ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ គ្រោង​ផលិត ​និង​ផ្គត់ផ្គង់​ទឹក​ស្អាត​ជាង២០០លាន​ម៉ែត្រគូប

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​បម្រើ​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន​ឲ្យ​បាន​គ្រប់គ្រាន់ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ គ្រោង​ផលិត និង​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​ឆ្នាំ​២០១៨​នេះ ចំនួន​ជាង​២០០​លាន​ម៉ែត្រគូប ស្មើ​ជា​មធ្យម​ប្រមាណ​៥៧២.៩៦២​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ មាន​កំណើន​ប្រមាណ​៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ ដើម្បី​បម្រើ​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន​ឲ្យ​បាន​គ្រប់គ្រាន់ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ គ្រោង​ផលិត និង​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​ឆ្នាំ​២០១៨​នេះ ចំនួន​ជាង​២០០​លាន​ម៉ែត្រគូប ស្មើ​ជា​មធ្យម​ប្រមាណ​៥៧២.៩៦២​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ មាន​កំណើន​ប្រមាណ​៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ។

ការ​កំណត់​ចំនួន​នេះ ក្នុង​គោលបំណង​ធានា​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ឲ្យ​បាន​២៤​ម៉ោង​ក្នុង​១​ថ្ងៃ​, ៧​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍ (​លើកលែងតែ​ករណី​ដាច់​ចរន្តអគ្គិសនី​) សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​របស់​ខេត្តកណ្តាល ដែល​ជាប់​នឹង​រាជធានី​ភ្នំពេញ ក្នុង​តម្លៃ​សម​ស្រប ។

យោង​តាម​របាយការណ៍​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៨​នេះ ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ឲ្យ​ស្រប​តាម​តម្រូវការ​ទីផ្សារ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់ សេវា​មាន​ស្រាប់ និង​តំបន់​សេវា​ថ្មី រដ្ឋាករទឹក​ក្រុងភ្នំពេញ​បាន​គ្រោង​ផលិត និង​ផ្គត់ផ្គង់​ទឹក​ស្អាត​ប្រចាំឆ្នាំ​ចំនួន​២០៩.១៣៧.០២០​ម៉ែត្រគូប ស្មើ​ជា​មធ្យម​ប្រមាណ​៥៧២.៩៦២​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ ។ បរិមាណ​ផលិត​ទឹក​នៅ​ឆ្នាំ​នេះ មាន​កំណើន​ប្រមាណ​៧% ធៀប​នឹង​បរិមាណ​ផលិត​ឆ្នាំ​២០១៧ ។

របាយការណ៍​បញ្ជាក់​ថា ៖« ផែនការ​ផលិត​ទឹក​ស្អាត​ក្នុង​ឆ្នាំ​២០១៨ មាន​អត្រា​៩៧,១១% ធៀប​នឹង​សមត្ថភាព​ផលិត​ទឹក​សរុប ។ អត្រា​នេះ យើង​ឃើញ​ថា រោងចក្រ​ទាំង​៤ បាន​ខិតខំ​ផលិត​អស់ពី​សមត្ថភាព ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ » ។

លោក សឹម ណា​រ៉ា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​លើក​ឡើង​ក្នុង​មហាសន្និបាត​ភាគ​ហ៊ុ​និក​លើក​ទី​៦ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា នៅ​ទីស្តីការ​រដ្ឋាករទឹក​ក្រុងភ្នំពេញ​ថា ៖« ក្នុង​ឆ្នាំ​២០១៧ រដ្ឋាករ​ទឹកបាន​ផលិត​ទឹក​ជាង​១៩៤​លាន​ម៉ែត្រគូប និង​បាន​ត​បណ្តាញទឹក​ថ្មី​ជាង​១៩៥​គីឡូម៉ែត្រ​, ត​បណ្តាញ​ចូល​តាម​ផ្ទះ​ថ្មី​២២.៤៥៣​បណ្តាញ ក្នុង​នោះ​ត​ជូន​អតិថិជន​មាន​ចំណូល​ទាប​បាន​ចំនួន​៥៤២​គ្រួសារ » ។

លោក​បន្ថែម​ថា ក្រោយ​ពី​បើក​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាភិបាល​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កាលពី​ពេល​ថ្មី​ៗ​នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ឯកភាព​រក្សា​ទុក​ប្រាក់​ចំណេញ​ជាង​១៦​ពាន់​លាន​រៀល​សម្រាប់​ការ​វិនិយោគ​នៅ​ពេល​អនាគត ។ សម្រាប់​ទឹកប្រាក់​នៅ​សល់​ជាង​១៣​ពាន់​លាន​រៀល គឺ​បែងចែក​ភាព​លាភ​ទៅ​ឲ្យ​ភាគ​ហ៊ុ​និក ។ ប្រាក់​ចំណេញ​នេះ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ គឺ​ថយ​ចុះ ។
នៅ​ក្នុង​សន្និបាត​នេះ​ដែរ លោក សឹម ណា​រ៉ា បាន​ស្នើ​សុំ​ទៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជីក​ប្រឡាយ​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត និង​ដាក់​បំពង់​ទឹក​ស្អាត​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​តាម​តម្រូវការ​ឲ្យ​បាន​គ្រប់គ្រាន់​ផង​ដែរ ។

លោក​បញ្ជាក់​ថា ៖« កាលណា​ជីក​ទៅ វា​ប៉ះ​ផ្នែក​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដូច​ក្រសួង​សាធារណការ​អីចឹង សូម​ស្នើ​ឲ្យ​គាត់​ចូលរួម​សហការ​ក្នុង​ការ​ជីក​ផ្លូវ​ដើម្បី​ដាក់​បំពង់​ថ្មី និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​យោគយល់ បើសិនជា​ធ្វើការ​ជីក​ប្រឡាយ​ដាក់​បំពង់​ទឹក​ស្អាត​នេះ​រំខាន និង​ប៉ះពាល់​ដោយ​ប្រការ​ណាមួយ ហើយ​ក៏​សូម​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចូលរួម​សហការ​គ្នា ដើម្បី​សម្រួល​ប្រព័ន្ធ​ប្រឡាយ​ទឹក​ស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​ឆាប់រហ័ស​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ