ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​ទោច​ក្រយានយន្ដ​កើនឡើង ស្រប​ពេល​ចំណូលពលរដ្ឋ​កាន់តែ​ប្រសើរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​កន្លង​មកនេះ តម្រូវការ​ចក្រយានយន្ត​នៅ​ប្រទេស​កម្ពុជា បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ចរាចរណ៍​លើ​ដងផ្លូវ ការ​កកស្ទះ​ស្ទើរតែ​រាល់ថ្ងៃ និង​ស្ទើរ​គ្រប់ពេលវេលា ។ បើ​តាម​តួលេខ​របស់​ក្រុមហ៊ុន​ដំឡើង​ម៉ូតូ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​កន្លង​មកនេះ តម្រូវការ​ចក្រយានយន្ត​នៅ​ប្រទេស​កម្ពុជា បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ចរាចរណ៍​លើ​ដងផ្លូវ ការ​កកស្ទះ​ស្ទើរតែ​រាល់ថ្ងៃ និង​ស្ទើរ​គ្រប់ពេលវេលា ។

បើ​តាម​តួលេខ​របស់​ក្រុមហ៊ុន​ដំឡើង​ម៉ូតូ​នៅ​កម្ពុជា ម៉ាក​ហុងដា បាន​បង្ហាញ​ថា ក្រុមហ៊ុន​នេះ​បាន​ពង្រីក​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន​ជា​បន្តបន្ទាប់ ចាប់តាំងពី​បាន​ដំណើរការ​ដំឡើង​​ម៉ូតូ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ក្នុង​របាយការណ៍​នោះ​បាន​បង្ហាញ​ថា ៖«​នៅ​ក្នុង​ឆ្នាំ​១៩៩៩ រោងចក្រ​មួយ​នេះ​បាន​ដំឡើង​ម៉ូតូ​ត្រឹមតែ​៥០​គ្រឿង​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ហើយ​បាន​ពង្រីក​ជា​បន្តបន្ទាប់​រហូត​ដល់​បច្ចុប្បន្ន​នេះ អាច​មាន​សមត្ថភាព​ដំឡើង​បាន​រហូត​ដល់​១.២០០​គ្រឿងក្នុង​១​ថ្ងៃ ឬ​ប្រមាណ​ជិត​៣០​ម៉ឺន​គ្រឿងក្នុង​១​ឆ្នាំ » ។

ដោយឡែក តំណាង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​យ៉ា​ម៉ា​ហា ដែល​សូម​លើក​ឡើង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​ទៅ​នេះ ទីផ្សារ​ម៉ូតូ​យ៉ា​ម៉ា​ហា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​កំណើន១០០% ស្ទើរតែ​រៀង​រាល់​ឆ្នាំ ហើយ​សម្រាប់​ឆ្នាំ​២០១៨​នេះ ទើបតែ​ពាក់កណ្ដាល​ឆ្នាំ អាច​លក់​ចេញ​បាន​រហូត​ដល់​ស្មើនឹង​បរិមាណ​ឆ្នាំ​២០១៧​កន្លង​ទៅ​បាត់​ទៅ​ហើយ ដូចនេះ លោក​មើលឃើញ​ថា វា​មាន​តម្រូវការ​ខ្ពស់​ពី​ប្រជាពលរដ្ឋ​កម្ពុជា ។

តំណាង​ផ្នែក​លក់​រូប​នេះ​បាន​និយាយ​ថា​៖ «​មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ម៉ូតូ​នៅ​កម្ពុជា​មាន​កំណើន ក្នុង​នោះ​កត្តា​កំណើនសេដ្ឋកិច្ច និង​ប្រាក់​ចំណូល​ពលរដ្ឋ គឺជា​កត្តា​សំខាន់ ។ ជាក់ស្ដែង ក្នុង​មួយ​គ្រួសារ​ៗ​មាន​ម៉ូតូ​អាច​លើស​ពី​១​គ្រឿង ។ ម្យ៉ាងវិញទៀត បើ​និយាយ​ពី​ម៉ូតូ កាលពី​ជំនាន់​មុន គេ​ឃើញ​ថា ភាគច្រើន​មាន​តែ​មនុស្ស​ចាស់​ជា​អ្នក​ប្រើប្រាស់ ហើយ​ក្មេង​ៗ​ភាគច្រើន​ប្រើ​កង់​ជា​យានជំនិះ តែ​បច្ចុប្បន្ន​វិញ ក្មេង​ៗ​ដែល​ទើប​ចូល​រៀន​ត្រឹម​អនុ​វិទ្យាល័យ ក៏​ជិះ​ម៉ូតូ​ដែរ ដូចនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​តម្រូវការ​ម៉ូតូ​ក្នុង​ប្រទេស​កាន់តែ​កើនឡើង​ខ្ពស់ » ។

លោក​បញ្ជាក់​ថា តម្រូវការ​ម៉ូតូ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​១​ឆ្នាំ​ៗ សរុប​មាន​ប្រមាណ​៣៥​ម៉ឺន​គ្រឿង ក្នុង​នោះ​ការ​ផ្គត់ផ្គង់​មាន​ទាំង​ការ​នាំ​ចូល និង​ដំឡើង​នៅ​ក្នុងស្រុក ។

សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​ក្នុង​រង្វង់​៧%​អស់​រយៈពេល​ជាង​២​ទសវត្សរ៍​មក​ហើយ និង​ឆ្លង​ផុត​ពី​ប្រទេស​ក្រីក្រ​តោកយ៉ាក ថែម​ទាំង​ត្រូវ​បាន​ធនាគារអភិវឌ្ឍន៍អាស៊ី​ចាត់​ទុក​ថា​ជា «​ខ្លា​សេដ្ឋកិច្ច​ថ្មី​» នៅ​អាស៊ី​ទៀតផង ។

យោង​តាម​របាយការណ៍​ស្ដី​ពី​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា បាន​បង្ហាញ​ថា ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​មនុស្ស​ម្នាក់​បាន​កើន​ពី​១.០៤២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៣ ដល់​ប្រមាណ​១.៤២៧​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៧ និង​១.៥៦៣​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៨នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ