ខេត្តកំពត ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ត្រង់ចំណុចខាងលិចស្ពានស្ងាវ ចម្ងាយប្រហែលជា៣៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ កាលពីវេលាម៉ោង១០និង៥៣នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ដែលបង្កឡើងដោយរថយន្តពីរគ្រឿងបុកគ្នាក្នុងទិសដៅបញ្ជ្រាសទិសគ្នា ។

ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងហេតុការខាងលើពេលកើតហេតុភ្លាមៗនោះមិនមានសមត្ថកិច្ចនៅកន្លែងកើតហេតុនោះទេ លុះពេលកើតហេតុមួយសន្ទុះមានកម្លាំងនគរបាលប៉ុស្តិ៍ទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យហេតុការណ៍ និងជួយអន្តរាគមន៍ដល់រថយន្តរងគ្រោះទាំងពីរគ្រឿង ។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចដែលទៅជួយអន្តរាគមន៍នៅកន្លែងកើតហេតុសួរនាំ អ្នកបើកបរទាំងសងខាង ទើបដឹងថារថយន្តទាំងពីរគ្រឿងបើកបរក្នុងទិសដៅបញ្ជ្រាសគ្នា ដោយរថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខកោះកុង2A- 0844 បើកបរដោយឈ្មោះ រី ប៊ុនថង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេរៈភូមិន្ទ ខេត្តកោះកុង (រងរបួសស្រាល) បើកបរក្នុងទិសដៅពីកើតទៅលិច ។
ចំណែករថយន្តម៉ាកកូរ៉ូឡា ពាក់ស្លាកលេខភ្នំពេញ២A- ៨៣៦០ បើកបរដោយឈ្មោះ ប៊ុន រត្ន័ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅទីក្រុងភ្នំពេញបាន(រងរបួសធ្ងន់) ទាំងអ្នកបើកបរ និងរថយន្តខូចខាតធ្ងន់ ហើយត្រូវបានសមត្ថកិច្ចជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តផងដែរ ។
សមត្ថកិច្ចដដែលបានបន្តថា ចំពោះយានយន្តទាំងពីរគ្រឿងដែលជួបហេតុការណ៍ខាងលើ សមត្ថកិច្ចបាននាំមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជាបណ្តោះអាសន្នរង់ចាំម្ចាស់រថយន្តទាំងសងខាងចូលមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ