ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ផលិតផល​វាយនភ័ណ្ឌ​កម្ពុជា​កំពុង​ងាក​ទៅ​អា​មេ​រិ​ក​ច្រើន​ជាង​អឺរ៉ុប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​បញ្ជាក់​ពី​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា (GMAC) ជា​តំណាង​ឲ្យ​អ្នក​ផលិត​ផលិតផល​វាយនភ័ណ្ឌ​កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ទីផ្សារ​ផលិតផល​វាយនភ័ណ្ឌ​កម្ពុជា ហាក់​បាន​ងាក​ទៅ​សហរដ្ឋអាមេរិក​ច្រើន​ជាង​ទ្វីបអឺរ៉ុប…

រាជធានី​ភ្នំពេញ ៖ តាម​ការ​បញ្ជាក់​ពី​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា (GMAC) ជា​តំណាង​ឲ្យ​អ្នក​ផលិត​ផលិតផល​វាយនភ័ណ្ឌ​កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ទីផ្សារ​ផលិតផល​វាយនភ័ណ្ឌ​កម្ពុជា ហាក់​បាន​ងាក​ទៅ​សហរដ្ឋអាមេរិក​ច្រើន​ជាង​ទ្វីបអឺរ៉ុប ដែល​កាលពីមុន កម្ពុជា​ត្រូវ​ពឹងផ្អែក​លើ​ទីផ្សារ​អឺរ៉ុប​ច្រើន​ជាង​សហរដ្ឋអាមេរិក ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ឲ្យ​ដឹង​ថា វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ​២០១៨​នេះ​ឃើញ​ថា នៅ​តែ​មាន​ស្ថាន​ភាពល្អ និង​មាន​កំណើន​ដដែល តែ​មិន​ច្រើន​ប៉ុន្មាន​ទេ ។ លោក​ថា ៖« បើ​ធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​មក វិស័យ​កាត់ដេរ​របស់​យើង​មាន​កំណើន​តិចតួច ហើយ​កំណើន​នេះ យើង​បាន​មើលឃើញ​ថា ទីផ្សារ​សហរដ្ឋអាមេរិក​មាន​កំណើន​ច្រើន​ជាង​ទីផ្សារ​សហគមន៍​អឺរ៉ុប ដែល​ខុស​ពី​ឆ្នាំ​មុន​ៗ » ។

លោក​បន្ត​ថា តាម​ការ​ប៉ាន់ស្មាន​ជំហាន​ដំបូង​អាច​និយាយ​ថា ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ល្អ​ប្រសើរ ទើប​បានជា​គេ​បញ្ជា​ទិញ​ផលិតផល​វាយនភ័ណ្ឌ​របស់​យើង​កាន់តែ​ច្រើន ដែល​ខុស​ពី​ឆ្នាំ​មុន​ៗ ទីផ្សារ​អា​មេ​រិ​ក​ចាញ់​ទីផ្សារ​អឺរ៉ុប ។ ម្យ៉ាងទៀត តាម​ដែល​បានដឹង រដ្ឋាភិបាល​អា​មេ​រិ​ក​ក៏​គ្រោង​បញ្ចេញ​លុយ​បន្ថែម​ទៀត ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ការ​ចំណាយ​របស់​អា​មេ​រិ​កបាន​កើនឡើង ។ ម្យ៉ាងទៀត អ្នកមាន​វណ្ណៈ​កណ្ដាល​នៅ​អា​មេ​រិ​ក​ក៏​មាន​កំណើន​ច្រើន ។ ដូចនេះ ពួក​គេ​មាន​តម្រូវការ​ខ្ពស់​ទៅ​លើ​ផលិតផល​សម្លៀក​បំពាក់​និង​ស្បែកជើង ទើប​ធ្វើ​ឲ្យ​ការ​បញ្ជា​ទិញ​របស់​អា​មេ​រិ​កម​កលើ​កម្ពុជា​មាន​កំណើន​ខ្ពស់ ។

លោក កាំ​ង ម៉ូ​នី​កា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៨​នេះ រោងចក្រ​ដែល​បាន​បើក និង​ចូល​ជា​សមាជិក​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​មាន​ចំនួន​១៥ ក៏​ប៉ុន្តែ​រោងចក្រ​ដែល​បាន​បិទ​វិញ ក៏​មាន​ចំនួន​៦​រោងចក្រ​ដែរ ។
លោក​បញ្ជាក់​ថា បើ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា ស្ថាប័ន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចេញ​អាជ្ញាប័ណ្ណ​ទៅ​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដើម្បី​វិនិយោគ​រោងចក្រ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចនេះ លោក​គិត​ថា វិស័យ​រោងចក្រ​កាត់ដេរ​នឹង​នៅ​តែ​ល្អ​ប្រសើរ​ដដែល ។

នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​ប្រាក់​ឈ្នួល​គោល​ថ្មី​សម្រាប់​កម្មករ -​កម្មការិនី ក្នុង​នោះ​ប្រាក់ខែ​គោល​បាន​កើនឡើង​ពី​១៥៣​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ដល់​១៧០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​នៅ​ឆ្នាំ​២០១៨​នេះ ។

កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ លោក ផានិត បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​ថ្មី​នេះ ប្រាក់ខែ​គោល​បាន​ឡើង​ដល់​១៧០​ដុល្លារ​ពិតមែន ក៏​ប៉ុន្តែ​បើ​ធៀប​នឹង​ប្រាក់​ចំណូល​សរុប​ប្រចាំខែ មិន​កើនឡើង​ទេ គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៧​ដែរ ។ លោក​ថា ៖« កាលពី​ប្រាក់ខែ​នៅ​តិច មានការ​ងារ​ថែម​ម៉ោង​ច្រើន អីចឹង​ហើយ​ទើប​ប្រាក់​ចំណូល​ពី​ការងារ​ថែម​ម៉ោង​បាន​ច្រើន ។ ម្យ៉ាងទៀត នៅ​ពេល​ប្រាក់ខែ​ឡើង​ភ្លាម តម្លៃប្រើប្រាស់​ផ្សេង​ៗ​ក៏​បាន​កើនឡើង​ដែរ ដូច​ជា ថ្លៃ​ឈ្នួល​ផ្ទះ និង​តម្លៃ​អីវ៉ាន់​ផ្សេង​ទៀត ជាដើម » ។

ពាក់ព័ន្ធ​នឹង​ប្រាក់ខែ​គោល​ក្នុង​វិស័យ​កាត់ដេរ​នេះ​ដែរ លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ឡើង​ប្រាក់ខែ​ទៅ​កម្មករ គឺ​មិន​បាន​ដល់​កម្មករ​១០០%​ទេ ។ ជាក់ស្ដែង នៅ​ពេល​ឡើង​ប្រាក់ខែ​ហើយ គឺ​រាល់​សេវាកម្ម​ប្រើប្រាស់​របស់​កម្មករ ក៏​ឡើងថ្លៃ​ដែរ ។ ដូចនេះ ទោះ​ឡើង​យ៉ាងណា ក៏​មិន​បាន​ប្រយោជន៍​ផ្ទាល់​ដល់​កម្មករ​ដែរ ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​បាន​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ ប្រាក់ខែ​ឈ្នួល​កម្មករ​-​កម្មការិនី​កម្ពុជា គឺជា​ការ​ប្រកួតប្រជែង​មួយ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ក្នុង​វិស័យ​កាត់ដេរ ដូច​ជា ប្រទេស​វៀតណាម និង​បង់​ក្លា​ដែ​ស ជាដើម ។ លោក​ថា ៖« ដើម្បី​ឲ្យ​វិស័យ​នេះ​កាន់តែ​មាន​ស្ថិរភាព​ប្រសើរ​ឡើង យើង​ត្រូវ​កែ​ច្នៃ​ទៅ​រក​ការ​ផលិត​ណា​មាន​តម្លៃបន្ថែម​ខ្ពស់ សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ដែល​បញ្ជា​ទិញ ហើយ​បច្ចុប្បន្ន​នេះ ក៏​មាន​រោងចក្រ​មួយ​ចំនួន​កំពុង​ងាក​ទៅ​រក​ការ​ផលិត​សម្ភារ​មាន​តម្លៃ​ខ្ពស់​ជា​បណ្ដើរ​ៗ​ហើយ​ដែរ » ។

យោង​តាម​របាយការណ៍​ស្ដី​ពី​ការ​បូក​សរុប​ការងារ​គយ និង​រដ្ឋាករ ប្រចាំ​ខែមេសា ឆ្នាំ​២០១៨​នេះ បង្ហាញ​ថា ការ​នាំ​ចេញ​សរុប​មាន​ទឹកប្រាក់​ចំនួន​៤៨៦.៩៤៥.៤៨៦,៣៣​ដុល្លារ​អា​មេ​រិ​ក ។ ចំណែក​រោងចក្រ​សហគ្រាស​ដែល​បាន​មក​បំពេញបែបបទ​គយ​នៅ​សាខា​គយ និង​រដ្ឋាករ​នាំ​ចេញ​ក្នុង​ខែមេសា ឆ្នាំ​២០១៨​នេះ មាន​ចំនួន​៥០២ ក្នុង​នោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ចំនួន​៣៧៩ និង​រោងចក្រ​ផលិត​ស្បែកជើង ចំនួន​៥៦ ។ ក្រៅពី​នេះ​មាន​ដូច​ជា រោងចក្រ​ផលិត​តុក្កតា រោងចក្រ​ផលិត​ខ្សែភ្លើង រោងចក្រ​ផលិត​ឆ័​ត្រ និង​រោងចក្រ​ផ្សេង​ៗ​ទៀត ។

ក្នុង​ខែមេសា​កន្លង​មកនេះ​ដែរ កុងតឺន័រ​ផ្ទុកទំនិញ​នាំ​ចេញ​មាន​ចំនួន​៦.១៤៩ ក្នុង​នោះ ការ​នាំ​ចេញ​សម្លៀក​បំពាក់​និង​ផលិតផល​កាត់ដេរ​សម្រេច​ៗ​ទៀត​មាន​ចំនួន​៤.៥៤៤​កុងតឺន័រ និង​ស្បែកជើង មាន​ចំនួន​៩២៩​កុងតឺន័រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ