ខេត្តស្ទឹងត្រែង ៖ អ្នករស់នៅទីជនបទតាមបណ្តាខេត្តនៅភាគឦសាន មួយចំនួនបានប្រកបរបររកឃ្មុំព្រៃ ពេលទំនេរពីការងារធ្វើស្រែចំការ។ របរនេះមិនទៀងទាត់ទេ តែពួកគាត់បាននិយាយថា ជារបរមួយទទួលផលអាចជួយសម្រួលជីវភាពបានមួយចំណែក ។
លោកចាន់ រី ជាកសិកររស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ និយាយថា ប្រជាពលរដ្ឋមួយចំនួន ជាពិសេសជនជាតិដើមភាគតិចនៅតែបន្តរបររកឃ្មុំព្រៃ ដើម្បីលក់យកប្រាក់ចំណូលគួបផ្សំក្នុងគ្រួសារ និងថែរក្សាអត្តសញ្ញាណមុខរបរចាស់ស្រុកពីដើមផង ។ របៀបយកឃ្មុំព្រៃនេះ ភាគច្រើនប្រើភ្លើងគុបដើម្បីបន្លាចឱ្យសត្វឃ្មុំហើរចេញពីសំបុក ទើបខ្វារយកសំបុក និងទឹករបស់វា ។ ឃ្មុំមួយអាចបានទឹកពីមួយលីត្រទៅដល់១០លីត្រ ។ ហើយឃ្មុំព្រៃបច្ចុប្បន្នកាន់តែបាត់បង់ទៅៗ ព្រោះអ្នកយកឃ្មុំមួយចំនួនសម្លាប់វាទាំងសំបុក ដូចជាដុតសម្លាប់ ឬប្រើថ្នាំបាញ់មូសបំពុល ។ ការដើររកឃ្មុំពិបាក ព្រោះព្រៃឈើធំៗបាត់បង់ដែលជាសំបុករបស់វា ហើយឃ្មុំខ្លះទៀតរកឃើញហើយយកមិនបានក៏មាន។
លោកស្រីយ៉ន ចាន់ថេត អ្នកទទួលទិញលក់ទឹកឃ្មុំព្រៃថ្មីៗកន្លងមកឱ្យដឹងថា ទឹកឃ្មុំសុទ្ធមានតម្លៃមួយលីត្រ៨ម៉ឺនរៀលងាយស្រួលលក់ ព្រោះភ្ញៀវទេសចរមិនចង់ទិញទឹកឃ្មុំនេះ ខ្លះទៀតចង់ទិញទាំងបង្គងថែមទៀត ។ បច្ចុប្បន្នអ្នកយកឃ្មុំមានភាពលំបាកទើបធ្វើឱ្យអ្នករកឃ្មុំមួយចំនួនចេះតែបំលែងទឹកឃ្មុំឱ្យមានបរិមាណច្រើនដូចជាលាយស្ករជាដើម ហើយការធ្វើបែបនេះវានាំឱ្យខូច និងបាត់បង់គុណភាព ពិបាកលក់ ទោះមានតម្លៃទាបយ៉ាងណាក៏ដោយ ។
លោកស្រី ឡូ អ៊ុ អ្នកទេសចរបានចាត់ទុកថា បច្ចុប្បន្នប្រជាពលរដ្ឋនៅតែត្រូវការទឹកឃ្មុំសុទ្ធធម្មជាតិយកមកបរិភោគ ឬប្រើប្រាស់ជាគ្រឿងផ្សំម្ហូបអាហារ និងធ្វើជាឱសថព្យាបាលជំងឺបានផងដែរ ។ ប្រជាពលរដ្ឋដែលប្រកបរបររកឃ្មុំគួរតែរក្សាពពួកសត្វឃ្មុំឱ្យនៅគង់វង្ស ដូចជាថែរក្សាព្រៃឈើ ហើយពេលយកកុំសម្លាប់វា ដូចជាយកភ្លើងដុត ឬយកថ្នាំមូសទៅបាញ់ ជាដើម ។ អ្នកប្រកបមុខរបររកឃ្មុំភាគច្រើនជាអ្នកនៅតាមភូមិឃុំដាច់ស្រយាល ដូចជានៅខេត្តស្ទឹងត្រែង មាននៅស្រុកសៀមប៉ាង ស្រុកថាឡាបរិវ៉ាត់ ។ ខេត្តក្រចេះមាននៅស្រុកសំបូរ និងស្រុកស្នួល ខេត្តរតនគីរី នៅស្រុកអណ្តូងមាស វើនសៃ និងស្រុកតាវែង ខេត្តមណ្ឌលគិរីនៅស្រុកកោះញែក និងស្រុកកែសីមា ៕

ចែករំលែកព័តមាននេះ