អគ្គិភ័យ​ឆេះ​ផ្ទះ​៤​ខ្នង​នៅ​ស្រុក​សំពៅ​លូន សង្ស័យ​ផ្ទុះ​កំប៉ុង​ហ្គា​ស


ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​លំនៅ​ឋាន​ចំនួន​៤​ខ្នង រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ផង ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​២០ ឧសភា នៅ​ចំណុច​ផ្សារ​តា​ឡ​ន ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ការ​ផ្ទះ​កំប៉ុង​ហ្គា​ស​។ មន្ត្រី​ពន្លត់អគ្គីភ័យ​បាន​រាយការណ៍​ថា លំនៅ​ឋាន​ទាំង​៤​ខ្នង​នោះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ដែល​ផ្ទះ​ខ្លះ​មាន​ទំហំ​៤​ម៉​x៦​ម៉ និង​ខ្លះ​ទំហំ​៥​ម៉​x៦​ម៉ ដែល​សង់​ក្បែរ​គ្នា​ដូច​ផ្ទះល្វែង​។ រីឯ​ម្ចាស់ផ្ទះ​រង​គ្រោះ​មាន ១,​ឈ្មោះ ហេង ផល្លា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ឆេះ​ខូចខាត​ទាំងស្រុង និង​ជា​ផ្ទះ​ដើមហេតុ​បង្ក​ឲ្យ​មាន​អគ្គី​ភ័យ​។ ២-​ឈ្មោះ ចាប មន ស្រី អាយុ​៥៩​ឆ្នាំ ឆេះ​ជញ្ជាំង​មួយ​ចំហៀង និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​មួយ​ចំនួន​។ ៣-​ឈ្មោះ អឿ​ន សំងាត់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ឆេះ​ទាំង​ផ្ទះ និង​សម្ភារ​នៅ​ក្នុងផ្ទះ​អស់ទាំង​ស្រុង និង​៤-​ឈ្មោះ កែវ ហួ​ន ភេទ​ស្រី អាយុ​៦១​ឆ្នាំ ផ្ទះ និង​ទ្រព្យសម្បត្តិ​ត្រូវ​ខូចខាត​ទាំងស្រុង​។

តាម​រយៈ​របាយការណ៍​ដដែល លោក គឹ​ម ប៊ុ​ន​ធឿ​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​និយាយ​ថា មាន​តែ​រថយន្ត​ប​ន្ល​ត់​អគ្គិភ័យ​របស់ អធិការ​ស្រុក​មួយ​គ្រឿង​ប៉ុណ្ណោះ​ដែល​បាន​អន្តរាគមន៍ និង​អ្នក​ភូមិ​បាន​ជួយ​ជះ​ទឹក​ពន្លត់ ដោយសារ​ផ្លូវ​ឆ្ងាយ​ធ្វើ​ឲ្យ​រថយន្ត​តាម​បណ្ដា​ស្រុក​ដទៃ​ជួប​ការ​លំបាក​ជួយ​សង្គ្រោះ​។ លោក​ថា បើ​តាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន គេ​នៅ​មិន​ទាន់​រក​ឃើញ​មូលហេតុ នៃ​ការ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នោះ​ទេ តែ​អគ្គិភ័យ​នោះ​ចាប់ផ្ដើម​ពី​ផ្ទះ​របស់​ឈ្មោះ ហេង ផល្លា មុនគេ ហើយ​ក៏​ឆេះ​រាលដាល​រហូត​អស់​៤​ខ្នង​តែ​ម្ដង​។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា អគ្គិភ័យ​នោះ​ទំនង​បណ្ដាល​មក​ពី​ការ​ផ្ទះ​កំប៉ុង​ហ្គា​ស ព្រោះ​គេ​បានឮ​សំឡេង​ផ្ទុះ​ខ្លាំង មុន​ពេល​មាន​អគ្គិភ័យ​កើតឡើង ហើយ​ក៏​ឃើញ​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពីផ្ទះ​ឈ្មោះ ហេង ផល្លា នោះ​តែ​ម្ដង​។

 ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​នេះ​គេ​ឃើញ​ផ្ទះ​ស្ទុះ​រត់​ចេញ​ក្រៅ ស្រែក​រក​ជំនួយ ពី​អ្នក​ជិតខាង ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ប្រជាពលរដ្ឋ​ទាំង​សមត្ថកិច្ច​តែ​ម្ដង​។ ពេល​នោះ​ភ្លើង​ឆាបឆេះ​កាន់តែ​ខ្លាំង​ឆ្លង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដែល​នៅ​ជាប់​គ្នា រីឯ​ម្ចាស់ផ្ទះ​នីមួយ​ៗ​បាន​ប្រឹងប្រែង​ជ​ញ្ជួ​ន​អីវ៉ាន់​ចេញពីផ្ទះ ខណៈ​អ្នក​ភូមិ​បាន​ប្រឹងប្រែង​ដងទឹក​ជួយ​ពន្លត់ ប្រណាំង​នឹង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សមត្ថកិច្ច​។ ប៉ុន្តែ​តាម​មើលទៅ​មាន​អីវ៉ាន់​តិច​បំផុត ដែល​ម្ចាស់​រំដោះ​បាន​ចេញ​ក្រៅ​ផ្ទះ ព្រោះ​កម្លាំង​ភ្លើង​ខ្លាំង​ពេក​។ លោក គឹ​ម ប៊ុ​ន​ធឿ​ន នាយការិយាល័យ​ពន្លត់អគ្គីភ័យ​បាន​សរសេរ​ក្នុង​របាយការណ៍​ថា រថយន្ត​ពន្លត់អគ្គីភ័យ​បាន​បាញ់ ទប់ស្កាត់​មិន​ឲ្យ​ឆេះ​ឆ្លង​រាលដាល​ដល់​ផ្ទះ​ដទៃ​ទៀត​ដែល​នៅ​ក្បែរ​នោះ តែ​សំណាងល្អ​ដែល​មិន​មាន គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះ ឬ​អ្នក​ជួយ​សង្គ្រោះ​ណា​ម្នាក់​ឡើយ​។ លោក​បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ដើម្បី​ស្រាវជ្រាវ​រក​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គី​ភ័យ​នេះ តែ​មិន​ទាន់​ដឹង​អំពី​ទំហំ​នៃ​ការ​ខូចខាត នៃ​ផ្ទះ​នីមួយ​ៗ​នៅឡើយ​ទេ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ