ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥស្សរជន៨រូបទទួលបាន គោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយស…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​មិថុនា នៅ​វិមាន​សន្តិភាព បាន​អញ្ជើញ​ជា​អធិបតី​ប្រកាសគោរមងារ​វិទ្យាសាស្ត្រ និង​គោរមងារ​កិត្តិយស​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជូន​ដល់​ឥស្សរ​ជន មន្ត្រីរាជការមាន​ស្នាដៃ​…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​មិថុនា នៅ​វិមាន​សន្តិភាព បាន​អញ្ជើញ​ជា​អធិបតី​ប្រកាសគោរមងារ​វិទ្យាសាស្ត្រ និង​គោរមងារ​កិត្តិយស​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជូន​ដល់​ឥស្សរ​ជន មន្ត្រីរាជការមាន​ស្នាដៃ​ ដើម្បី​ជំរុញ​អភិវឌ្ឍន៍​ធនធានមនុស្ស​ចំនួន​៨​រូប ។ សម្តេច​តេ​ជោមាន​ប្រសាសន៍​បន្ត​ថា ​ចំណុច​នេះ​ហើយ ដែល​ខ្ញុំ​ចង់​រំលឹក​តួនាទី​របស់​រាជបណ្ឌិត្យសភា ក៏​ដូច​ជា​តួនាទី​នៃ​បញ្ញវន្ត​របស់​
យើង ។

ពិត​ហើយ​ការ​ស្រាវជ្រាវ​នានា​ត្រូវ​តែ​មាន មិនមែន​គ្រាន់តែ​មាន​បញ្ហា​ប៉ុណ្ណឹង​ទេ នៅ​មាន​បញ្ហា​ច្រើន​ជាង​នេះ​ច្រើន​ណាស់ ។ ក៏​ប៉ុន្តែ​ខ្ញុំ​ស្នើ​សុំ​ផ្តល់​អាទិភាព​ទៅ​ឱ្យ​កិច្ចការ​បន្ទាន់​ៗ​ចំពោះ​មុខ ។ ព្រោះ​បើសិន​យើង​ប្រើប្រាស់​នូវ​ខួរក្បាល​របស់​យើង និង​ធនធាន​ដែល​មាន​កំរិត​របស់​យើង​ទៅ​ក្នុង​តែ​មួយ​ពេល​ប៉ុណ្ណោះ ពិតជា​មិន​អាច​ឆ្លើយ​តប​បាន​ទេ ។ដូច្នេះ​ត្រូវ​ប្រមូលផ្តុំ​កិច្ចការ​ណា​ត្រូវធ្វើ​មុន កិច្ចការ​ណា​ត្រូវធ្វើ​ក្រោយ ។ និយាយ​យ៉ាង​ដូច្នេះ​មិនមែន​បាន​សេចក្តី​ថា បោះបង់​ចោល​នូវ​កិច្ចការ​ខ្លះ​នោះ​ទេ ។ ក៏​ប៉ុន្តែ​កិច្ចការ​វា​ពិតជា​វា​មាន​អាទិភាព​និង​មាន​លំដាប់លំដោយ​របស់​វា ។សម្តេច​ថ្លែង​ថា ខ្ញុំ​សង្ឃឹមថា បញ្ញវន្ត​របស់​យើង​ដែល​ទទួល​គោរមងារ​ថ្ងៃនេះ ក៏​ដូច​ជា​អ្នក​ទាំងអស់​ដែល​ជា​បញ្ញវន្ត​របស់​ជាតិ និង​ចូលរួម​សិក្សា​ស្រាវជ្រាវ រាប់​ទាំង​បណ្តា​សា​កល​វិទ្យាល័យ​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អាច​នឹង​ចូលរួម​ដើម្បី​ផ្តល់​នូវ​ធាតុ​ចូល សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន​នេះ ។

ហើយ​វា​មិនមែន​គ្រាន់តែ​ជា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ទើបនឹង​កើត​ទេ ក៏​ប៉ុន្តែ​សង្គ្រាម​ដែល​វា​បាន​កើតឡើង​ឆាបឆេះ​នៅ​ក្នុង​តំបន់​ខ្លះ​ទូ​ទាំងពិភពលោក បញ្ហា​ភេរវកម្ម ការ​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ផ្សេង​ៗ​ទៀត​សុទ្ធតែ​ក្លាយជា​ប្រធានបទ​ដែល​​យើង​ត្រូវ​រក​វិធី​ដោះស្រាយ​នៅ​ក្នុង​ក្រប​ខណ្ឌ​ប្រទេស​ខ្លួនឯង​ផង នៅ​ក្នុង​ក្រប​ខណ្ឌ​អនុ​តំបន់​ក៏​ដូច​ជា​សម្រាប់​ពិភពលោក​ផង​ដែរ ។ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច អនុប្រធាន​ប្រចាំការ​ក្រុមប្រឹក្សា​បណ្ឌិត​សភាចា​រ្យនិង​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែង​ថា ពិធី​ប្រកាស​គោរ​មងារ​ជូន​ដល់​ឥស្សរជន និងបញ្ញា​ជន​ជាន់ខ្ពស់​របស់​ជាតិ ទាំង​៨​រូប​នា​ពេល​នេះ គឺ​ពិតជា​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ និង​ជា​ការ​ផ្តល់​នូវ​មហា​កិត្តិយស​ដ៏​ធំធេង​បំផុត សម្រាប់​រាជបណ្ឌិត្យសភាកម្ពុជា ក៏​ដូច​ជា​សម្រាប់​ឥស្សរជន​ជាន់ខ្ពស់​របស់​ជាតិ​ទាំង​៨​រូប នឹង​ត្រូវ​ប្រកាស​ផ្តល់​ទទួល​នូវ​គោរមងារ​វិទ្យាសាស្ត្រ​និង​គោរ​មងារ​កិត្តិយស​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ។

លោក​បណ្ឌិត​សភាចា​រ្យ​បាន​ថ្លែង​បន្ត​ថា គោរមងារ​វិទ្យា​សាស្ត្រ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ មាន​៤​រូប ១-​លោក​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្នទេស​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​គោរមងារ​ជា​«​អគ្គបណ្ឌិត​សភាចា​រ្យ​» ២-​លោក​បណ្ឌិត នេ​ត បា​រ៉ុ​ម បាន​ទទួល​គោរមងារ​ជា ​«​បណ្ឌិត​សភា​ចា​រ្យ​»៣-​លោក​បណ្ឌិត ហ៊ាន សា​ហ៊ី​ប រដ្ឋ​លេខា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​គោរមងារ​ជា​«​បណ្ឌិត​សភាចា​រ្យ​» ៤-​លោក​បណ្ឌិត ណាត ប៊ុ​ន​រឿ​ន រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ទទួល​គោរមងារ​ជា​«​បណ្ឌិត​សភាចា​រ្យ​» ។

គោរមងារ​កិត្តិយស​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មាន​ចំនួន​៤​រូប ១-​លោក​កិត្តិ​សេដ្ឋា បណ្ឌិត គា ត ឈ​ន់ ប្រធាន​កិត្តិយស​ឧត្តម​ក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ​បាន​ទទួល​គោរមងារ​ជា​«​កិត្តិ​បរិរក្ស​បណ្ឌិត​» ២-​លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ទទួល​គោរមងារ​ជា​«​កិត្តិ​សង្គហ​បណ្ឌិត​» ៣-​លោក ប៊ិ​ន ឈិ​ន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ទទួល​គោរមងារ​ជា​«​កិត្តិ​នីតិកោសល​បណ្ឌិត​» ៤-​លោក ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បាន​ទទួល​គោរមងារ​ជា​«​កិត្តិ​សេដ្ឋា​បណ្ឌិត​» ៕​​

អត្ថបទសរសេរ ដោយ