ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ស្វែងរក និង​អភិវឌ្ឍ «​ទេព​កោសល្យ​»​ ពី​កំណើត​កូន​របស់​អ្នក

5 ឆ្នាំ មុន

មិន​ថា ​កូន​របស់​អ្នក​ស្រឡាញ់ ឬ​ស្អប់​សកម្មភាព​ដែល​អ្នក​ចង់​ឲ្យ​គាត់​ធ្វើ វា​មិនមែន​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​រូប​អ្នក​ទេ ។ ការណ៍​ពិត វា​មិនមែន​ទាក់ទង​នឹង​អ្នក​ឡើយ ។ ជា​សំណាងល្អ អ្នក​មិន​ត្រូវការ​ការ​ធ្វើតេស្ត…

មិន​ថា ​កូន​របស់​អ្នក​ស្រឡាញ់ ឬ​ស្អប់​សកម្មភាព​ដែល​អ្នក​ចង់​ឲ្យ​គាត់​ធ្វើ វា​មិនមែន​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​រូប​អ្នក​ទេ ។ ការណ៍​ពិត វា​មិនមែន​ទាក់ទង​នឹង​អ្នក​ឡើយ ។

ជា​សំណាងល្អ អ្នក​មិន​ត្រូវការ​ការ​ធ្វើតេស្ត ថ្លៃ​ៗ ដើម្បី​តាមដាន​ការ​យកចិត្តទុកដាក់​របស់​កូន​​អ្នក ថា​តើ​គេ​មានការ​ស្រមើល​ស្រមៃ ឬ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​អ្វី ហើយ​មិន​ចូល​ចិត្ត​ធ្វើ​អ្វីខ្លះ ។ អ្នក​គ្រាន់តែ​សង្កេត​មើល​ដោយ​ខ្លួនឯង គឺ​អាច​ដឹង​បាន​ខ្លះ​ៗ​ហើយ​។

«​ឪពុក​ម្តាយ​គ្រប់​រូប​ចង់​ឲ្យ កូន​ៗ​របស់​ពួក​គេ​ទទួល​បាន​ជោគជ័យ​តាម​របៀប ផ្សេង​ៗ​គ្នា ហើយ​កុមារ​ទាំងនោះ​ក៏​ចង់បាន​អ្វី​លើស​ពី​អ្វី​ដែល​គេ​អាច​ធ្វើ​បាន ដើម្បី​បំពេញចិត្ត​ឪពុក​ម្តាយ​វិញ ដែល​កត្តា​នេះ​ហើយ​គឺជា​មូលហេតុ​ធ្វើ​ឲ្យ​ពួក​គេ​នៅ​តែ​ផ្តោតអារម្មណ៍ ឬ​ចង់​ធ្វើ​ការងារ​ទាំងនោះ​ក្នុង​រយៈពេល​យូរ​ណាមួយ បើ​ទោះជា​ពួក​គេ​មិន​ចូល​ចិត្ត​វា​ក៏​ដោយ​” នេះ​ជា​ប្រសាសន៍​របស់​អតីត​នាយក​សាលា លោក ជេ​នី​ហ្វា​ហ្វ​ក (Jennifer Fox) ដែល​អ្នកនិពន្ធ​សៀវភៅ កម្លាំង​របស់​កូន​អ្នក Your Child’s Strengths»​។

យោង​តាម​លោក Fox បាន​ឲ្យ​ដឹង​ថា រឿង​នេះ​ពិតជា​ធ្វើ​ឲ្យ ក្មេង​ៗ​មិន​អាច​អភិវឌ្ឍ​ទេព​កោសល្យ និង​ចំណាប់អារម្មណ៍​របស់​ពួក​គេ​បាន​ល្អ​ឡើយ ។ ដូច្នេះ ដើម្បី​ថែរក្សា​ជំនាញ​ធម្មជាតិ​របស់​ពួក​គេ «​ឪពុក​ម្តាយ​គ្រប់​រូប​ត្រូវ​យកចិត្តទុកដាក់​លើ​អ្វី​ដែល​កូន​ៗ​របស់​ពួក​គេ​សម្រេចចិត្ត​ធ្វើ នៅ​ពេល​ដែល​ពួក​គេ​មិន​ត្រូវ​ផ្គាប់ចិត្ត​អ្នក​ណា​ម្នាក់ »​។

នៅ​ទី​នេះ​មាន​វិធីសាស្ត្រ​ចំនួន​ប្រាំ​ដើម្បី​រក​ឲ្យ​ឃើញ ចិញ្ចឹម​បីបាច់ និង​អភិវឌ្ឍ​ទេព​កោសល្យ​ធម្មជាតិ​របស់​កូន​អ្នក ។

១.​មើល​គេ​លេង
តើ​កូន​របស់​អ្នក​នឹង​ងាក​ទៅ​រក​សកម្មភាព​ជា​ក្រុម ឬ​ចង់​នៅ​ម្នាក់ឯង? តើ​គេ​ចូល​ចិត្ត​រត់​ជុំវិញ ឬ​អង្គុយ​ស្ងាត់ស្ងៀម? តើ​គេ​នឹង​ចង់​ធ្វើ​រឿង​ណា​មុនគេ ៖ គូរគំនូរ មើល iPad ឬ​ជិះ​កង់​លេង? ការ​មើលឃើញ​នូវ​អ្វី​ដែល​កូន​របស់​អ្នក​ជ្រើសរើស​សម្រាប់​ខ្លួនឯង​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ដ៏​ល្អ ថា​តើ​កន្លែង​ណា ឬអ្វី​ទៅ​ដែល​ជា​ទេព​កោសល្យ​របស់​កូន​មាន​ពី​កំណើត ។

២. ផ្តល់​ឲ្យ​គាត់​នូវ​ជម្រើស​ពិតប្រាកដ
វា​ជា​ការ​ងាយ​យល់​ណាស់ ៖ អ្នក​ចង់​ឲ្យ​កូន​លេង​តន្ត្រី ដូច្នេះ​អ្នក​ចុះ​ឈ្មោះ​ឲ្យ​កូន​រៀន​ព្យ៉ា​ណូ​។ ប៉ុន្តែ តើ​វា​ពិតជា​កន្លែង​ដែល​គេ​ចំណាប់អារម្មណ៍ ហើយ​សម​នឹង​សមត្ថភាព​របស់​គេ​ដែរ​ឬទេ ? តើ​មាន​អ្វី​កើតឡើង ប្រសិនបើ​គេ​មិន​ចង់​ចូលរួម​នឹង​សកម្មភាព​ទាំងនេះ? លោក​ហ្វ​កបាន​និយាយ​ថា «​កុមារ​នឹង​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ពួក​គេ​ចង់​ក្លាយជា បើ​ទោះជា​អ្នក​ចង់​បង្កើត​វា​ផ្សេង​ក៏​ដោយ ។ គន្លឹះ​សំខាន់​នោះ​គឺ​អនុញ្ញាត​ឲ្យ​កូន​របស់​អ្នក​ឈ្វេងយល់​ពី​សកម្មភាព ផ្សេង​ៗ ហើយ​កត់សម្គាល់​ពី​អ្វី​ដែល​ពិតជា​ធ្វើ​គេ​យក​ចិត្តទុក​ដាក់​​បំផុត ។ ប្រសិនបើ​អ្នក​គិត​ថា កូន​របស់​អ្នក​ចូល​ចិត្ត​លេង​ព្យា​ណូ សូម​ចាប់ផ្តើម​មេ​រៀន​​ព្យា​ណូ ប៉ុន្តែ ចូរ​ប្រាប់​គាត់​ថា ប្រសិនបើ​គេ​មិន​ចូល​ចិត្ត​លេង​ទេ បន្ទាប់​ពី​៦​ខែ គេ​អាច​បន្ត​ទៅ​ឧបករណ៍​ផ្សេង​ទៀត ឬ​រៀន​អ្វី​ៗ​ខុស​ពី​នេះ​ក៏​បាន ។

៣. ធ្វើ​ឲ្យ​ការ​ចាប់អារម្មណ៍​របស់​កូន​ត្រឹមត្រូវ​ជាង​មុន
អ្នក​ប្រហែលជា​គិត​ថា ការ​លេង​ហ្គេ​ម​វី​ដេ​អូ គឺជា​ពេលវេលា​ខ្ជះខ្ជាយ​មួយ ប៉ុន្តែ ប្រសិនបើ​កូន​របស់​អ្នក​ចាប់ចិត្ត​ក្នុង​ក្រាហ្វិក​ចលនា​គំនូរ ការ​និទានរឿង ឬ​ការ​ដោះស្រាយ​បញ្ហា វា​អាច​បង្កើន​ទេព​កោសល្យ​ពី​ធម្មជាតិ​របស់​គេ​បាន​យ៉ាង​អស្ចារ្យ ។ ឪពុក​ម្តាយ​ភាគច្រើន​តែង​មាន​ទម្លាប់​គិត ជ្រៅ​ៗ​ពេក ប៉ុន្តែ ដោយ​ការ​ធ្វើ​ដូច្នេះ​ញឹកញាប់ ពួក​គេ​អាច​នឹង​បាត់​បង់ ឬ​មើល​រំលង​សកម្មភាព ឬ​ព័ត៌មាន​លម្អិត ។ ជំនួស​ឲ្យ​ការ​ជេរ​ស្តី ឬ​រិះគន់​ជំនាញ​កូន​របស់​អ្នក អ្នក​អាច​បញ្ជាក់​ប្រាប់​គេ​ថា «​អស្ចារ្យ​ណាស់ ប៉ា​ម៉ាក់​ដឹង​ថា​កូន​ចូល​ចិត្ត​លេង​ហ្គេ​ម ហើយ​កូន​ពិតជា​បាន​ល្អ​មែន ឈ្នះ​រហូត​! ប៉ុន្តែ បើ​កូន​លេង​ច្រើន​ពេក វា​អាច​ខ្ជះ​ខ្ជាយ​ពេលវេលា និង​ធ្វើ​ឲ្យ​ខកខាន​ធ្វើ​ការងារ​សំខាន់​ផ្សេង​ៗ​ទៀត​ណា​កូន​»​។

៤. លើកទឹកចិត្ត​ចំពោះ​ការ​សម្តែង និង​អ្វី​ដែល​គេ​បាន​ធ្វើ
ប្រសិនបើ​កូន​របស់​អ្នក​ត្រឡប់​ពី​សាលារៀន ដក​សៀវភៅ​កត់ត្រា​របស់​គេ ហើយ​ចាប់​ផ្តើម​សរសេរ​រឿង​ខ្លី​មួយ​ដើម្បី​ភាព​សប្បាយ​រីករាយ អ្នក​អាច​នឹង​មាន​អារម្មណ៍​រំភើប​ត្រេក​អរ ។ ប៉ុន្តែ​ចុះ​យ៉ាងណា​វិញ បើ​គេ​អង្គុយ​ចុះ ហើយ​គូររូប​តុក្កតា? ឬ​សរសេរ​កំប្លែង? តើ​មាន​អ្វី​កើតឡើង ប្រសិនបើ​គេ​ចំណាយពេល​មួយ​ម៉ោង​ក្នុង​ការ​លេងល្បែង​ផ្គុំ​រូបភាព? ចូរ​លើកទឹកចិត្ត​គេ​ឲ្យ​កាន់តែ​ខ្លាំង​! បើ​គេ​ស្រឡាញ់​ការ​សរសេរ លើកទឹកចិត្ត​ឲ្យ​គេ​សរសេរ បើ​គេ​ស្រឡាញ់​អ្វី​ផ្សេង អ្នក​ក៏​គួរ​លើកទឹកចិត្ត​បន្ថែម​ផង​ដែរ ។ ផ្ទុយ​ពី​នេះ​ប្រសិនបើ​អ្នក​មិន​យកចិត្តទុកដាក់ ឬ​គេ​មាន​អារម្មណ៍​ថា អ្នក​កំពុង​គ្រប់គ្រង ឬ​មិន​ខ្វល់​ពី​គេ​នោះ​ទេ គេ​ប្រហែលជា​អាច​នឹង​ឈប់​បញ្ចេញ​សកម្មភាព ឬ​ការ​ច្នៃប្រឌិត​របស់​គេ​ទៀត​ហើយ

៥. បំភ្លេច​ខ្លួនឯង
មិន​ថា​កូន​របស់​អ្នក​ស្រឡាញ់ ឬ​ស្អប់​សកម្មភាព​ដែល​អ្នក​ចង់​ឲ្យ​គេ​ធ្វើ វា​មិនមែន​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​អ្នក​ទេ​។ ការណ៍​ពិត វា​មិនមែន​អំពី​អ្នក​ឡើយ ។ ចូរ​ដាក់​ចំណាប់អារម្មណ៍​ការ​យល់​ឃើញ និង​ការ​គិត​ទុកជា​មុន​របស់​អ្នក​ចុះ ។ ប្រសិនបើ​អ្នក​ខកចិត្ត ពេល​កូន​របស់​អ្នក​មិន​ធ្វើ ឬ​មិន​ចូល​ចិត្ត​អ្វី​ដែល​អ្នក​ចង់​ឲ្យ​គេ​ធ្វើ​លោក Fox បាន​ណែនាំ​អ្នក​ឲ្យ​សួរ​ខ្លួន​ឯង​​ថា «​តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ជីវិត​របស់​កូន​ខ្ញុំ បើ​គាត់​មិន​រៀន​តន្ត្រី ឬ​បើ​គាត់​ឈប់​​រៀន ហើយ​ទៅ​រៀន​អ្វី​ផ្សេង?​» ជា​ការ​ពិត គេ​អាច​នឹង​រីក​ចម្រើន​ជាង​នេះ បើ​គេ​រៀន​អ្វី​ដែល​គេ​ចូល​ចិត្ត ។ ពេល​ខ្លះ ឱកាស គឺ​ផលវិបាក ហើយ​វា​មិន​មាន​តម្លៃ ដើម្បី​ធ្វើ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ ។

លោក Fox និយាយ​បន្ថែម​ទៀត​ថា «​យើង​និយាយ​អំពី​ការ​ដែល​អាច​មាន​ជម្រើស ហើយ​ការ​ផ្តល់​សេរីភាព និង​ការ​លើកទឹកចិត្ត ក្មេង​ៗ​នឹង​អាច​ធ្វើការ​ជ្រើសរើស​បាន​ល្អ​ដោយ​ខ្លួនឯង​»៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ