រាជធានីភ្នំពេញ ៖ លោក ឱម យិុនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា អំពើពុករលួយមានច្រើនប្រភេទណាស់ មិនអាចរាប់អស់បានទេ ហើយតម្លៃរបស់វាគឺគិតចាប់ពីសូន្យដុល្លារឡើងទៅរាប់លានដុល្លារក៏មានដែរ ។ ទាំងអ្នកសូក និងអ្នកស៊ីសំណូក គឺសុទ្ធតែមានទោសដូចគ្នា ប៉ុន្តែអ្នកសូកដែលស្ថិតក្នុងប្រភេទជាជនរងគ្រោះនោះ មិនមានទោសឡើយ ។
លោក ឱម យិុនទៀង បន្ថែមថា អ្នកសូកមានពីរប្រភេទគឺ ទីមួយ ប្រភេទជាជនប្រព្រឹត្តបទល្មើស ឬជាជនដែលមានកំហុស ហើយសូកគេដើម្បីឱ្យរួចខ្លួន ឬសមគំនិតដើម្បីជាប្រយោជន៍អ្វីមួយ ។ ឯអ្នកសូកទីពីរ គឺជាជនដែលគ្មានកំហុស ឧទាហរណ៍ អ្នកបើកបរម្នាក់ដែលមានប័ណ្ណបើកបរហើយ បើកមិនខុសស្លាកសញ្ញា មានកញ្ចក់ ពាក់មួកសុវត្ថិភាព យានជំនិះមានភ្លើងស្តុប ភ្លើងស៊ីញ៉ូ ភ្លើងហ្វាកូតត្រឹមត្រូវអស់ហើយ តែនៅតែប៉ូលិសហៅទារលុយ២ម៉ឺនរៀលទៀត អ្នកសូករបៀបនេះ គឺជាជនរងគ្រោះ ហើយគ្មានកំហុសទេ ។
លោក ឱម យិុនទៀង បានថ្លែងបែបនេះនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៧ កុម្ភៈ ខណៈពេលលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ ក្នុងឱកាសនោះ លោកបានពន្យល់អំពីការមានទ្រព្យសម្បត្តិខុសច្បាប់ និងការមានទ្រព្យសម្បត្តិស្របច្បាប់ ការរំលោភអំណាច ហើយលោកសូមឱ្យនិយោជក និងនិយោជិតទាំងអស់ បើមានការអ្វីកុំចាំបាច់ធ្វើបាតុកម្ម កុំប្រើកម្លាំង គឺត្រូវប្រើប្រាជ្ញាវិញ មានន័យថា បើមានអំពើពុករលួយ មិនចាំបាច់ធ្វើបាតុកម្មទេ គឺត្រូវប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយឱ្យធ្វើការបម្រើជូនវិញ ។
លោក សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាមន៍ថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ គឺជាវិស័យដែលមានអាទិភាពមួយក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ចល្អ ។ ទន្ទឹមគ្នានឹងការយកចិត្តទុកដាក់ចំពោះការធ្វើកំណែទម្រង់គ្រប់គ្រង-ដឹកនាំ ក្រសួងក៏បានយកចិត្តទុកដាក់ផងដែរដល់ការពង្រឹងយន្តការត្រួតពិនិត្យ-ការបណ្តុះបណ្តាលធនធានមនុស្ស និងការខិតខំបន្តអនុវត្តផែនការយុទ្ធសាស្ត្រថវិកាបានសមស្រប-ពង្រឹងការរៀបចំថវិកាឱ្យបានគ្រប់ជ្រុងជ្រោយ និងសុក្រឹត ពិសេសការបង្កើតគណនេយ្យភាពហិរញ្ញវត្ថុ ដើម្បីលើកស្ទួយដល់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងអភិបាលកិច្ចល្អ ។
ដោយអនុលោមតាមការណែនាំរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំបង្កើតឱ្យមានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយដែលមានសមាជិកចំនួន១១រូប រួមមានរដ្ឋលេខាធិការ១រូប អនុរដ្ឋលេខាធិការ៣រូប និងមន្ត្រីជំនាញចំនួន៧រូប ។ គិតមកដល់ពេលនេះ មន្ត្រីថ្នាក់ដឹកនាំ និងនិយោជិត របស់ក្រសួងដែលបានតែងតាំងដោយព្រះរាជក្រឹត្យ-អនុក្រឹត្យ និងប្រកាសរបស់សហគ្រាស ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលមានចំនួនទាំងអស់៨៥នាក់ ហើយដែលបានបំពេញទម្រង់បែបបទ និងប្រកាសជូនទៅអង្គភាពប្រឆាំងអំពើពុករលួយរួចហើយ ។
ម៉្យាង ដោយមានការជំរុញពីក្រសួង ក្រុមការងារជនបង្គោលនេះ បានយកចិត្តទុកដាក់រៀបចំសេចក្តីព្រាងពីគោលការណ៍នៃការយកកម្រៃសេវា-អប្បហារកម្រៃជើងសា ឬប្រាក់រង្វាន់ពាក់ព័ន្ធវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ និងបានផ្ញើជូនទៅលោក គង់ វិបុល រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចម្រុះសម្រាប់ពិនិត្យប្រាក់សម្រួលការងារ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ រួចហើយ ។
លោករដ្ឋមន្ត្រីបន្តថា យើងខ្ញុំទាំងអស់គ្នា នៅតែកំណត់បានក្នុងចិត្តជានិច្ចថា រួមជាមួយបណ្តាសមិទ្ធផលដែលខិតខំសម្រេចបានដូចខាងលើនេះ ក៏ពិតជាមាននូវគុណវិបត្តិ និងកំហុសឆ្គងជាអវិជ្ជមាន ដែលពុំអាចជៀសបានឡើយ ទាំងក្នុងការបំពេញភារកិច្ច ការគ្រប់គ្រង ប្រសិទ្ធភាព នៃការឆ្លើយតបឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានផ្សេងៗ ទន្ទឹមនឹងការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងលឿននៃសេដ្ឋកិច្ចសង្គម ស្របពេលដែលសមត្ថភាព និងលទ្ធភាពនៃធនធានមនុស្សនៅមានកម្រិតនៅឡើយ ៕
ចែករំលែកព័តមាននេះ