ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីអាវុធហត្ថ​រងគ្រោះថា៖ គាត់បើក​ទ្វារ​ឡានហក់ចេញ​ពេល​​កំពុងបើក​លឿនដូច​ហោះ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​អនុសេនីយ៍ឯក ញា វិ​សិទ្ធ អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្តបាន​រង​របួសធ្ងន់ នៅ​ក្នុង​ពេល​ចុះ​បំពេញការងារ​តាម​បទបញ្ជា​របស់​គណ​:​បញ្ជាការ​ឯក​ភាព​ខេត្ត ក៏ដូច​ជា​ចុះ​អនុវត្ត​តាម​បទបញ្ជា​របស់​មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត ទាក់ទង​ទៅ​នឹង​ពាក្យ…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​អនុសេនីយ៍ឯក ញា វិ​សិទ្ធ អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្តបាន​រង​របួសធ្ងន់ នៅ​ក្នុង​ពេល​ចុះ​បំពេញការងារ​តាម​បទបញ្ជា​របស់​គណ​:​បញ្ជាការ​ឯក​ភាព​ខេត្ត ក៏ដូច​ជា​ចុះ​អនុវត្ត​តាម​បទបញ្ជា​របស់​មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត ទាក់ទង​ទៅ​នឹង​ពាក្យ
បណ្តឹង​​របស់​ប្រជាពលរដ្ឋ​អំពី​បទល្មើស​ព្រហ្មទណ្ឌ ដែល​កើតឡើង​នៅ​ចំណុច​ពយ​ម៉ា​ចូ​វ​ក្នុងភូមិ​គគីរ ឃុំ​រាម ស្រុក​ព្រៃ​នប់ ។

តាម​ការ​រៀបរាប់​របស់​លោក ញា វិ​សិទ្ធ ដែល​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ថា មាន​ពាក្យបណ្តឹងរបស់​ប្រជាពលរដ្ឋ​ជា​កម្មករ​ចាំចម្ការ​នៅ​ចំណុចខាងលើ​ថា មាន​ករណី​ជម្លោះ​កើតឡើង​រវាងកម្មករ​ចាំចម្ការ ជាមួយ​កម្មករ​ចាំ​ចម្ការ​ឱ្យ​អ្នកស្រី មឿង ស្រី​ទូច ដែល​កន្លង​មក​បាន​អះអាងថា ជា​ក្មួយ​ថ្នាក់ដឹកនាំ​ម្នាក់​នៅ​ភ្នំពេញ​បាន​បញ្ជា
ឱ្យ​​កម្មករ​របស់​ខ្លួន​ដុត​បំផ្លាញ​ម៉ូតូ​កម្មករ​ចាំចម្ការភាគី​ម្ខាង​ទៀត ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​នេះ និង​ទទួល​បាន​បទបញ្ជា​ពី​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​បទបញ្ជា​របស់​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នៅ​វេលា​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា កម្លាំង​​កងរាជអាវុធហត្ថ​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​និង​ទីតាំង​ដី​អ្នកស្រី មឿង ស្រី​ទូច ក្នុង​គោលបំណង​ពិនិត្យ​និង​អញ្ជើញ​អ្នកស្រី និង​បក្សពួក​មក​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី ។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ទៅ​ដល់​ភ្លាម អ្នកស្រី មឿង ស្រី​ទូច បាន​លើក​ទូរស័ព្ទ​ទាក់ទង​ខ្វែងខ្វាត់​ទំនង ជា​ការ​រក​ការ​ជួយ​អន្តរាគមន៍ ពេល​នោះ​លោក​បាន​អញ្ជើញ​អ្នកស្រី និង​បក្ស​ពួក​ដែល​គេ​អះអាង​ថា ជា​អង្គរក្ស ឱ្យមក​កាន់​បញ្ជាការដ្ឋាន​ដើម្បី​សួរនាំ ហើយ​អ្នកស្រី​សុខចិត្ត​មក​ដោយ​ជិះ​រថយន្ត​ឡិចស៊ី​ស​៥៧០ ហើយ​លោក​ក៏​ឡើង​ជិះ​រថយន្ត​ជាមួយ​ដែរ ។ បន្ទាប់​ពី​លោក​ឡើង​ជិះ​ក្នុង​រថយន្ត​ហើយ​អ្នកស្រី មឿង ស្រី​ទូច ឡើង​ទៅ​កាន់ចង្កូត​បើក​ចេញ​មក និង​បាន​ប្តូរ​ឱ្យ​អង្គរក្ស​ដែល​បើករថយន្តមក​អង្គុយ​ជិត​លោក​វិញ ។

តាម​ការ​ចោទប្រកាន់​របស់​លោក​អនុ​សេនីយ៍ឯក​ថា ទិដ្ឋភាព​នេះ​ហាក់បីដូចជា​មាន​គម្រោង​ក្នុង​ការ​ធ្វើ​សកម្ម​​ភាព​អ្វីមួយ ។ ប៉ុន្តែ​លោក ញា វិ​សិទ្ធ យល់​ឃើញ​ថា​ កម្លាំង​សមត្ថកិច្ច​របស់​លោកមាននៅ​ក្នុង​រថយន្ត​សុ​ី​រ៉ែ​ន ដែល​បើក​តាម​ពីក្រោយ ទំនងជា​មិន​មានរឿង​អ្វី​កើតឡើង​បាន​ទេ ។ ប៉ុន្តែ​មិន​ដូច​ការ​គិត​ទុកជា​មុន​របស់​លោក​ឡើយ គ្រាន់តែ​ឡើង​ទៅ​អង្គុយ​នៅ​ក្នុង​រថយន្ត​ភ្លាម អ្នកស្រី មឿង ស្រី​ទូច និង​អង្គរក្ស​បាន​បញ្ជា​ឱ្យ​លោក​បិទ​ទូរស័ព្ទ មិន​ឱ្យធ្វើ​ការ​ទាក់ទង មិន​ខុស​ពី​ក្លាយ​ខ្លួន​ពី​សមត្ថកិច្ច​មក​ជា​ចំណាប់ខ្មាំង​វិញ​នោះ​ទេ ។ ពួក​គេ​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​សំដៅ​មក​ភ្នំពេញ ធ្វើ​ឱ្យ​រថយន្ត​របស់​កម្លាំង​សមត្ថកិច្ច​របស់​លោក​តាម​មិន​ទាន់​។

ឃើញ​ទិដ្ឋភាព​មិន​ស្រួល លោក​ក៏​សម្រេចចិត្តបើកទ្វារ​រថយន្ត រួច​លោត​ចុះ​ទាំង​បង្ខំ​ទៅ​ខាងឆ្វេង​ដៃបណ្តាល​​​ឱ្យ​រង​របួស​ដាច់​រយះ​ស្លឹក​ត្រចៀក​ខាងស្តាំ ស្ទើរតែ​ដាច់​ទាំងស្រុង និង​មាន​ស្នាម​ជាំ​ឈឺ​ចុកចាប់​ពេញ​ខ្លួន​ប្រាណ ។ បន្ទាប់​មក រថយន្ត​កម្លាំង​សមត្ថកិច្ច​ដែល​បើក​ដេញ​តាម​ពីក្រោយ បាន​ដឹក​រូប​លោក​មក​កាន់​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ ដើម្បី​សង្គ្រោះ ។ ដោយឡែក អ្នកស្រី មឿង ស្រី​ទូច និង​អង្គរក្ស​នៅ​ក្នុង​រថយន្ត​ចំនួន​២​នាក់​ទៀត បាន​បើករថយន្ត​គេចខ្លួន​បាត់​ទៅ ។

ក្រោយ​ហេតុការណ៍​កើតឡើង ក៏​មាន​វត្តមាន​លោក យន្ត មីន អភិបាលខេត្ត​ចុះ​សួរសុខទុក្ខ និង​ពិនិត្យ​មុខរបួស​ដល់​គ្លីនិក​ផង​ដែរ ដែល​ជា​ការ​យកចិត្តទុកដាក់​ខ្ពស់​ និង​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ។

តាម​ការ​លើក​ឡើង​របស់​អ្នក​ច្បាប់​ថា សកម្មភាព​របស់​អ្នកស្រី មឿង ស្រី​ទូច និង​បក្សពួក​ជា​អង្គរក្ស គឺជា​សកម្មភាព​ប៉ុនប៉ង​ធ្វើឃាត​គិត​ទុកជា​មុន​មក​លើ​មន្ត្រី​កងរាជអាវុធហត្ថ ។ លោក​អនុសេនីយ៍ឯក ញា វិ​សិទ្ធ បានឱ្យ​ដឹង​ថា ជុំវិញ ហេតុការណ៍​ខាងលើ ថ្នាក់ដឹកនាំ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​ហើយ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ។

ទាក់ទង​នឹង​ព័ត៌មាន​ចោទ​ប្រកាន់​​ខាងលើ​នេះ មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​អ្នកស្រី មឿង ស្រី​ទូច បាន​ទេ ៕ ​

អត្ថបទសរសេរ ដោយ