ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រស់នៅ​សង្កាត់​កោះ​ទ្រង់​ព្រួយបារម្ភ​ក្រូចថ្លុង​រង​នូវ​ជំងឺ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ​ដែល​មាន​របរ លក់​ផ្លែ​ក្រូចថ្លុង​ជា​របរ​អាជីព​ប្រចាំ​គ្រួសារ ហើយ​ព្រួយបារម្ភ​ពី​ទិន្នផល​របស់​ក្រូច​ធ្លាក់​ចុះ​នៅ​ពេល​ដែល ស្ថានភាព​ដើម​ក្រូចថ្លុង​ដែល​បាន​ដាំ​ដុះ និង​កំពុង​តែ​ហុច​ផល​ទៅ​ហើយ​នោះ​កំពុង​តែ​ជួប​ប្រទះ នូវ​ជំងឺ​ជា​ច្រើន​មុខ ។…

ខេត្តក្រចេះ ៖ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ​ដែល​មាន​របរ លក់​ផ្លែ​ក្រូចថ្លុង​ជា​របរ​អាជីព​ប្រចាំ​គ្រួសារ ហើយ​ព្រួយបារម្ភ​ពី​ទិន្នផល​របស់​ក្រូច​ធ្លាក់​ចុះ​នៅ​ពេល​ដែល ស្ថានភាព​ដើម​ក្រូចថ្លុង​ដែល​បាន​ដាំ​ដុះ និង​កំពុង​តែ​ហុច​ផល​ទៅ​ហើយ​នោះ​កំពុង​តែ​ជួប​ប្រទះ នូវ​ជំងឺ​ជា​ច្រើន​មុខ ។

ជំងឺ​ដើម​ក្រូចថ្លុង​ដែល​ពលរដ្ឋ​ព្រួយបារម្ភ​ថា កំពុង​តែ​យាយី​ដល់​ដំណាំ​ក្រូចថ្លុង​គ្រប់​ដើម​តូច​ធំ និង​ក៏​អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ​ជួយ​មាន​វិធានការ​ទប់ស្កាត់​ផង​ដែរ​នោះ មាន​ដូច​ជា ជំងឺ​ងាប់​មែក ជំងឺ​ដួង​ស៊ី​ឬ​ស ជំងឺផ្សិត​ដើម ជំងឺ​ក្រាល​ស្លឹក និង​ជំងឺ​ចេញ​ជ័រ​ដើម​ដែល​ពពួក​ជំងឺ​ទាំងនេះ បាន​យាយី​ដល់​ដើម​ក្រូច​មិន​ឲ្យ​លូតលាស់ ហើយ​កន្លង​មក​ក៏​មិន​ធ្លាប់​ជួប​ប្រទះ​នោះ​ទេ ។

ពលរដ្ឋ​លើក​ឡើង​ថា ប្រសិនបើ​ជំងឺ​នេះ​តែ​បន្ត​រីក​រាលដាល​លើ​ដំណាំ​ក្រូច​ដោយ​មិន​មាន វិធានការ​បង្ការ​ទប់ស្កាត់​ទេ​នោះ​ការ​ប្រមូល​ផល​ក្រូច​ឆ្នាំ​នេះ និង​មានការ​ធ្លាក់​ចុះ​ស្របគ្នា នោះ លំហូរ​សេដ្ឋកិច្ច​ប្រចាំ​គ្រួសារ​របស់​ពួក​គាត់ និង​ធ្លាក់​ចុះ​ដូច​គ្នា ។
លោក​តី ទ​ន វ័យ​ជាង​៤០​ឆ្នាំ ដែល​ជា​ប្រជា​កសិករ​ម្នាក់ ក្នុង​ចំណោម​ប្រជា​កសិករ​ជា​ច្រើន​រយ​នាក់​ដែល​មាន​របរ​ដាំ​ដំណាំ​ដើម​ក្រូចថ្លុង​ជា​របរ​អាជីព បាន​និយាយ​ថា សព្វ​ថ្ងៃនេះ​នៅ​ក្នុង​ដី​ភូមិ​របស់​គាត់​បាន​ដាំ​ដើម​ក្រូចថ្លុង​ជាង​៥០​ដើម និង​កំពុង ទទួល​បាន​ផល​បណ្តើរ​ៗ​ហើយ ។ គាត់​ថា ក្រូចថ្លុង​១​ដើម​បាន​ផ្តល់​ប្រាក់​ចំណូល​ឲ្យ​ទៅ​គ្រួសារ គាត់​ចំនួន​ជាង​២​លាន​រៀល​ក្នុង​១​ឆ្នាំ ស្រប​ពេល​ដែល​ដំណាំ​ក្រូចថ្លុង​កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់ សម្រាប់​អ្នក​និយម​ទិញ​ទៅ​ទទួលទាន ។

បុរស​រូប​នេះ​បាន​ប្រៀបធៀប​ថា គ្មាន​ដំណាំ​អ្វី​ដែល​ទទួល​បាន​ផល​ដូច​ក្រូចថ្លុង​នោះ​ទេ បើសិនជា ផ្ទៃដី​នោះ​មាន​ទំហំ​ប៉ុនគ្នា ។​លើក​ឡើង​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា​នេះ ពលរដ្ឋ​ដែ​មាន​របរ​ដាំ​ក្រូចថ្លុង​នៅ​លើ​ដី​កោះ​ទាំងនោះ​បាន រៀបរាប់​ថា ជីវភាព​គ្រួសារ​របស់​ពួក​គាត់​មាន​ភាព​ធូរធារ​ច្រើន ដោយ​ពឹងផ្អែក​លើ​ការ​ដាំ​ក្រូចថ្លុង សម្រាប់​បេះ​ផ្លែ​លក់ ។ តែ​យ៉ាងណា​ក្រោយ​ពី​ដំណាំ​ក្រូច​របស់​ពួក​គាត់ កំពុង​ប្រឈម និង​ស្ថានភាព​ជំងឺឆ្លង​ដែល​ពុំ​ធ្លាប់​ជួប​ប្រទះ​បែប​នេះ ហើយ​បើ​ទោះជា​បាន​រិះរក វិធានការ​ប្រើ​ថ្នាំសង្កូវ​បង្ការ​ទប់ស្កាត់​យ៉ាងណា​ក៏​នៅ​មិន​ឈ្នះ​ដែរ​នោះ គឺ​ពួក​គាត់​មាន​ក្តី​បារម្ភ​ថា ទិន្នផល​ផ្លែក្រូច​នឹង​ធ្លាក់​ចុះ ។ ពួក​គាត់​អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ​ខាង​កសិកម្ម​ជួយ​មាន​វិធីសាស្ត្រ បែប​ណា​សម្រាប់​ជួយ​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កំពុង​តែ​បំផ្លាញ​រុក្ខជាតិ​នេះ ។

ប្រធាន​សហគមន៍​កោះ​ទ្រង់​លោក​ប៊ុ​ន បាន បាន​និយាយ​ថា សព្វថ្ងៃ​ក្រូចថ្លុង​ត្រូវ​បាន សហគមន៍​ដាក់​លក់​ក្នុង​១​ផ្លែ​ចាប់ពី​១​ម៉ឺន​ដល់​១​ម៉ឺន​៥​ពាន់​រៀល ហើយ​នៅ​លើ​ដី​កោះមាន​ពលរដ្ឋ ប្រមាណ​ជាង​៧០% បាន​ចាប់​យក​របរ​ដាំ​ក្រូចថ្លុង ។
លោក​ថា ក្រោយ​ពី​ដើម​ក្រូច​បាន​ជួប​ប្រទះ និង​ស្ថានភាព​ជំងឺ​ប្រភេទ​នេះ​ខាង​សហគមន៍ ក៏​បាន​យក​ផ្លែក្រូច ស្លឹក​ក្រូច និង​សំបក ដើម​ក្រូចថ្លុង​យក​មក​ឱ្យ​ខាង​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​រក វិធីសាស្ត្រ​ព្យាបាល តែ​រហូត​មក​ដល់​ពេល​នេះ​ខាង​មន្ទីរ​កសិកម្ម​មិន​ទាន់​បាន​ឆ្លើយ​តប​មក​វិញ នោះ​ទេ ។

កោះ​ទ្រង់​ជា​កោះ​មួយ​មា​នទី​តាំងនៅ​កណ្តាលទន្លេ​មេគង្គ​ទល់មុខ​ក្រុង​ក្រចេះ ។ កោះ​នេះ ត្រូវ​បាន​កាត់​ចូល​ជា​សង្កាត់ ក្នុង​ក្រុង​ក្រចេះ និង​បាន​ចែក​ចេញ​ជា​២​ភូមិ គឺ​ភូមិ​ចុង​កោះ និង​ភូមិ ក្បាលកោះ ។ អត្រា​ពលរដ្ឋ​រស់នៅ​លើ​ដី​កោះមាន​ចំនួន​៤២៥​គ្រួសារ ស្មើ​និង​១៨៨៣​នាក់ ។ មិន​ត្រឹមតែ​បាន​ផ្តល់​នូវ​សក្តានុពល​អេកូ​ទេសចរណ៍​ដ៏​សម្បូរ​បែប​នោះ​ទេ នៅ​លើ​ដី​កោះ​ដ៏​តូច​មួយ នេះ ក៏​មាន​ដី​ដែល​សម្បូ​ទៅ​ដោយ​ជីជាតិ សម្រាប់​បង្កបង្កើន​ផលដំណាំ​កសិកម្ម​គ្រប់​ប្រភេទ លើ​ផ្ទៃដី​ទំហំ​ជាង​២២៣​ហិ​កតា​ដូច​ជា បន្លែ​ធម្មជាតិ ពិសេស​នោះ គឺ​ដំណាំ​ក្រូចថ្លុង ដែល​កំពុង​តែ មានឈ្មោះ​បោះ​សម្លេង​ជា​ខ្លាំង​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​លើ​រស់ជាតិ និង​ក៏​មាន​តម្លៃ​ថ្លៃ​គួរ សម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ