ។ ដោយទទួលរងជំងឺមួយនេះអស់ពេលជាង៣ឆ្នាំ នាយស្មាញ បានសម្រេចចូលទៅព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ដោយមានការជួយជ្រោមជ្រែងពីនាយក្រឹម និងនាយកុយ និងមានការឧបត្ថម្ភលើថ្លៃព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ។
នាយស្មាញ ឲ្យដឹងថា ក្នុងពេលដែលលោកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគឺក្រុមគ្រូពេទ្យតម្រូវឲ្យលោកវះកាត់ ដោយសារតែដុំសាច់ដែលដុះនោះវារីកធំស្ទើរតែជិតអវៈយវៈភេទរបស់លោកទៅហើយ ។ កត្តានេះបាននាំឲ្យលោកពេលដែលបត់ជើងតូច ម្តងៗមានឈាមមកជាមួយ និងមានបញ្ហាចុកនៅលើផ្នែកដែលឈឺនោះ ដែលទាមទារនូវការវះកាត់ជាចាំបាច់។
យ៉ាងណាក៏ដោយតារាកំប្លែងដែលមានដើមកំណើតពីស្រុកបាទី ខេត្តតាកែវរូបនេះមិនបានទទួលយកការព្យាបាលដោយការវះកាត់នោះឡើយ ដោយសារតែលោកភ័យខ្លាច។ លោកបញ្ជាក់ថា លោកខ្លាចការវះកាត់ណាស់ ហើយណាមួយលោកបានឃើញអ្នកជំងឺខ្លះពេលដែលវះហើយក៏បានស្លាប់ ណាមួយលោកមិនចង់ឃើញសភាពក្រោយការវះកាត់នោះត្រូវតទុយោមកចង្កេះដើម្បីបត់ជើងតូចនោះឡើយ ។
បើតាមនាយស្មាញ រហូតមកដល់ពេលនេះលោកមិនមានចិត្តទោមនស្សណាមួយនៅពេលដែលខ្លួនមានជំងឺដ៏កាចសាហាវនេះឡើយ ដោយសារតែលោកក៏មានអាយុកាន់តែចាស់ បើទោះបីជាត្រូវស្លាប់នៅពេលណាមួយនោះ គឺជាព្រហ្មលិខិតដែលមនុស្ស ម្នាក់ៗមិនអាចគេចផុតពីវាឡើយ ។
ទោះជាយ៉ាងណាក្តីនៅពេលដែលលោកមិនព្រមទទួលយកការវះកាត់នេះ ទើបលោកបានចេញពីមន្ទីរពេទ្យមកបន្តសម្រាកព្យាបាលនៅក្នុងគេហដ្ឋានវិញ ជាមួយថ្នាំ ផ្សេងៗដែលសង្ឃឹមនឹងអាចមានការធូរស្បើយ ។
ស្ថិតនៅក្នុងសភាពជំងឺនេះក៏ដោយនាយ ស្មាញ នៅតែអះអាងថា លោកនៅតែនឹកឃើញពីការសម្តែងរបស់ខ្លួននៅឡើយ ហើយបើអាចលោកនៅតែបន្តការសម្តែងកំប្លែងជាមួយនាយក្រឹម ទោះជាការសម្តែងនោះមិនបានពេញកម្លាំងដូចមុនក៏ដោយ ។
ចាប់ឈោងភាពល្បីល្បាញនៅក្នុងពិភពសិល្បៈលោកសួន សុខនីម បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីសម័យសង្គមរាស្ត្រនិយម ពោលតាំងពីលោកមានអាយុទើបតែ៩ឆ្នាំ ។ ក្នុងវ័យកុមារភាពលោកបានដើរលេងភ្លេងខ្មែរជាមួយឪពុករបស់លោកដែលជាអ្នកច្រៀងភ្លេងការ និងកាត់សក់ មុនពេលដែលលោកបានចូលសម្តែងភ្លេងឆៃយ៉ាំ នាសម័យកាលនោះ ។ លោកបានចាប់ឈោងអាជីពជាតារាកំប្លែង និងមានឈ្មោះបោះសំឡេងចាប់តាំងពីសម័យរដ្ឋកម្ពុជា ខណៈពេលដែលជំនាញកំប្លែងនេះលោកបានហាត់រៀនដោយផ្ទាល់ពីឪពុករបស់លោក ។
នាយស្មាញបានរៀបអាពាហ៍ពិពាហ៍បន្ទាប់ពីបែករបបប៉ុល ពត ហើយមានកូន៣នាក់ ប៉ុន្តែម្នាក់បានស្លាប់ ។ កូនរបស់លោកទាំងអស់នោះមិនមានអ្នកណាម្នាក់បន្តវេនអាជីពសិល្បៈដូចជារូបលោកទេ ៕
ចែករំលែកព័តមាននេះ