រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ បានសម្រេចពន្យារពេលការឃុំខ្លួនជាបណ្តោះអាសន្នលើអតីតអ្នកកាសែតអាស៊ីសេរី២រូប រហូតបិទបញ្ចប់ការស៊ើបសួរ បញ្ចូនសំណុំរឿងទៅជំនុំជម្រះ ។
ការសម្រេចបែបនេះបានធ្វើឡើងបន្ទាប់ពីលោកចៅក្រម ពេជ្រ វិជ្ជាធរបានបង្គាប់ឲ្យមន្ត្រីពន្ធនាគារនាំខ្លួនអតីតអ្នកកាសែតអាស៊ីសេរី២រូប នេះមកពន្យល់អំពីនីតិវិធីនៃការពន្យាពេលឃុំខ្លួនកាលព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្ន២០១៨កន្លងទៅថ្មីៗនេះ ។

កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ តុលាការកំពូលបានសម្រេចបន្តឃុំខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីរក្នុងពន្ធនាគារដដែលពោល គឺមិនព្រមដោះលែងឱ្យនៅក្រៅឃុំនោះទេ ក្រោយបញ្ចប់សវនាការ ។ អតីតបុគ្គលិកអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោកយាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះ ម៉ារ៉ាឌី ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញលោកសេង ហៀង នាពេលកន្លងមកក៏បានធ្វើការចោទប្រកាន់លោក អ៊ួន ឈិន និងលោកយាង សុជាមេត្តា ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិដែលបង្កឱ្យមានការអន្តរាយដល់ការការពារជាតិតាមបញ្ញត្តិមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌដែលបទល្មើសនេះអាចប្រឈមនឹងការកំណត់ទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ បច្ចុប្បន្នអ្នកទាំងពីរត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ អនុរក្សពន្ធនាគារព្រៃសបានបញ្ជូនលោកយាង សុជាមេត្តា មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ថែមពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិដែលបង្កឱ្យមានការអន្តរាយដល់ការការពារជាតិ ៕
ចែករំលែកព័តមាននេះ