ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្មករនិយោជិត​ខេត្តស្វាយរៀង​ទទួល​បាន​ចំណូល១២០​លាន​ដុល្លារ​១​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា កម្មករ និយោជិត​នៅ​ខេត្តស្វាយរៀង…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា កម្មករ និយោជិត​នៅ​ខេត្តស្វាយរៀង ទទួល​បាន​ចំណូល​ប្រមាណ​១២០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ដែល​ជា​ការ​រួមចំណែក​ដ៏​ធំ​ក្នុង​ការ​ទ្រទ្រង់​ជីវភាព និង​ចាក់​ចូល​ក្នុង​សេដ្ឋកិច្ចជាតិ ។

សម្តេច​តេ​ជោ បាន​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ប្រមាណ​២​ម៉ឺន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បា​វិត នា​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ម្សិលមិញ ។
សម្តេច​តេ​ជោ បន្ត​ថា ទឹកប្រាក់​១២០​លាន​ដុល្លារ​នេះ គិត​ត្រឹម​ជា​មធ្យម​សម្រាប់​កម្មករ -​កម្មការិនី​ម្នាក់​ទទួល​បាន​ប្រាក់​ឈ្នួល​ត្រឹម​២០០​ដុល្លារ​ក្នុង​១​ខែ​ប៉ុណ្ណោះ ។

ទាក់ទង​នឹង​បញ្ហា​ប្រាក់​ឈ្នួល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា មាន​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ជា​ច្រើន កំពុង​ប្រកួតប្រជែង​ជាមួយ​កម្ពុជា ។ ដូច្នេះ បើ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ខ្ពស់​ហួសហេតុ​ពេក ឬ​ទាមទារ​រហូត​ដល់​មានការ​ផ្ទុះ​បាតុភាព​ផ្សេង​ៗ នឹង​នាំ​ឲ្យ​ថៅកែ​រោងចក្រ​ទាំងនោះ​ទៅ​វិនិយោគ​នៅ​ប្រទេស​ដទៃ ហើយ​នាំ​ឲ្យ​កម្មករ​អត់​ការងារ​ធ្វើ​ជាក់​ជា​មិន​ខាន ។

ជាមួយ​គ្នា​នេះ ភាព​រីករាយ​ក៏​កើត​មាន​ផង​ដែរ ដោយ​សុខភាព​ក្នុង​វិស័យ​នេះ​នៅ​តែ​ល្អ​ប្រសើរ ព្រោះ​បើ​តាម​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា នៅ​ដើមឆ្នាំ​នេះ មាន​រោងចក្រ សហគ្រាស​ចំនួន​៥០​បាន​បើក​នៅ​កម្ពុជា ដែល​បាន​ផ្តល់​ការងារ​ដល់​កម្មករ​-​កម្មការិនី​ជិត​៣​ម៉ឺន​កន្លែង​ថែម​ទៀត ។

យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ នៃ​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា កម្ពុជា​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​ឆ្នាំ​នេះ​មាន​កំណើន​ខ្ពស់ ដោយ​មាន​ទឹកប្រាក់​ជាង​៩០០​លាន​ដុល្លារ​អា​មេ​រិ​ក ។
លោក​បណ្ឌិត កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ឲ្យ​ដឹង​ថា សុខភាព​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ និង​ស្បែកជើង មាន​ភាពល្អ​ប្រសើរ​នៅ​ឆ្នាំ​នេះ ដោយ​រោងចក្រ​ថ្មី​ៗ​ជា​ច្រើន​បាន​បង្កើត​ឡើង ហើយ​ការ​បញ្ជា​ទិញ​ពី​សហរដ្ឋអាមេរិក ក៏​មាន​កំណើន​ខ្ពស់ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក​បន្ត​ថា ៖« ជាមួយនឹង​កំណើន​ប្រាក់​ឈ្នួល​នេះ យើង​រំពឹង​ថា ផលិតភាព​ការងារ​នឹង​ប្រសើរ​ឡើង​ផង​ដែរ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មានការ​សិក្សា​លើ​ករណី​នេះ​នៅឡើយ​ទេ » ។

យោង​របាយការណ៍​ធនាគារពិភពលោក ស្ដី​ពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០ ឧសភា ម្សិលមិញ បាន​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​បន្ត​រក្សា​ភាព​ស្វាហាប់ ហើយ​ត្រូវ​បាន​ព្យាករ​ទុក​ថា នឹង​កើន​ល្បឿន​បន្តិច​រហូត​ដល់​ទៅ​៦,៩%​ក្នុង​ឆ្នាំ​២០១៨ ដោយសារ​តែ​ការ​ស្ទុះ​ឡើង​វិញ​ក្នុង​វិស័យ​នាំ​ចេញ​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់ អម​ដោយ​ការ​ងើបឡើង​របស់​វិស័យ​ទេសចរណ៍ និង​កសិកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ