ចំណារប្រវត្តិសាស្ត្រដ៏ជូរចត់បំផុតរបស់អុីរ៉ង់នៅ World Cup ទាំង៤រដូវកាលកន្លងមក គឺពួកគេមិនដែលឆ្លងផុតវគ្គចែកពូលនោះទេ ។ យ៉ាងណាមិញ ឱកាស១ប្រកួតចុងក្រោយប៉ះព័រទុយហ្គាល់នៅរដូវកាលនេះ ពួកគេសង្ឃឹមថានឹងអាចកែប្រែសុបិនអាក្រក់ទាំងអម្បាលម៉ាននោះបាន ។
ទោះពុំមានតារាឆ្នើមលេចធ្លោណាម្នាក់ក្តី តែក្រុមទៅពីទ្វីបអាស៊ីមួយនេះ នៅតែធ្វើបានយ៉ាងល្អកាលពីប្រកួតជុំទី១ ដោយយកឈ្នះម៉ារ៉ុក១ទល់០ សម្រាប់ជាដើមទុនប្រជែងពិន្ទុជាមួយក្រុមខ្លាំងពីរអេស្ប៉ាញ និងព័រទុយហ្គាល់ ដើម្បីឆ្លងទៅវគ្គ១៦ក្រុម ។ ១០ប្រកួតចុងក្រោយ អុីរ៉ង់ទើបតែចាញ់៣ប្រកួតប៉ុណ្ណោះ ដែលនេះបង្ហាញថា អុីរ៉ង់មានការវិវត្តសមត្ថភាពរបស់ខ្លួនគួរឱ្យកត់សម្គាល់ និងជាក្រុមខ្លាំងមួយតាមរំខានដល់មហិច្ឆតារបស់ព័រទុយហ្គាល់នៅរាត្រីនេះ ។
រំលឹកកាលប្រកួតជុំទី២ អុីរ៉ង់ស្ទើរតែអាចទប់ទល់ជាមួយអេស្ប៉ាញទៅហើយ ប៉ុន្តែពួកគេនៅតែមិនអាចរារាំងខ្សែប្រយុទ្ធ Diego Costaនៅនាទីទី៥៤បាន ធ្វើឱ្យរបូត១គ្រាប់យ៉ាងសោកស្តាយបំផុត ។ ទោះយ៉ាងណា ភាពចន្លោះប្រហោងនេះ បានក្លាយជាមេរៀនសំខាន់សម្រាប់គ្រូបង្វឹកពង្រឹងតំបន់ការពារឱ្យរឹតតែរឹងមាំ ដើម្បីតស៊ូជ្រែកឧបសគ្គធំចុងក្រោយគេចផុតកំណត់ត្រាច្រំដែលក្នុងប្រវត្តិសាស្ត្រ ។
ព័រទុយហ្គាល់ ដែលជាក្រុម១ក្នុងចំណោមបេក្ខភាពអាចលើកពាន World Cup រដូវកាលនេះ នៅតែបន្តបង្ហាញភាពខ្លាំងរបស់ខ្លួនគ្រប់ការប្រកួត ជាមួយនឹងវត្តមានតារាឆ្នើម Cristiano Ronaldo ទៀតនោះ រឹតតែធ្វើឱ្យគូប្រកួតបាក់ស្បាតថែមទៀត ។ ជាក់ស្តែង២ប្រកួតនៅវគ្គចែកពូលកន្លងមក Ronaldo គឺជាកីឡាករតែម្នាក់ដែលរកជ័យជម្នះឱ្យព័រទុយហ្គាល់មានសង្ឃឹមដល់បច្ចុប្បន្ន បន្ទាប់ពីកីឡាករជំនាញជើងស្តាំរូបនេះ ស៊ុត Hat-Trick តាមស្មើ៣ទល់នឹង៣ជាមួយអេស្ប៉ាញ ខណៈប៉ះម៉ារ៉ុកក៏ស៊ុតបាន១គ្រាប់ទៀត ច្រានព័រទុយហ្គាល់ឱ្យឈរលេខ២ក្នុងពូលបណ្តោះអាសន្ន ។
ម្យ៉ាងទៀត Ronaldo គឺជាបន្លាដ៏គ្រោះថ្នាក់មួយ ដែលអុីរ៉ង់ត្រូវយកចិត្តទុកដាក់បំផុតក្នុងជំនួបប៉ះគ្នានៅរាត្រីនេះ ។ កូនក្រុមម្ចាស់ពានយូរ៉ូឆ្នាំ២០១៦មួយនេះ សំបូរទៅដោយកីឡាករឆ្នើមជាច្រើនរូប ដែលសុទ្ធសឹងតែលេងនៅតាមក្លិបផ្សេងៗក្នុងទ្វីបអឺរ៉ុប ហើយភាគច្រើនពួកគេមានបទពិសោធន៍ជោកជាំនៅព្រឹត្តិការណ៍ធំៗជាមួយព័រទុយហ្គាល់ ។ បច្ចុប្បន្ន ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បានលេងក្នុងយុទ្ធនាការ World Cup ៤លើកជាប់ៗគ្នា ជាមួយនឹងការបង្កើតបានគ្រាប់បាល់ច្រើនជាង២.៥ ហើយមានគ្រាប់បាល់យ៉ាងហោចណាស់៤គ្រាប់ក្នុងការប្រកួត៣លើក ។
គួររំលឹកថា ព័រទុយហ្គាល់ធ្លាប់ប៉ះអុីរ៉ង់តែម្តងប៉ុណ្ណោះ ហើយបានយកឈ្នះក្នុងលទ្ធផល២ទល់០
កាលពីជំនួបវគ្គចែកពូល World Cup ឆ្នាំ២០០៦ ដែលជាការស៊ុតរបស់កីឡាករ Deco ១គ្រាប់និង១គ្រាប់ទៀតជាការស៊ុតប៉េណាល់ទីរបស់ Ronaldo ។ ផ្អែកតាមសមត្ថភាពកីឡាករនាពេលបច្ចុប្បន្ន និងបទពិសោធន៍ប្រកួតនៅព្រឹត្តិការណ៍ធំៗនាពេលកន្លងមក គេហទំព័រទស្សន៍ទាយកីឡាបានទាយថា ព័រទុយហ្គាល់នឹងយកឈ្នះគូប្រកួត២ទល់នឹង០ ៕
ចែករំលែកព័តមាននេះ