ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB ៖ កម្ពុជា​គួរ​បណ្តុះបណ្តាលជំនាញ​ធនធានមនុស្ស​បន្ថែម ខណៈ​ខ្វះ​កម្លាំង​ពលកម្មជំនាញ​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ថា កម្ពុជា​នៅ​ខ្វះខាត​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន ដែល​ត្រូវការ​ឲ្យ​រាជរដ្ឋាភិបាល បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម​ទៀត ដោយ​មិន​ចាំបាច់​រង់ចាំ​ការ​បណ្ដុះបណ្ដាល​ពី​វិស័យ​ឯកជន​ឡើយ ។ បើ​តាម​ប្រសាសន៍​លោក…

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ថា កម្ពុជា​នៅ​ខ្វះខាត​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន ដែល​ត្រូវការ​ឲ្យ​រាជរដ្ឋាភិបាល បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម​ទៀត ដោយ​មិន​ចាំបាច់​រង់ចាំ​ការ​បណ្ដុះបណ្ដាល​ពី​វិស័យ​ឯកជន​ឡើយ ។

បើ​តាម​ប្រសាសន៍​លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ថា ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​សម្រាប់​វិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា គួរតែ​រាជរដ្ឋាភិបាល​ជា​អ្នក​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​វិស័យ​ឯកជន ព្រោះ​វិស័យ​ឯកជន​មិន​អាច​គ្រប់គ្រង​ជំនាញ​នានា​ដែល​មាន​តម្រូវការ​នៅ​លើ​ទីផ្សារ​គ្រប់គ្រាន់​ទេ ។

លោក​បន្ត​ថា វិស័យ​ឯកជន​ក៏​ត្រូវ​តែ​ចូលរួម​បណ្ដុះបណ្ដាល​ជំនាញ​ដល់​ធនធានមនុស្ស​កម្ពុជា​ដែរ ក៏​ប៉ុន្តែ​ពួក​គាត់​មិន​អាច​បណ្ដុះបណ្ដាល​បាន​ទាំងអស់​ទេ ណាមួយ​ត្រូវការ​ចំណាយ​ទុន​ច្រើន​ដើម្បី​បណ្ដុះបណ្ដាល ហើយ​នៅ​ពេល​ម្ចាស់​សហគ្រាស​បណ្ដុះបណ្ដាល​ជំនាញ​ដល់​បុគ្គលិក​ខ្លួន​បាន​ចេះ​ហើយ​នោះ ក៏​មិន​ប្រាកដ​ថា ពួក​គេ​នៅ​ធ្វើការ​ជាមួយ​បាន​យូរ​កម្រិត​ណា​ដែរ ។ ពួក​គេ​អាច​នឹង​ទៅ​រក​ក្រុមហ៊ុន​ថ្មី ឬ​សហគ្រាស​ថ្មី​ផ្សេង​ទៀត ដែល​ហ៊ាន​ចំណាយ​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ច្រើន​ជាង​ក្រុមហ៊ុន​ចាស់ ។ លោក​ថា ៖« វិស័យ​ឯកជន​គួរតែ​ចងក្រង​គ្នា​ជា​បណ្ដាញ និង​ចូលរួម​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជំនាញ​ផ្សេង​ៗ ដើម្បី​យក​ទៅ​បម្រើ​ការ​ទៅ​តាម​សហគ្រាស​របស់​ខ្លួន បើ​ក្នុង​ករណី​ខ្លួន​មិន​អាច​បណ្ដុះបណ្ដាល​តែ​ម្នាក់ឯង​បាន » ។

លោក​បន្ត​ទៀត​ថា ៖« បច្ចុប្បន្ន​នេះ កម្ពុជា​ជា​ប្រទេស​ដែល​ខ្វះខាត​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន​ជាងគេ​មួយ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​។ ប្រទេស​ណា​ក៏​ដូច​គ្នា​ដែរ គឺ​សុទ្ធតែ​ខ្វះខាត​ជំនាញ​ដូច​គ្នា គ្រាន់តែ​ការ​ខ្វះខាត​ជំនាញ​នោះ​មាន​តិច​មាន​ច្រើន​ប៉ុណ្ណោះ » ។

លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ក្រុមហ៊ុន​ធំ​ៗ​ដែល​ផ្ដល់​ការងារ​ដល់​បុគ្គលិក​បាន​ច្រើន គឺ​មាន​តិចតួច​ប៉ុណ្ណោះ ចំណែក​ក្រុមហ៊ុន​លក្ខណៈ​តូច​ៗ ឬ​ហៅ​ថា សហគ្រាស​ខ្នាត​តូច​និង​មធ្យម មាន​ច្រើន ក៏​ប៉ុន្តែ​បាន​ផ្ដល់​ការងារ​ដល់​ធនធានមនុស្ស​តិចតួច​ប៉ុណ្ណោះ ។ លោក​ថា ៖« មិន​មាន​តួលេខ​ច្បាស់លាស់​ទេ​ពាក់ព័ន្ធ​នឹង​បរិមាណ​ក្រុមហ៊ុន​ធំ​ៗ និង​ក្រុមហ៊ុន​តូច​ៗ តែបើ​តាម​ការ​ប៉ាន់ស្មាន វត្តមាន​ក្រុមហ៊ុន​ធំ​ៗ​ដែល​អាច​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​បាន​ច្រើន មាន​តែ​ជាង​១០%​ប៉ុណ្ណោះ » ។

លោកស្រី អុ​ី​ហ្គូ​ដា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ដើម្បី​រក្សា​ឲ្យ​កំណើនសេដ្ឋកិច្ច​រឹង​មាំ ប្រទេស​កម្ពុជា​ត្រូវ​វិនិយោគ​បន្ថែម​ទៀត​ទៅ​លើ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ ហើយ​ស្របគ្នា​នេះ​ដែរ ត្រូវ​ប្រឹងរក​ដំណោះស្រាយ​ដល់​ឧបសគ្គ​នានា ដែល​ធុរកិច្ច​ធុន​តូច និង​មធ្យម កំពុង​ជួប​ប្រទះ ។ លោកស្រី​ថា ៖« ការ​វិនិយោគ​ទៅ​លើ​មនុស្ស គឺជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ឈាន​ទៅ​កាន់​អនាគត​មួយ​កាន់តែ​ចម្រុងចម្រើន » ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​សហការ​ជាមួយ​បណ្ដា​ដៃគូ​ក្នុង​និង​ក្រៅ​ស្រុក ដើម្បី​បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​ជំនាញ​ផ្សេង​ៗ ។ ជាក់ស្ដែង ថ្មី​ៗ​នេះ ភាគី​ចិន​ក៏​បាន​សន្យា​បណ្ដុះបណ្ដាល​ជំនាញ​ទេសចរណ៍​ដល់​ធនធានមនុស្ស​កម្ពុជា​ផង​ដែរ ហើយ​កន្លង​មកនេះ ភាគី​កូរ៉េ និង​ជប៉ុន ក៏​បាន​សហការ​ជាមួយ​ស្ថាប័ន​អប់រំ​កម្ពុជា ដើម្បី​បណ្ដុះបណ្ដាល​សិស្ស​-​និស្សិត​លើ​ជំនាញ​បច្ចេកទេស​ដូច​ជា ជួសជុល​រថយន្ត មេកា​និក និង​អេ​ឡិច​ត្រូ​និក ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ