ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរចិនហ៊ានចាយលុយច្រើនជាងភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងៗទៀត ។ ប៉ុន្តែពួកគេក៏ទាមទារឲ្យមានការបម្រើសេវាកម្មប្រកបដោយគុណភាព អនាម័យ និងកន្លែងកម្សាន្តល្អៗផងដែរ ។ នេះជាប្រសាសន៍របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ អមជាមួយពិធីបិទសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការអភិវឌ្ឍ និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជាឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ នាថ្ងៃទី៧ ឧសភា កន្លងមក ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ៖« ចិនជាទីផ្សារផ្គត់ផ្គង់ទេសចរណ៍ច្រើនជាងគេលើពិភពលោក ដោយនៅឆ្នាំ២០១៧ ក្នុងចំណោមទេសចរសកលលោកសរុប១.៣០០លាននាក់ មានទេសចរចិន១៣០លាននាក់ ស្មើនឹង១០%នៃទេសចរសកលលោកសរុប ហើយលក្ខណៈពិសេសរបស់ទេសចរចិន គឺហ៊ានចំណាយលុយច្រើនជាងគេ » ។
ដើម្បីស្រូបយកភ្ញៀវទេសចរ សំខាន់ទេសចរចិនចូលមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើង លោក ថោង ខុន បានក្រើនរំឭក និងណែនាំដល់ស្ថាប័នពាក់ព័ន្ធនានា ត្រូវចុះត្រួតពិនិត្យជាប្រចាំចំពោះបញ្ហាសំរាម កាកសំណល់ ព្រមទាំងទប់ស្កាត់ បញ្ចៀស និងបញ្ឈប់កន្លែងហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រ និងត្រូវប្រើប្រាស់អាង ប្រព្រឹត្តកម្មចម្រោះទឹកនៅតាមសណ្ឋាគារ និងមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ។
ទន្ទឹមនឹងនេះ ត្រូវខិតខំគ្រប់គ្រងឆ្នេរខ្សាច់ឲ្យបានស្អាតនិងបៃតង ដោយអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាយើងប្រកបដោយនិរន្តរភាព និងត្រូវខិតខំកសាងឲ្យបាននូវឆ្នេរគំរូ ដើម្បីងាយស្រួលដឹកនាំអភិវឌ្ឍន៍តាមខេត្ត ចូលរួមក្នុងការប្រឡងប្រណាំងឆ្នេរស្អាតឲ្យបានផុសផុល ។
លោករដ្ឋមន្ត្រីបន្ថែមថា ៖« យើងត្រូវរួមគ្នាពង្រឹងគុណភាពសេវាកម្មទេសចរណ៍ស្របតាមស្មារតី «សេវា១ ស្ដង់ដា១» បង្កើតផលិតផលទេសចរណ៍ថ្មីៗ សំដៅធ្វើយ៉ាងណា ឲ្យសេវាកម្មទេសចរណ៍យើងមានគុណភាពល្អ ជាទីពេញចិត្តដល់ភ្ញៀវទេសចរ » ។
លោកបានណែនាំឲ្យបន្តពង្រឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ស្របតាមស្មារតី «បុគ្គលិកម្នាក់ ជំនាញមួយ» ជាពិសេស ត្រូវពង្រីកមគ្គុទ្ទេសក៍និយាយភាសាចិន និងអ្នកនិយាយភាសាចិនក្នុងឧស្សាហកម្មទេសចរណ៍ឲ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ។ លើសពីនេះ ត្រូវបន្តអនុវត្តប្រព័ន្ធវាយតម្លៃសម្រាប់ត្រៀមទទួលភ្ញៀវចិន (China Ready Accreditation System) ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ផងដែរ ។
លោកក៏បានលើកឡើងពីគម្រោងអភិវឌ្ឍន៍កោះគំរូ ដោយចាប់ផ្តើមចេញពីការអភិវឌ្ឍកោះរ៉ុង ធ្វើជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ និងគោលដៅទេសចរណ៍បៃតង គ្មានថង់ប្លាស្ទិក ឱ្យបានមុនឆ្នាំ២០២០ ។

សូមជម្រាបថា ក្នុងឆ្នាំ២០១៧ ភ្ញៀវទេសចរចិនដែលចេញទៅទស្សនាកម្សាន្តក្រៅប្រទេសមានចំនួន១៣០លាននាក់ ស្មើនឹង១០%នៃចំនួនទេសចរសកលលោកសរុប១.៣០០លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនបានមកទស្សនាតំបន់អាស៊ាន ស្មើជាង២០លាននាក់ ហើយប្រទេសថៃបានទទួលភ្ញៀវទេសចរចិនជាង១២លាននាក់ ។
តាមការព្យាកររបស់អង្គការទេសចរណ៍ ពិភពលោក នៅឆ្នាំ២០២០ ភ្ញៀវទេសចរចិនដែលទៅទស្សនានៅក្រៅប្រទេស នឹងមានចំនួនជាង២០០លាននាក់ ឬអាចនិយាយថា ក្នុងចំណោមទេសចរសកលលោក១០នាក់ គឺមានទេសចរចិនម្នាក់ ៕
ចែករំលែកព័តមាននេះ