រាជធានីភ្នំពេញ ៖ ឃ្លាំងលក់រថយន្ត និងស្តុកក្បាលរថយន្តកាប់សាច់បានក្លាយជាចំណីព្រះអគ្គីយ៉ាងសន្ធោសន្ធៅ និងឆ្លងរាលដាលដល់ឃ្លាំងលក់គ្រឿងបន្លាស់រថយន្តចំនួន២ និងលំនៅឋាននៅក្បែរនោះ២ខ្នងទៀត តាំងពីវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺ រហូតដល់ព្រឹកថ្ងៃ១០ ខែឧសភា ទើបពន្លត់រលត់ទៅវិញ និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នេះជាគ្រោះអគ្គិភ័យលើកទី៣ហើយនៅកណ្តាលរាជធានីភ្នំពេញ បន្ទាប់ពីភោជនីយដ្ឋានឥណ្ឌានិងជប៉ុន បានត្រូវភ្លើងឆេះជាបន្តបន្ទាប់គ្នា២ថ្ងៃកន្លងមក ។ ចំណុចដែលរងគ្រោះដោយអគ្គិភ័យនេះ ស្ថិតនៅក្រោយទីស្នាក់ការប៉ុស្តិ៍នគរបាលផ្សារដើមគតាមផ្លូវលេខ២១៩ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌ ទួលគោក ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតមានអគ្គិភ័យនេះ គេធុំក្លិនឈ្ងៀមចេញមកពីបន្ទប់ផ្ទះបាយរបស់ឃ្លាំងលក់រថយន្តយីហោ សោម ច័ន្ទថា ដែលមានស្តុកក្បាលរថយន្ត និងគ្រឿងម៉ាស៊ីន ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែលេចចេញជាអណ្តាតភ្លើងឆាបឆេះ ហើយភ្លាមៗនោះបងប្អូនម្ចាស់ឃ្លាំងរួមទាំងកម្មករដែលនៅក្នុងឃ្លាំង បាននាំគ្នាបើករថយន្តដែលចតនៅក្នុងនោះចេញ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននិងខាងរថយន្តពន្លត់អគ្គិភ័យ ។ ប៉ុន្តែ អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅរាលដាលដល់រថយន្ត៤គ្រឿងដែលបើកចេញមិនទាន់ គឺឆេះអស់ទាំងស្រុង ហើយឆេះឆ្លងរាលដាលទៅឃ្លាំងលក់គ្រឿងបន្លាស់រថយន្តដែលនៅជាប់នោះចំនួន២ទៀត និងបន្តឆេះផ្ទះ២ខ្នងរួមនឹងផ្ទះប្រធានភូមិផង
ដែរ ។

ខណៈមានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅនេះ ក៏មានអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យស្ថាប័ននានាដូចជា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អង្គភាព៧១១ សរុបចំនួន៤៣គ្រឿងមកជួយបាញ់ទឹកពន្លត់ ។ ទោះជាយ៉ាងណា ក្នុងគ្រោះអគ្គិភ័យនេះមិនមានអ្នករងរបួសទេ ថ្វីបើពេលភ្លើងឆាបឆេះនោះមានការផ្ទុះលាន់ឮឡើងមិនដាច់ស្នូរក៏ដោយ ។ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ថា តើការកើតមានអគ្គិភ័យនេះបណ្តាលមកពីមូលហេតុអ្វីពិតប្រាកដនៅឡើយទេ ។តាមការបំភ្លឺរបស់កម្មករឃ្លាំងលក់រថយន្តយីហោ សោម ច័ន្ទថា បានឱ្យដឹងថា ដំបូងគាត់ឃើញភ្លើងឆេះលើរបងឃ្លាំង់ក៏បានទាញទុយោទៅបាញ់ទឹកពន្លត់តែពន្លត់ពុំឈ្នះ ហើយភ្លើងក៏ឆាបឆេះទៅដល់កេសដាក់គ្រឿងបន្លាស់រថយន្ត និងឆាបឆេះឆ្លងដល់រថយន្តយ៉ាងសន្ធោសន្ធៅតែម្តង ។

ចំពោះការខូចខាតមាន ឃ្លាំងលក់រថយន្តចំនួន១ខ្នង ឆេះរថយន្តអស់៤គ្រឿង ម៉ូតូ៤គ្រឿង ឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ត២ក៏ ត្រូវឆេះទាំងស្រុង ។ ឯផ្ទះល្វែងចំនួន២ធ្វើពីថ្មក្រោមឈើលើក៏ត្រូវឆេះដែរ តែគ្មានរបួសគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ។ឃ្លាំង និងផ្ទះដែលត្រូវភ្លើងឆាបឆេះនោះត្រូវបានអាជ្ញាធរមូលដ្ឋានឱ្យដឹងថា ៖ ១-ឃ្លាំងទិញ-លក់រថយន្តយីហោ «សោម ច័ន្ទថា ទិញ-លក់រថយន្តគ្រប់ប្រភេទ»ស្ថិតនៅដីឡូត៍លេខ៣៦ ផ្លូវលេខ២១៩ ភូមិទី១៥ សង្កាត់ផ្សារដើមគ ដែលមានម្ចាស់ឈ្មោះ សោម ច័ន្ទថា ភេទប្រុស អាយុ២៨ឆ្នាំ ។ ឃ្លាំងនេះ ត្រូវសមត្ថកិច្ចនិងអាជ្ញាធរអះអាងថាជាដើមភ្លើង តែម្ចាស់និងបងប្អូនដែលដេកចាំឃ្លាំងបានបដិសេធ ។២-ឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត(កាប់សាច់រថយន្ត) ស្ថិតនៅក្នុងដីឡូត៍លេខ៣៦ មានម្ចាស់ឈ្មោះ ស្រុី គឹមហៀប ភេទប្រុស អាយុ៣០ឆ្នាំ ។ ឃ្លាំងទាំង២ខាងលើ បានជួលពីឈ្មោះ សោមសាយ ដែលមានលំនៅឋានក្បែរនោះ ។៣-ឃ្លាំងលក់គ្រឿងបន្លាស់រយន្ត ស្ថិតក្នុងដីឡូត៍លេខ២៦ មានម្ចាស់ឈ្មោះ ហ៊ីង ផេងឡា ភេទប្រុស ។ ៤-ផ្ទះល្វែងស្ថិតនៅក្នុងដីឡូត៍លេខ២៦ មានម្ចាស់ឈ្មោះ ចេង សុវណ្ណ ភេទប្រុស អាយុ៦៥ឆ្នាំ ដែលជាម្ចាស់ដីមួយផ្នែកជួលឱ្យឈ្មោះ ហ៊ីង ផេងឡា លក់គ្រឿងបន្លាស់រថយន្ត និងជួលឱ្យឈ្មោះ ចេង ហៀង ភេទប្រុស អាយុ៥០ឆ្នាំ លក់បាយ ។៥-ផ្ទះលេខលេខ២៦Z មានម្ចាស់ឈ្មោះ វិញ ទ្រី ភេទប្រុស អាយុ៦៦ឆ្នាំ ជាប្រធានភូមិទី១៥ ។

បើតាមឈ្មោះ ញាណ បូណាត់ ដែលត្រូវជាបងថ្លៃម្ចាស់ឃ្លាំងយីហោ សោម ច័ន្ទថា និងជាអ្នកជួយមើលការខុសត្រូវបានឱ្យដឹងថា នៅយប់នោះនៅក្នុងឃ្លាំងមានមនុស្សចំនួន៧នាក់គឺរូបគាត់ ប្រពន្ធ កូនតូច២នាក់ និងប្អូនម្ចាស់ឃ្លាំងដេកនៅក្នុងផ្ទះ ។ ចំណែកកម្មករ២នាក់ទៀត ដេកនៅខាងក្រៅ ស្រាប់តែភ្លើងបានឆាបឆេះឡើង និងរាលដាលដល់រថយន្តឆេះអស់ចំនួន៤គ្រឿងនិងម៉ូតូចំនួន៤គ្រឿង ។ បងថ្លៃម្ចាស់ឃ្លាំងរូបនេះនិយាយទៀតថា ភ្លើងបានឆេះចេញពីឃ្លាំងនៅជាប់នោះ មិនមែនឆេះចេញពីឃ្លាំងប្អូនរបស់គាត់ឡើយ ។
ដោយឡែក បើតាមរបាយការណ៍របស់នគរបាលមូលដ្ឋាននិងអាជ្ញាធរឱ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះចេញពីឃ្លាំងទិញ-លក់រថយន្តយីហោ សោម ច័ន្ទថា ហើយរាលឆេះទៅដល់ឃ្លាំងលក់គ្រឿងបន្លាស់រថយន្តចំនួន២ និងផ្ទះ២ខ្នងទៀតដែលសរុបទាំងអស់ឃ្លាំង៣និងផ្ទះ២ខ្នង ។ ចំណែកអ្នករងគ្រោះផ្សេងៗទៀតក៏បានអះអាងដូចគ្នាដែរ ហើយមុននឹងភ្លើងឆេះរាលដាលខ្លាំង សមត្ថកិច្ចក៏ដូចជាអ្នកយកព័ត៌មាន ចុះទៅដល់ឃើញភ្លើងឆេះមុនដំបូងតែរថយន្តមួយគ្រឿងទេ ហើយក៏បានឆេះរាលទៅរថយន្តនិងឃ្លាំងផ្សេងទៀត ។

ទោះជាយ៉ាងណា ចំពោះទំហំនៃការខូចខាតគិតជាទឹកប្រាក់ គេពុំទាន់បានដឹងថាមានចំនួនប៉ុន្មាននៅឡើយទេ ។ ប៉ុន្តែបើតាមការប៉ាន់ប្រមាណរបស់សមត្ថកិច្ចគឺអស់រាប់លានដុល្លារ ដែលក្នុងនោះតាមបងប្អូនម្ចាស់ឃ្លាំង សោម ច័ន្ទថាឆេះអស់រថយន្ត៤គ្រឿង និងម៉ូតូ៤គ្រឿងគិតជាប្រាក់ប្រមាណជាង៥០ម៉ឺនដុល្លារ ឃ្លាំងទី២អស់ប្រមាណជាង១លានដុល្លារ និងឃ្លាំងទី៣អស់ប្រហាក់ប្រហែលគ្នា ។ ចំណែកផ្ទះប្រធានភូមិអស់ប្រមាណជាង១០ម៉ឺនដុល្លារ និងផ្ទះមួយខ្នងទៀត ពុំដឹងពីទំហំនៃការខូចខាតឡើយ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៦កន្លងទៅ ឃ្លាំងចំនួន៧និងផ្ទះចំនួន៩ខ្នងនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក បានត្រូវបំផ្លាញដោយអគ្គិភ័យដូចគ្នានេះ ដែលការខូចបង់គិតជាទឹកប្រាក់រាប់លានដុល្លារដែរ ៕













អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ