ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខ្មែរ​បង្ខំចិត្ត​ទិញ​ពូជ​ពី​ថៃ ខណៈ​ដើម​ដំឡូង​មី​កើត​ជំងឺ​ក្រា​ស៊ី(មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គេ​កត់សម្គាល់​ឃើញ​ថា មានការ​ដឹក​ជញ្ជូន​ដើម​ដំឡូង​មី​ស្រស់​ៗ​ពី​ប្រទេស​ថៃ យក​មក​ចែកចាយ​ដល់​កសិករ​ខ្មែរ​ដែល​ដាំដំឡូង​មី ដោយសារ​តែ​កម្ពុជា​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ជំងឺ​ក្រា​ស៊ី ទើប​ខ្វះខាត​ពូជ​ល្អ​ៗ​សម្រាប់​ការ​ដាំ​ដុះ​ក្នុង​ឆ្នាំ​២០១៨ នេះ ។…

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គេ​កត់សម្គាល់​ឃើញ​ថា មានការ​ដឹក​ជញ្ជូន​ដើម​ដំឡូង​មី​ស្រស់​ៗ​ពី​ប្រទេស​ថៃ យក​មក​ចែកចាយ​ដល់​កសិករ​ខ្មែរ​ដែល​ដាំដំឡូង​មី ដោយសារ​តែ​កម្ពុជា​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ជំងឺ​ក្រា​ស៊ី ទើប​ខ្វះខាត​ពូជ​ល្អ​ៗ​សម្រាប់​ការ​ដាំ​ដុះ​ក្នុង​ឆ្នាំ​២០១៨ នេះ ។

ពេល​សាកសួរ​ថា តើ​មូលហេតុ​អ្វី​បានជា​ម្ចាស់​ចម្ការ​កម្ពុជា នាំ​គ្នា​ទិញ​ដើម​ដំឡូង​ពី​ថៃ មក​ដាំ ? អ្នកស្រុក​លើក​ឡើង​ក្នុង​ហេតុផល​ខុស​ៗ​គ្នា ខ្លះ​ថា មក​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ គឺ​ដើម​ដំឡូង​មី​របស់​កសិករ​ខ្មែរ កើត​ជំងឺ​ក្រា​ស៊ី ដើម​មិនសូវ​ល្អ មិន​អាច​យក​ធ្វើ​ពូជ​ដាំ​ដុះ ខ្លាច​មិន​បាន​មើមដំឡូង​ល្អ ហើយ​មើមដំឡូង​មី​ស្រស់ និង​ស្ងួត​លក់​ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​បាន​តម្លៃ​ថ្លៃ​ជាង​មុន ទើប​ពលរដ្ឋ​នាំ​គ្នា​សម្រុក​ដាំដំឡូង​មី​ច្រើន ទើប​ខ្វះ​ពូជ ត្រូវ​ទិញ​ដើម​បន្ត​ពី​ប្រទេស​ថៃ​យ៉ាង​ដូច្នេះ ។ ហេតុ​ដូច្នេះ​ហើយ​គេ​កត់សម្គាល់​ឃើញ​មានការ​ដឹក​ដើម​ដំឡូង​មី​ស្រស់​ៗ​លក់​តាម​រថយន្ត​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ យ៉ាងច្រើន​កុះករ ។

សាកសួរ​ផ្ទាល់មាត់​នៅ​ចំណុច​ជិត​ព្រំដែន អ្នកបើកបរ​ជនជាតិ​ថៃ​ខ្លះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដើម​ដំឡូង​មី​ស្រស់​ៗ​នោះ គឺ​ត្រូវ​បាន​ដឹក​មក​ពី​ខេត្ត​ស្រះ​កែវ ជា​ខេត្ត​ជាប់​ព្រំដែន​ខ្មែរ ហើយ​មួយ​ភាគ​ធំ​ក៏​ដឹក​មក​ពី​ខេត្ត​ឆ្ងាយ​ៗ​ដូច​ជា ខេត្ត​នគ​រាជ​សី​ម៉ា ប្រទេស​ថៃ ជាដើម ដែល​ត្រូវ​ប្រើ​រយៈពេល​ជិត​១​ថ្ងៃ ទើប​មក​ដល់​ព្រំដែន​ខ្មែរ ។
ក្រុម​កម្មករ​ខ្មែរ​ដែល​ស៊ីឈ្នួល​លើកដាក់​ដើម​ដំឡូង​ពី​រថយន្ត​ថៃ និយាយ​ថា ដើម​ដំឡូង​ស្រស់​ទាំងនេះ​ក្រោយ​ទិញ​ពី​ថៃ គឺ​យក​ទៅ​ដាំ​នៅ​ខេត្តឧត្តរមានជ័យ​, សៀមរាប និង​កំពង់ធំ​។​ល​។

ពលរដ្ឋ​និយាយ​ថា ដើម​ដំឡូង​មី​ស្រស់​ទិញ​ពី​ថៃ ក្នុង​១​បាច់ ស្មើនឹង​២០​ដើម មាន​តម្លៃ​៤០ ទៅ​៤២​បាត (​ប្រាក់​ថៃ​) ឬ​គិត​ជា​ប្រាក់​ខ្មែរ ស្មើនឹង​៥.០០០​ទៅ​៥.២០០​រៀល ។ ដូច្នេះ ក្នុង​១​រ៉ៃ (៤០​ម៉ែត្រ​x៤០​ម៉ែត្រ​) ត្រូវ​ដាំ​អស់​៤០​បាច់ ស្មើនឹង​៨០០​ដើម ។

លោក ប៉ា​ង វណ្ណសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម និង​រុក្ខា​ប្រមាញ់​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១២ ឧសភា ថា ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ដំឡូង​មី និង​ពោត នៅ​ឆ្នាំ​២០១៧ គឺ​មាន​ទីផ្សារ​ល្អ​ជាង​ឆ្នាំ​មុន​ៗ ។ ករណី​ពលរដ្ឋ​សម្រុក​ទិញ​ដើម​ដំឡូង​មី​ពី​ជនជាតិ​ថៃ​នេះ ដោយសារ​ដំឡូង​ដាំ​យូរ​ពេក នាំ​ឲ្យ​ដើម​អន់ ហេតុនេះ ពលរដ្ឋ​មួយ​ចំនួន​ក៏​សម្រេចចិត្ត​ប្រមូល​ដុត​ចោល ទើបត្រូវ​ការ​នាំ​ចូល​ដើម​ដំឡូង​មី​ពី​ប្រទេស​ថៃ មក​ដាំ ។ ម្យ៉ាងទៀត ដោយសារ​ឆ្នាំ​នេះ ដំឡូង​មី​មាន​ទីផ្សារ​ល្អ ពលរដ្ឋ​កាន់តែ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្ថែម​ទៀត ទើប​ខ្វះ​ខាតដើម​ដំឡូង​មី​ល្អ​ធ្វើ​ពូជ ហើយ​ក៏​តម្រូវ​ឲ្យ​ទិញ​ពី​ប្រទេស​ជិតខាង​តែ​ម្តង ។

លោក​បន្ត​ថា នៅ​ឆ្នាំ​២០១៧ ពលរដ្ឋ​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ទូ​ទាំង​ខេត្ត គឺ​នៅ​លើ​ផ្ទៃដី​ចំនួន​៨៥.០០០​ហិ​កតា ខណៈ​ឆ្នាំ​២០១៨​នេះ ពលរដ្ឋ​ទើបតែ​ដាំ​បាន​៤​ម៉ឺន​ហិ​កតា ប៉ុន្តែ​កំពុង​ដាំ​ដុះ​បន្ត ព្រោះ​ពេល​នេះ ជា​រដូវ​ដើមដៃ​។ លោក​ថា ៖« នៅ​ឆ្នាំ​នេះ ពលរដ្ឋ​អាច​ដាំ​ដុះ​ដំណាំ​ដំឡូង​មី​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ព្រោះតែ​ឆ្នាំ​នេះ ដំឡូង​មី​មាន​ទីផ្សារ​ល្អ » ។

ពាក់ព័ន្ធ​នឹង​ផលដំណាំ​ក​សិ​-​ឧស្សាហកម្ម លោក​ប្រធាន​មន្ទីរ​ប្រាប់​ថា ឆ្នាំ​នេះ ការ​ដាំ​ដុះ​ពោត​របស់​កសិករ​នឹង​ថយ​ចុះ ព្រោះ​ដំណាំ​ពោត​ពិបាក​ថែ ហើយ​មិនសូវ​មាន​ទីផ្សារ​ល្អ​ដូច​ដំឡូង​មី​ឡើយ ។ លោក​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៧ ពលរដ្ឋ​ដាំពោត​បាន​១​ម៉ឺន​៣​ពាន់​ហិ​កតា ដោយឡែក នៅ​ឆ្នាំ​២០១៨​នេះ ពលរដ្ឋ​ទើបតែ​ដាំពោត​បាន​ជាង​១.០០០​ហិ​កតា​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ