ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពិភពលោក​បង្កើន​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារពិភពលោក​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០ ឧសភា ម្សិលមិញ ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​បន្ត​រក្សា​ភាព​ស្វាហាប់ ហើយ​ត្រូវ​បាន​ព្យាករ​ទុក​ថា នឹង​កើន​ល្បឿន​បន្តិច​រហូត​ដល់​ទៅ​៦,៩%​ក្នុង​ឆ្នាំ​២០១៨ ដោយសារ​តែ​ការ​ស្ទុះ​ឡើង​វិញ​ក្នុង​វិស័យ​នាំ​ចេញ​វាយនភ័ណ្ឌ…

រាជធានី​ភ្នំពេញ ៖ ធនាគារពិភពលោក​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០ ឧសភា ម្សិលមិញ ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​បន្ត​រក្សា​ភាព​ស្វាហាប់ ហើយ​ត្រូវ​បាន​ព្យាករ​ទុក​ថា នឹង​កើន​ល្បឿន​បន្តិច​រហូត​ដល់​ទៅ​៦,៩%​ក្នុង​ឆ្នាំ​២០១៨ ដោយសារ​តែ​ការ​ស្ទុះ​ឡើង​វិញ​ក្នុង​វិស័យ​នាំ​ចេញ​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់ អម​ដោយ​ការ​ងើបឡើង​របស់​វិស័យ​ទេសចរណ៍ និង​កសិកម្ម​ផង​ដែរ ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ធនាគារ​មួយ​នេះ ។

យោង​តាម​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា (Cambodia Economic Update) ដែល​ត្រូវ​បាន​ប្រកាស​ថា ការ​ចំណាយ​កាន់តែ​ច្រើន​ឡើង​របស់​រាជរដ្ឋាភិបាល និង​លក្ខខណ្ឌ​សេដ្ឋកិច្ច​ពិភពលោក​មាន​អំណោយផល ក្នុង​នោះ​រួម​មាន តម្រូវការ​យ៉ាង​ស្វាហាប់​នៅ​ក្នុង​បណ្តា​សេដ្ឋកិច្ច​ប្រទេស​ជឿនលឿន​ផង សុទ្ធតែ​ជា​កត្តា​ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា ជា​មូលដ្ឋាន​ទ្រទ្រង់​ធ្វើ​ឱ្យ​កម្ពុជា​បន្ត​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ។

ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ហានិភ័យ​នៅ​តែ​បន្ត​មាន ហើយ​ក្នុង​នោះ​រួម​មាន ការ​បាត់បង់​បន្តិច​ម្តង​ៗ​នូវ​ភាព​ប្រកួតប្រជែង​ក្នុង​ការ​នាំ​ចេញ ដោយសារ​តែ​ការ​កើនឡើង​យ៉ាង​រហ័ស​នូវ​បៀវត្សរ៍​របស់​កម្មករ​, ពូន​គរ​នៃ​ភាព​ងាយ​រង​គ្រោះ​ដែល​មាន​ជា​យូរ​មក​ហើយ​នៅ​ក្នុង​កំណើន​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់​, ភាព​មិន​ច្បាស់លាស់​ដែល​អាច​កើត​មាន​ជុំវិញ​ការ​បោះ​ឆ្នោត​, ភាព​រញ្ជួយ​ម្តងម្កាល​បណ្តាល​មក​ពី​ការ​គាំពារ​និយម និង​ភាព​តានតឹង​ខ្លាំង​ឡើង​នៅ​ក្នុង​វិវាទ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែល​មាន​ជំនួញ​ធំ​ៗ​ក្នុង​ពិភពលោក ។
លោកស្រី អុ​ិ​ន​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​សម្រាប់​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា ៖« ដើម្បី​រក្សា​ឱ្យ​បាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ ប្រទេស​កម្ពុជា​សំខាន់​ណាស់ ត្រូវ​វិនិយោគ​ថែម​ទៀត​ទៅ​លើ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ ហើយ​ស្រប​ពេល​គ្នា​នោះ​ដែរ ត្រូវ​ប្រឹងរក​ដំណោះស្រាយ​ដល់​ឧបសគ្គ​នានា​ដែល​ធុរកិច្ច​ធុន​តូច និង​មធ្យម​កំពុង​ជួប​ប្រទះ ។ ការ​វិនិយោគ​ទៅ​លើ​មនុស្ស​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ឈាន​ទៅ​កាន់​អនាគត​មួយ​កាន់តែ​ចម្រុងចម្រើន » ។

របាយការណ៍​នេះ​បាន​កត់​សម្គាល់ថា ប្រទេស​កម្ពុជា​អាច​ធ្វើ​ឱ្យ​កំណើនសេដ្ឋកិច្ច​កាន់តែ​មាន​ចម្រុះ​ភាព​ជាង​មុន និង​បង្កើត​ការងារ​បាន​កាន់តែ​ច្រើន​ថែម​ទៀត តាម​រយៈ​ការ​កាត់​បន្ថយ​ចំណាយ​របស់​ក្រុមហ៊ុន​ទៅ​លើ​ដំណើរការ​បំពេញបែបបទ​បង្កើត​ក្រុមហ៊ុន ទៅ​លើ​ផ្នែក​ប្រតិបត្តិការ និង​ការ​ធ្វើ​ហិរញ្ញប្បទាន ។ របាយការណ៍​នេះ​ក៏​បាន​ផ្តល់​ផង​ដែរ​នូវ​អនុសាសន៍​ឱ្យ​ប្រទេស​កម្ពុជា​តាម​ឃ្លាំមើល​ឱ្យ​បាន​ដិត​ដល់​ទៅ​លើ​ដំណើរ​ស្ទុះ​ឡើង​នៅ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ ដោយ​រៀបចំ​ឱ្យ​មាន​គោលនយោបាយ​ប្រុង​ប្រយ័ត្ន​ជា​លក្ខណៈ​ម៉ា​ក្រូ ដែល​នឹង​ជួយ​បន្ថយ​វិសាលភាព​របស់​សកម្មភាព​កេង​យកចំណេញ​នៅ​ក្នុង​វិស័យ​ទាំងនេះ ។

ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​បាន​កើន​ដល់​ទៅ​១១,៨%​នៅ​ក្នុង​ឆ្នាំ​២០១៧ ធៀប​នឹង​កំណើន​៥%​នៅ​ក្នុង​ឆ្នាំ​២០១៦ ដោយសារ​លទ្ធផល​នៃ​កិច្ច​ខិតខំ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឱ្យ​មានការ​ហោះហើរ​កាន់តែ​ច្រើន​មក​ពី​ក្នុង​តំបន់ រួម​ទាំង​ពី​ប្រទេស​ចិន​ផង ដែល​ជាទី​ផ្សារ​សំខាន់​មួយ​សម្រាប់​វិស័យ​ទេសចរណ៍ ។ វិស័យ​កសិកម្ម​ក៏​មានការ​ស្ទុះ​ឡើង​ដែរ ជាមួយនឹង​ការ​ពង្រីក​ផ្ទៃដី​ធ្វើ​ស្រូវ​និង​ចម្ការ​កៅស៊ូ និង​ការ​ងើបឡើង​វិញ​បន្តិច​ម្តង​ៗ​របស់​តម្លៃ​កសិផល ។

គួរ​បញ្ជាក់​ថា របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា ជា​របាយការណ៍​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​២​ដង​ក្នុង​១​ឆ្នាំ សម្រាប់​ផ្តល់​ព័ត៌មាន​ថ្មី​ៗ​បំផុត​អំពី​កា​រវិ​វត្ត​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុជា ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​មធ្យម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ