រាជធានីភ្នំពេញ ៖គ្រូជំនាញ និងយុវវ័យស្នងបានស្នើដល់បុគ្គលមួយចំនួនកុំរិះគន់ និងចាត់ទុកអ្នកសិល្បៈល្ខោនខោលសុទ្ធតែជាមនុស្សខ្ទើយ ខណៈពួកគេខិតខំយ៉ាងខ្លាំងដើម្បីលើកស្ទួយ និងអភិរក្សលើសិល្បៈដ៏ចំណាស់មួយនេះ ។
ក្រុមអ្នកជំនាញផ្នែកល្ខោនខោលបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះជនមួយចំនួនដែលមិនចូលរួមគាំទ្រ និងថែរក្សា បែរជារិះគន់ និងតិះដៀលពួកគេថាជាមនុស្សខ្ទើយទៅវិញ ។ ទាក់ទិនរឿងនេះយុវវ័យស្នងសិល្បៈល្ខោនខោលលោកសុខ សក្កដា បានលើកឡើងកាលពីពេលថ្មីៗកន្លងមកថា «សូមចូលរួមគាំទ្រ និងលើកស្ទួយសិល្បៈល្ខោនខោលខ្មែរយើងទាំងអស់គ្នា កុំឲ្យដូចពាក្យចាស់លោកពោលថា «ក្របីបាត់ទើបធ្វើរបង ជិតប្រលងទើបមើលសៀវភៅ» ។
ពួកគាត់ទាំងអស់គ្នាខំថែរក្សាណាស់ តែមនុស្សខ្លះមានគំនិតដៀលពួកគាត់ថាខ្ទើយ កុំគិតយ៉ាងដូច្នោះ គឺអាស្រ័យលើចរិតរបស់អ្នកនោះទេ ។ មើលខ្ងុំទៅខ្ញុំគឺជាប្រុសសុទ្ធ ហើយអ្នកដៀលពួកគាត់គួរគិតឡើងវិញថាពួកគាត់ខិតខំរាល់ថ្ងៃដើម្បីអ្វី ? គឺដើម្បីជាតិ ដើម្បីឲ្យបរទេសស្គាល់ល្ខោនខោលខ្មែរយើង ពួកគាត់ខំប្រឹងណាស់ គួរឲ្យតម្លៃគាត់ផង បើមិនជួយលើកស្ទួយទេកុំមកដៀលពួកគាត់ ខ្ញុំស្រលាញ់ល្ខោនខោល» ។
ចំណែកយុវវជនខឿន ម៉ានិក បានអះអាងថា «ការហាត់សិល្បៈមួយនេះគឺលំបាកណាស់ ហេតុអីពួកយើងខំយ៉ាងនេះ ? សួរថាឈឺទេ ? លំបាកទេ ? ហត់ទេ ? ឈឺខ្លាំងណាស់ ពិបាកណាស់ ហត់ណាស់ តែហេតុអីពួកយើងនៅតែខំប្រឹងយ៉ាងនេះ ? ព្រោះតែស្រលាញ់ ព្រោះតែចង់ជួយថែរក្សាសិល្បៈបុរាណមួយនេះ ។ ចុះអ្នកទាំងអស់គ្នាវិញ ? ពិបាកណាស់មែនទេ សម្រាប់ការជួយគាំទ្រ សម្រាប់ការជួយលើកទឹកចិត្ត ដើម្បីពួកខ្ញុំមានកម្លាំងចិត្តក្នុងសិល្បៈបុរាណមួយនេះ »។
ចំណែកលោកហង់ ភូមិរ៉ា ប្រធានយុវជនល្ខោនខោលជំនាន់ក្រោយបានលើកឡើងថា ចំពោះបញ្ហានេះលោកក៏បានជួបប្រទះដែរ ពេលលោកចេញសម្តែង ម្តងៗ ។ លោកបញ្ជាក់ថា «ពេលដែលលោកសម្តែងជាតួយាយកន្តែរ៉ែនោះ មានសិស្សសាលាខ្លះបានខ្សឹបខ្សៀវចំអកថាមើលខ្ទើយរាំ ។
ពាក្យថាខ្ទើយមួយមាត់នេះ សម្រាប់លោកដែលជាអ្នកសម្តែងមានអារម្មណ៍យ៉ាងណា តូចចិត្តខ្លួនឯង ដោយខិតខំថែរក្សាវប្បធម៌ សិល្បៈជាតិ តែគាត់ជាសិស្សវិទ្យាល័យសោះ បែរជាស្រែកបែបនេះទៅវិញ ។ គាត់ជាយុវវជនជំនាន់ក្រោយ បើគាត់មិនចូលរួមលើកតម្កើង គួរកុំប្រើពាក្យបែបនេះ តែបើគាត់ត្រឹមនិយាយថា គាត់សម្តែងសមណាស់ នោះក្នុងនាមជាអ្នកសិល្បៈមួយរូបមិនដឹងជារំភើបយ៉ាងណានោះទេ »។
បើតាមលោកហង់ ភូមិរ៉ា អ្នកខ្លះគ្រួសារបានហាមឃាត់មិនឲ្យចូលហាត់សិល្បៈល្ខោនខោលទេ ដោយលើកហេតុផលហាត់បានផលអីមកវិញ ហើយបើហាត់ប្រាកដជាប្តូរអត្តចរិតទៅជាម្ញ៉ិម្ញ៉ក់ជាមិនខានឡើយ ។ ត្រង់ចំណុចនេះលោកបញ្ជាក់ថា «ទម្រង់ល្ខោនបុរាណខ្មែរមិនមែនប្រែក្លាយមនុស្សឲ្យទៅជាខ្ទើយនោះឡើយ ពោលគឺអាស្រ័យលើអត្តចរិតរបស់មនុស្សតែប៉ុណ្ណោះ ។
ជាឧទាហរណ៍មានកូនសិស្សខ្ញុំជាបុរសស្វាហាប់ច្រើនណាស់បានចូលហាត់រៀនជាតួអង្គស្វា និងយក្សជាដើម ។ បើយើងរក្សាចរិតមួយហ្នឹងឲ្យរឹងមាំ និងដាក់បេះដូងចង់ចូលរួមចំណែកលើស្ទួយលើផ្នែកសិល្បៈមួយនេះ ទោះចង់អ្នកណាហាមឃាត់ក៏យើងនៅតែស្រឡាញ់ និងបន្តការចូលរួមហាត់រៀនដដែល »៕
ចែករំលែកព័តមាននេះ