រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា ត្រឡប់មកពីការគេវិញបានជិះម៉ូតូបុកគូទរថយន្តកុងតឺន័ បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

សពជនរងគ្រោះមានឈ្មោះ សាម សុំ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមន្ដ្រីនគរបាល នាយកដ្ឋានអង្គរក្សស័ក្តិ២ ស្នាក់នៅភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិស្វាយចេក សង្កាត់គោគរការ ខណ្ឌព្រែកព្នៅ ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1O-5501 បើកបរក្នុងទិសដៅពីជើងទៅត្បូង ។ចំណែករថយន្តបង្កប្រភេទកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4A- 4281 ចតនៅលើផ្លូវពីជើងទៅត្បូង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា គេឃើញរថយន្តបង្កបានចតតាម
បណ្ដោយផ្លូវទំនប់កប់ស្រូវខាងលើបន្ទាប់មកឃើញជនរងគ្រោះជិះម៉ូតូក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានវាក់អើ និងរថយន្តបង្កដែលជាប់តាមដងផ្លូវ ហើយជាន់ហ្វ្រាំងមិនជាប់ បានបុកចំពីក្រោយរថយន្ត ផ្នែកខាងឆ្វេង ពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះបុកផ្ទប់នឹងរថយន្តដួលបោកក្បាលស្លាប់នៅកន្លែងភ្លាមៗ បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ ជួយអន្តរាគមន៍ភ្លាមៗផងដែរ ហើយបានទាក់ទងក្រុមគ្រួសារនៃសពមកកន្លែងកើតហេតុ ។

បើតាមសម្ដីស្ត្រីជាប្រពន្ធបាននិយាយថា ប្តីរបស់គាត់ទើបត្រឡប់មកពីហូបការគេ នៅម្តុំទំនប់កប់ស្រូវ ហើយត្រឡប់ទៅផ្ទះវិញ ។

ក្រោយពេលកើតហេតុជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានប្រគល់ឲ្យជំនាញចរាចរណ៍នៃស្នងការនគរបាលផ្លូវគោករាជធានីភ្នំពេញធ្វើការវាស់វែង និងយកម៉ូតូ និងរថយន្តបង្កខាងលើយកទៅរក្សាទុករង់ចាំការដោះស្រាយ ចំណែកសពត្រូវបាននគរបាលប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

ចែករំលែកព័តមាននេះ