រាជធានីភ្នំពេញ ៖ ភ្លៀងមួយមេធំលាយឡំនឹងខ្យល់កន្ទ្រាក់បណ្តាលឱ្យដើមលឿងរាជធំមួយដើម បាក់មែកកាត់ទទឹងផ្លូវ តែមិនបង្កឱ្យអ្នកណាម្នាក់រងរបួស ឬខូចខាតទ្រព្យសម្បត្តិអ្វីនោះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ ខែឧសភា នៅមុខសាលាបើកបររថយន្ត២៣ តុលា តាមមហាវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
ប្រភពពីប្រជាពលរដ្ឋដែលធ្វើដំណើរកាត់តាមផ្លូវនោះបានប្រាប់ឱ្យដឹងថា ខណៈពេលមេឃកំពុងតែភ្លៀង និងមានខ្យល់ ស្រាប់តែដើមលឿងរាជមួយដើមបានបាក់មែកធំមួយធ្លាក់មកកាត់ទទឹងផ្លូវ បាំងជិតផ្លូវតែម្តង តែមិនបណ្តាលឱ្យប្រជាពលរដ្ឋណាម្នាក់ដែលធ្វើដំណើរកាត់ផ្លូវនោះរងរបួស ឬខូចខាតទ្រព្យសម្បត្តិអ្វីនោះទេ គឺគ្រាន់តែបង្កការកកស្ទះចរាចរណ៍តែមួយសន្ទុះធំប៉ុណ្ណោះ។ ភ្លាមៗនោះ គេឃើញមានវត្តមានរបស់
គណៈបញ្ជារការឯកភាពខណ្ឌចំការមន ប្រដាប់ដោយរណាយន្តចុះទៅអារកាត់មែកឈើរលំនោះ អូសចេញពីផ្លូវភ្លាមៗផងដែរ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ធម្មតាឡើងវិញ ៕
ចែករំលែកព័តមាននេះ