ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ទី​១​មិន​អី ដល់​លើក​ទី​៤​ជាប់​តែ​ម្តង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​២​នាក់​ទំនង​ចាញ់​បាល់ World Cup ពិភពលោក​ច្រើន​ពេក​បាន​ចេញ​ធ្វើ​សកម្មភាព​ឆក់​៤​លើក​ជាប់​ខ្នោះដៃ​នគរបាល​ព្រហ្មទណ្ឌ​កាលពី​ថ្ងៃ​ទី​២៦ មិថុនា ២០១៨ ។ យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ម្នាក់​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​២​នាក់​ទំនង​ចាញ់​បាល់ World Cup ពិភពលោក​ច្រើន​ពេក​បាន​ចេញ​ធ្វើ​សកម្មភាព​ឆក់​៤​លើក​ជាប់​ខ្នោះដៃ​នគរបាល​ព្រហ្មទណ្ឌ​កាលពី​ថ្ងៃ​ទី​២៦ មិថុនា ២០១៨ ។

យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ម្នាក់​ឈ្មោះ ពៅ វិចិត្រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ឈ្មោះ ប្រាក់ ចាន់​ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ ផ្លូវ​វ៉េ​ង​ស្រេង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ទាក់ទិន និង​ការ​ឃាត់ខ្លួន​យុវ​សិស្សសាលា​២​នាក់​ខាងលើ​នេះ​ត្រូវ​បាន​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៦ មិថុនា កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ធ្វើការ​អន្តរាគមន៍​បង្ក្រាប​ក្រុម​ឆក់​ជាក់ស្តែង និង​ឃាត់ខ្លួន​បាន​២​នាក់ នៅ​ចំណុច​ផ្លូវ​លេខ​២៦១ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បាន​សារភាព​ថា ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ចំនួន​៤​លើក​មក​ហើយ ។ លោក​ប៊ុ​ន សត្យា បន្ត​ថា លើក​ទី​១- ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​IPhone6pluse ពណ៌​ទឹកមាស នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១១៨ ផ្លូវ​លេខ​១៣៨ ក្រុម​ទី​៩ ភូមិ​៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ មិថុនា ២០១៨ ។

ជន​រង​គ្រោះ​ឈ្មោះ ម៉េ​ង ស្រី​ហួច ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​និស្សិត ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាត់បង់​ទូរស័ព្ទ​ដៃ ម៉ាក IPhone6pluse ពណ៌​ទឹកមាស​១​គ្រឿង ។ លើក​ទី​២- ឆក់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន ដូច​ខាងលើ ពណ៌​ទឹកប្រាក់ នៅ​ចំណុច​មហាវិថី​សហ​ព​ន្ធ័​រ៉ុ​ស្សី កែង​ផ្លូវ​លេខ ២០០៩ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៩​និង​៣០​នាទី​យប់ ។ លើក​ទី​៣- ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ដូច​គ្នា ពណ៌​ទឹកប្រាក់ នៅ​ចំណុច​មហាវិថី​សហ​ព​ន្ធ័​រ៉ុ​ស្សី កែង​ផ្លូវ​លេខ​២០០៩ សង្កាត់​កា​កាប​១ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃខែ​ឧសភា ឆ្នាំ​២០១៨ ។ លើក​ទី​៤- ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក OPPO ពណ៌​ទឹកប្រាក់ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស​ម្តៅ​មក​វត្ត​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ មិថុនា វេលា​ម៉ោង​ប្រហែល​៩​យប់ ។

ចំណែក​វត្ថុ​តាង​ចាប់​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​១CL-១០៦៦ មួយ​គ្រឿង ។ យោង​លើ​បទល្មើស​ដែល​សមត្ថកិច្ច​បង្ក្រាប​ជាក់ស្តែង និង​តាម​ចម្លើយ​ជនសង្ស័យ​មាន​បន្ទុក​គ្រប់គ្រាន់​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​យុវ​សិស្ស​២​នាក់​នោះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ