ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​ផលិត​ចង្កឹះ​ធ្វើ​ពី​ដើម​ទ្រាំង​នឹង​ឈាន​ទៅ​បាត់បង់​ម្តង​បន្តិច​ៗ​ព្រោះ​គ្មាន​ទីផ្សារ​គាំទ្រ

7 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ទ្រាំង​ជាដើម​ឈើ​មួយ​ប្រភេទ​ដែល​មានអំបូរ​ស្រ​ដៀង​ទៅ​នឹង​ដើម​ត្នោត​មាន​សម្បុរ​ពណ៌​ខ្មៅ ដុះ​ត្រង់​ទៅ​លើ​ហ៊ុម​ព័ទ្ធ​ដោយ​ធាង​ដុះ​បន្លា និង​ស្លឹក​ពណ៌​បៃតង ។ ដោយ​ដើម​ប្រភេទ​នេះ​ត្រូវ​គេ​ប្រទះ​ឃើញ​ដុះ​នៅ​តាម​តំបន់​ខ្ពង់រាប នៅ​ភាគ​ឦ​សាន្ត​នៃ​ប្រទេស​កម្ពុជា ។ ហើយ​ដើម​របស់​វា​មិន​មាន​កម្ពស់​ពិតប្រាកដ…

ខេត្តស្ទឹងត្រែង ៖ ទ្រាំង​ជាដើម​ឈើ​មួយ​ប្រភេទ​ដែល​មានអំបូរ​ស្រ​ដៀង​ទៅ​នឹង​ដើម​ត្នោត​មាន​សម្បុរ​ពណ៌​ខ្មៅ ដុះ​ត្រង់​ទៅ​លើ​ហ៊ុម​ព័ទ្ធ​ដោយ​ធាង​ដុះ​បន្លា និង​ស្លឹក​ពណ៌​បៃតង ។ ដោយ​ដើម​ប្រភេទ​នេះ​ត្រូវ​គេ​ប្រទះ​ឃើញ​ដុះ​នៅ​តាម​តំបន់​ខ្ពង់រាប នៅ​ភាគ​ឦ​សាន្ត​នៃ​ប្រទេស​កម្ពុជា ។ ហើយ​ដើម​របស់​វា​មិន​មាន​កម្ពស់​ពិតប្រាកដ ដោយសារ​ការ​វាស់​ស្ទង់​មិន​មាន​ភាព​ជាក់លាក់ តែ​អាច​មាន​កម្ពស់​ពី​ដី​រហូត​ដល់​ចុង​ធាង​ប្រមាណ​ជាង​១០​ម៉ែត្រ ឬ​លើស និង​ទាប​ជាង​នេះ ។

ដោយសារ​តែ​ដើម​ទ្រាំង​មាន​ខ្លឹម តែ​សម្បក​ក្រៅ​សាច់​សរសៃ​ស្រ​ដៀង​ទៅ​ត្នោត ប្រជាពលរដ្ឋ​បាន​ជ្រើស រើស​យក​ដើម​ដែល​មាន​វ័យ​ចំណាស់ ដើម្បី​កែ​ច្នៃ​ជា​វត្ថុ​អនុស្សាវរីយ៍ និង​របស់របរ​ប្រើប្រាស់​ដូច​ជា គ្រឿង​សង្ហា​រឹម​ជាដើម ។ ដោយឡែក​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​មូលដ្ឋាន​ភូមិ​ឃុំ​សហគមន៍​មាន​សមត្ថភាព​បាន​ត្រឹម​កែ​ច្នៃ​ជា​របស់​ប្រើប្រាស់​ខ្នាត​តូច​នោះ​ទេ ដែល​មាន​ដូច​ជា​ចង្កឹះ វែក ស្លាបព្រា ចាន ជាដើម ។ របរ​ទាំងនេះ​បាន​ជួយ​សម្រួល​លើ​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ ក្រៅពី​ការ​សម្រាក​ធ្វើស្រែ​ចម្ការ​ប៉ុណ្ណោះ តែ​របរ​ទាំងនេះ​ហាក់ដូចជា ស្រុត​ចុះ​ដោយសារ​អ្នក​ប្រើប្រាស់​មិន​គិតដល់​គុណភាព និង​គុណ​តម្លៃ ។


លោក​ព្រំ យ៉ា មេឃុំ​អន្លង់​ជ្រៃ​បាន​បញ្ជាក់​ប្រាប់​ថា លោក​មិន​ចង់ឱ្យ​របរ​មួយ​នេះ​បាត់បង់​ទៅ​នោះ​ទេ ព្រោះ​ពេល​បង្កើត​បាន​នោះ​យើង​ត្រូវ​ចំណាយ​ពេលវេលា ថវិកា លំបាក​ទាំង​មន្ត្រី​ជំនាញ​សព្វបែបយ៉ាង ទើប​យើង​រៀបចំ​ឱ្យ​មាន​សហគមន៍​ផលិត​ចង្កឹះ​ទ្រាំង​នេះ​បាន ។

លោក​បន្ត​ថា កាលពី​២​ទៅ​៣​ឆ្នាំ​កន្លង​មក​បងប្អូន​ប្រជាពលរដ្ឋ​ផលិត​បាន និង​មានការ​គាំទ្រ​ផ្តល់​នូវ​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវភាព​គួរសម តែ​នៅ​ឆ្នាំ​២០១៨​នេះ​បងប្អូន​យើង​ស្ទើរតែ​បោះបង់​ចោល​បែរ​នាំ​គ្នា​ងាក​ទៅ​លក់​កម្លាំង​ពលកម្ម​ចូល​ព្រៃ​រក​វ​ល្លិ៍ ផ្តៅ រក​ឃ្មុំ​ព្រៃ ប​បាញ់​សត្វ កាប់​ឈើ​ទៅ​វិញ ដែល​ជា​ហេតុ​មួយ​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​ធនធានធម្មជាតិ ។ លោក​មេឃុំ​បាន​អំពាវនាវ​ឱ្យ​បងប្អូន​អតិថិជន​មេត្តា​ជួយ​គាំទ្រ​នឹង​នាំ​គ្នា​ប្រើប្រាស់​ផលិតផល​របស់​ខ្មែរ​យើង​ព្រោះ​សម្ភារ​ប្រើប្រាស់​ទាំងនេះ​មិន​មាន​ជ្រលក់​ទឹក​ថ្នាំ​គីមី រក្សារ​មិន​ឲ្យ​មេ​ស៊ី ឬ​ដុស​ផ្សិត និង​ជា​វត្ថុធាតុដើម​ពី​ធម្មជាតិ និង​ប្រើប្រាស់​បាន​យូរអង្វែង ។ ហើយ​សូម​ចូលរួម​ថែរក្សា ដើម្បី​កុំឱ្យ​របរ​មួយ​នេះ​បាត់បង់​ទៅ​វិញ ព្រោះ​បច្ចុប្បន្ន​បើ​មានការ​បញ្ជា​ទិញ​បងប្អូន​ប្រជា​សហគមន៍​យើង​អាច​ទទួល​ធ្វើ​ជូន​បាន ។

លោក កៅ ជួន ប្រជាពលរដ្ឋ​ជនជាតិភាគតិច (​គួ​យ​)​នៅ​ភូមិ​ឃុំ​អន្លង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង បាន​សំដែង​ការ​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​នេះ ព្រោះថា ការ​បង្កើត​សហគមន៍​វា​លំបាក​រួច​ទៅ​ហើយ តែ​ការ​រក្សា​ឱ្យ​នៅ​មាន​និរន្តរភាព​វា​កាន់តែ​ពិបាកទៅ​ទៀត ។ លោក​បន្ថែម​ថា ការ​ផលិត​ចង្កឹះ​ទ្រាំង​នេះ​បងប្អូន​មិន​ចង់​បោះបង់​ចោល​ទេ តែ​ការ​ផលិត​បាន​គ្មាន​អ្នកទិញ​ដោយសារ​តែ​ផលិតផល​នេះ​មានការ​នាំ​ចូល​មក​ច្រើន​នឹង​មាន​តម្លៃ​ថោក​ជាង​របស់​យើង​ដែល​ផលិត​ដូច​ជា​ចង្កឹះ​ឬ​ស្សី ឬ​ចង្កឹះ​ជ័រ នាំ​ចូល​ពី​ប្រទេស​ជិតខាង​យើង​ជាដើម ។
សូម​បញ្ជាក់​ថា ចង្កឹះ​ទ្រាំង​នេះ​មាន​ដាក់​លក់​នៅ​មន្ទីរ​កិច្ច​នារី​ខេត្តស្ទឹងត្រែង​មួយ​បាច់​ក្នុង​តម្លៃ​៧០០០​រៀល​ទៅ​១០០០០​រៀល​ក្នុង​ចំនួន​១០​គូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ