ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្ដល់​ឥណទាន​ចាប់ផ្ដើម​ងាក​ទៅ​រក​កម្ចី​ខ្នាត​មធ្យម​ឡើង​ទៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ផ្ដល់​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ភាគច្រើន​គឺ​ផ្តោត​សំខាន់​ទៅ​លើ​ឥណទាន​ជា​លក្ខណៈ​ខ្នាត​តូច​ៗ និង​មាន​ទំហំ​តិច ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការ​ផ្ដល់​សេវា​ក្នុង​វិស័យ​នេះ​បាន​ងាក​ទៅ​រក​អតិថិជន​ថ្នាក់​កណ្ដាល​វិញ ពិសេស សហគ្រិន​ខ្នាត​តូច និង​មធ្យម…

រាជធានី​ភ្នំពេញ ៖ ការ​ផ្ដល់​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ភាគច្រើន​គឺ​ផ្តោត​សំខាន់​ទៅ​លើ​ឥណទាន​ជា​លក្ខណៈ​ខ្នាត​តូច​ៗ និង​មាន​ទំហំ​តិច ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការ​ផ្ដល់​សេវា​ក្នុង​វិស័យ​នេះ​បាន​ងាក​ទៅ​រក​អតិថិជន​ថ្នាក់​កណ្ដាល​វិញ ពិសេស សហគ្រិន​ខ្នាត​តូច និង​មធ្យម និង​អ្នក​បង្កើត​អាជីវកម្ម​ថ្មី​ៗ ឬ​ឥណទាន​ទិញ​លំនៅ​ឋាន ជាដើម ដែល​ធ្វើ​ឲ្យ​ចំនួន​អតិថិជន​ធ្លាក់​ចុះ​បន្ដិច តែ​ទំហំ​ឥណទាន​បាន​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ។

លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ជា​ការ​ពិត​ណាស់ បច្ចុប្បន្ន​នេះ ការ​ផ្ដល់​ឥណទាន​ទៅ​អតិថិជន​ដែល​មាន​លក្ខណៈ​តូច​ៗ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ តែ​ឃើញ​ថា ការ​ផ្ដល់​ឥណទាន​ដែល​មាន​ទំហំ​ធំ​បាន​កើនឡើង​ខ្ពស់​ទៅ​វិញ ។ លោក​ថា ៖« សកម្មភាព​បែប​នេះ ក៏​វា​អាច​បណ្ដាល​មក​ពី​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស ហើយ​អតិថិជន​ដែល​ខ្ចីប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ ជា​អតិថិជន​មានមុខ​របរ​ធំ​ជាង​មុន​ដែរ ដែល​ខុស​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន គឺ​អតិថិជន​ភាគច្រើន​ជា​កសិករ និង​អ្នកមាន​ចំណូល​ទាប ។ អីចឹង​ហើយ​ពួក​គាត់​ក៏​មិន​ហ៊ាន​ខ្ចីប្រាក់​ច្រើន​ប៉ុន្មាន​ដែរ » ។

លោក​បន្ត​ថា ការ​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ឲ្យ​អតិថិជន​ក្នុង​វិស័យ​កសិកម្ម ក៏​នៅ​តែ​មាន​ដែរ ហើយ​គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​មិន​ចោល​អតិថិជន​ក្នុង​វិស័យ​នេះ​ទេ ក៏​ប៉ុន្តែ​ដូចដែល​បានឃើញ​ស្រាប់​ហើយ​នៅ​ក្នុង​វិស័យ​កសិកម្ម​នេះ​មានការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ។ ជាក់ស្ដែង កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ​ឃើញ​ថា កម្ចី​សម្រាប់​អាជីវកម្ម​បាន​កើនឡើង​ខ្ពស់​ទៅ​វិញ ។

លោក គា បូរាណ បាន​បញ្ជាក់​ដោយ​យោង​តាម​របាយការណ៍​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ថា ចំនួន​អ្នក​ខ្ចីប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ បាន​ធ្លាក់​ចុះ​ច្រើន​ចាប់តាំងពី​ចុងឆ្នាំ​២០១៧ និង​បន្ត​រហូត​ដល់​ដើមឆ្នាំ​២០១៨​នេះ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ សាច់ប្រាក់​ដែល​បាន​ផ្ដល់​ទៅ​អតិថិជន គឺ​បាន​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ រហូត​ដល់​គ្រឹះស្ថាន​នីមួយ​ៗ​ដាក់​ចេញ​នូវ​គោលនយោបាយ​គ្រប់គ្រង​បំណុល​របស់​ខ្លួន​ទៀត​ផង ។

លោក​ថ‍ា ៖« ការ​កើនឡើង​នៃ​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ​ដែរ ដូច​អ្វី​ដែល​បាន​លើក​ឡើង​អីចឹង គឺ​អតិថិជន​បាន​ប្រើប្រាស់​ទំហំ​ឥណទាន​ធំ​ៗ​ជាង​មុន ដូច​ជា ឥណទាន​សម្រាប់​ទិញ​ផ្ទះ និង​ឥណទាន​សម្រាប់​សហគ្រាស​ខ្នាត​តូច និង​មធ្យម ជាដើម ។ ដោយឡែក ការ​ធ្លាក់​ចុះ​ចំនួន​អតិថិជន​ប្រើប្រាស់​ឥណទាន​នេះ​ដែរ ខ្ញុំ​យល់​ឃើញ​ថា អាច​បណ្ដាល​មក​ពី​គោលនយោបាយ​ពិ​ដាន​ការ​ប្រាក់​របស់​រដ្ឋាភិបាល ដែល​កំណត់​ត្រឹម​ខ្ពស់​បំផុត​១៨% ដែល​ធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​បង្ខំចិត្ត​ឈប់​ផ្ដល់​ឥណទាន​ខ្នាត​តូច​ៗ​ទៅ​អតិថិជន ហើយ​ងាក​ទៅ​រក​អតិថិជន​ដែល​ប្រើប្រាស់​ឥណទាន​ខ្នាត​ធំ​ៗ​វិញ » ។

លោកស្រី សូ ផ​ន​ណា​រី អនុប្រធាន​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា កាលពីមុន ធនាគារ​ក៏​បាន​ផ្ដល់​កម្ចី​ឥណទាន​ជា​លក្ខណៈ​តូច​ៗ​ដែរ ក៏​ប៉ុន្តែ​សព្វ​ថ្ងៃនេះ ការ​ផ្ដល់​កម្ចី​ងាក​ទៅ​រក​ទំហំ​ធំ​ៗ​វិញ ហើយ វា​ក៏​គ្មាន​អ្វី​ប្លែក​ទេ ដែល​ពី​មុន​អតិថិជន​ខ្ចី​តូច ពីព្រោះ​អាជីវកម្ម​គាត់​តូច ហើយ​នៅ​ពេល​អាជីវកម្ម​គាត់​កាន់តែ​ធំ ពួក​គាត់​នឹង​រក​កម្ចី​ធំ​សម្រាប់​ពង្រីក​ឲ្យ​ធំ​បន្ថែម​ទៀត ។

លោកស្រី​និយាយ​ថា ៖« ការ​ផ្លាស់​ប្តូរ​ពី​ការ​ប្រើប្រាស់​ឥណទាន​ពី​ទំហំ​តូច​មក​ទំហំ​ធំ​នេះ​ដែរ ក៏​ជា​ការ​បញ្ជាក់​ពី​កំណើនសេដ្ឋកិច្ច និង​ការ​រីក​លូតលាស់​អាជីវកម្ម​របស់​អតិថិជន​យើង​ដែរ ហើយ​វា​ក៏​ជា​អ្វី​ដែល​យើង​ចង់បាន​ផង​ដែរ » ។

លោកស្រី​បន្ត​ថា ចំពោះ​ទំហំ​ឥណទាន និង​ចំនួន​អ្នក​ប្រើប្រាស់​ឥណទាន គឺ​បាន​កើនឡើង​ស្រប​ជាមួយ​គ្នា ហើយ​ប្រាក់​បញ្ញើ​ក៏​បាន​កើនឡើង​ដែរ បើ​ទោះបីជា​ជិត​ដល់​រដូវ​កាល​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក៏​ដោយ ក្នុង​នោះ​អតិថិជន​បាន​យក​ប្រាក់​មក​ដាក់​កាន់តែ​ច្រើន ហើយ​បើ​តាម​របាយការណ៍​ឃើញ​ថា ក្នុង​១​ខែ​បាន​កើនឡើង​ប្រមាណ​២% ។

ទោះ​យ៉ាងនេះ​ក្ដី ដោយសារ​តែ​បំណុល ឬ​ឥណទាន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ បាន​កើនឡើង​ខ្ពស់ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ចេញ​នូវ​គោលការណ៍​មួយ​សម្រាប់​ណែនាំ​សមាជិក​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ផ្ដល់​ឥណទាន​ទៅ​អតិថិជន​របស់​ខ្លួន ហើយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក៏​បាន​ត្រៀម និង​តាមដាន​ជា​ប្រចាំ​ទៅ​លើ​ឥណទាន​ដែល​ផ្ដល់​ទៅ​ឲ្យ​អតិថិជន ព្រមទាំង​មានការ​សួរនាំ​ច្បាស់លាស់​ជាង​មុន មុន​ពេល​ផ្ដល់​ឥណទាន​ទៅ​អតិថិជន​របស់​ខ្លួន ។

យោង​តាម​របាយការណ៍​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​នេះ ការ​ផ្តល់​ឥណទាន​មាន​ទឹកប្រាក់​ប្រមាណ​៤,៦​ប៊ី​លាន​ដុល្លារ ពោល​គឺ​កើនឡើង​ប្រមាណ​៧,៦% និង​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​នៅ​តាម​គ្រឹះស្ថាន មាន​ប្រមាណ​២,១២​ប៊ី​លាន​ដុល្លារ កើនឡើង​៦,៣% បើ​ធៀប​នឹង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ