ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​សម្រេច​តម្កល់​ទោស​ជនជាប់ចោទ ជួប សម្លា.ប់​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដដែល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាឧទ្ធរណ៍​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨​នេះ​បាន​សម្រេច​ប្រកាស​សា​ដីកា​តម្កល់​ទោស​ជនជាប់ចោទ អឿ​ត អាង ហៅ​ជួប សម្លាប់ នៅ​ដដែល​ពោល…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាឧទ្ធរណ៍​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨​នេះ​បាន​សម្រេច​ប្រកាស​សា​ដីកា​តម្កល់​ទោស​ជនជាប់ចោទ អឿ​ត អាង ហៅ​ជួប សម្លាប់ នៅ​ដដែល​ពោល គឺ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ​0​ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​ការ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ។

កាលពី​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៨ ចៅក្រម​សាលាឧទ្ធរណ៍​នេះ​បាន​បើក​សវនាការ​លើ​សំណុំរឿង​ជនជាប់ចោទ​អឿ​ត អាង​ហៅ ជួប សម្លាប់ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ។

យោង​តាម​ការ​បញ្ជាក់​របស់​លោក​មេធាវី ឡោ គី​ម​ហ្កិ​ច ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ ជួប សម្លាប់ បាន​និយាយ​ថា នៅ​ពេល​សវនាការ​កូនក្តី​របស់​លោក​បាន​សារភាព​តាំងពី​តុលាការ​ថ្នាក់​ក្រោម​មក​ម្លេះ អ៊ីចឹង​ក្នុង​នាម​ជា​មេធាវី​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​សូម​ឲ្យ​លោក​ចៅក្រម​ជួយ​បន្ធូ​បន្ថយទោស​ទៅ​លើ​កូនក្តី​តែ​ប៉ុណ្ណោះ ។

គួរ​រំលឹក​ផង​ដែល​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ លោក លាង សំណាត់ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ អឿ​ត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​ការ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ ។ នៅ​ពេល​សវនាការ​កាលពី​ថ្ងៃ​ទី​១ ខែ​មិ​នា ឆ្នាំ​២០១៧ «​ជួប សម្លាប់​» បាន​សារភាព​ថា ខ្លួន​ជា​អ្នក​បាញ់​សម្លាប់ លោក បណ្ឌិត កែម ឡី ដោយសារ​ខឹង​លោក កែម ឡី ជំពាក់ ប្រាក់​មិន​សង ហើយ អះអាង​ថា គ្មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ឃាតកម្ម​នេះនោះ​ទេ ។

គួរ​បញ្ជាក់​ថា អឿ​ត អាង ហៅ​ជួប សម្លាប់ អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​បាញ់​សម្លាប់ លោក​បណ្ឌិត កែម ឡី កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ទីតាំង​ស្តារ​ម៉ា​តនៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ស្ថិត​នៅ​កាច់ជ្រុង មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី ម៉ៅ​សេ​ទុង ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕

កែសម្រួលដោយ