ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ថ្នាំជក់​ក្នុងស្រុក​មួយ​ចំនួន​នៅ​តែ​បន្ដ​រំលោ.ភច្បាប់​គ្រប់គ្រង​ថ្នាំជក់​យ៉ាង​គឃ្លើន

5 ឆ្នាំ មុន
  • ភ្នំពេញ

ទោះបីជា​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ថ្នាំជក់​ត្រូវ​បាន​អនុម័ត និង​ដាក់​ឲ្យ​អនុវត្ត​យ៉ាងណា​ក្ដី គេ​សង្កេត​ឃើញ​មានការ​រំលោភច្បាប់​យ៉ាង​គឃ្លើន​ដោយ​ឥត​ញញើត​ដៃ​ពី​សំណាក់​ក្រុម​ហ៊ុន​​ថ្នាំជក់​ក្នុងស្រុក​មួយ​ចំនួន ហើយ​បន្ត​ចរាចរ​លក់​យ៉ាង​រំភើយ​នៅ​ទូ​ទាំង​ប្រទេស​។ យោង​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ថ្នាំជក់​បាន​ចែង​ថា «​គ្រប់​កញ្ចប់​ផលិតផល​ថ្នាំជក់​ដែល​​ចរាចរ ​និង​ដាក់​តាំង​លក់​ត្រូវ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​ក្នុង​​ទំហំ ៥០% និង​ជា​អក្សរ​ខ្មែរ ៥%…

ទោះបីជា​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ថ្នាំជក់​ត្រូវ​បាន​អនុម័ត និង​ដាក់​ឲ្យ​អនុវត្ត​យ៉ាងណា​ក្ដី គេ​សង្កេត​ឃើញ​មានការ​រំលោភច្បាប់​យ៉ាង​គឃ្លើន​ដោយ​ឥត​ញញើត​ដៃ​ពី​សំណាក់​ក្រុម​ហ៊ុន​​ថ្នាំជក់​ក្នុងស្រុក​មួយ​ចំនួន ហើយ​បន្ត​ចរាចរ​លក់​យ៉ាង​រំភើយ​នៅ​ទូ​ទាំង​ប្រទេស​។

យោង​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ថ្នាំជក់​បាន​ចែង​ថា «​គ្រប់​កញ្ចប់​ផលិតផល​ថ្នាំជក់​ដែល​​ចរាចរ ​និង​ដាក់​តាំង​លក់​ត្រូវ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​ក្នុង​​ទំហំ ៥០% និង​ជា​អក្សរ​ខ្មែរ ៥% នៃ​ផ្ទៃ​សង​ខាងលើ​កញ្ចប់​បារី និង​សុង»​។​ តែ​ជាក់ស្ដែង នៅ​តាម​​ទីតាំង​លក់រាយ​ផលិតផល​បារី​ទូ​ទាំង​ប្រទេស ត្រូវ​បាន​គេ​មើលឃើញ​ថា កញ្ចប់​បារី​ដែល​មាន និង​គ្មាន​សារ​ព្រមាន​ជា​រូបភាព​ត្រូវ​បាន​ដាក់​តាំង​លក់​ច្របូកច្របល់​គ្នា​ក្នុង​ទូ​តាំង​តែ​មួយ ដូច​ជា​បារី Luxury, Angkor Meas, Crown, Cambo, Shuang Xi, Cowboy, IZA, Lapin, ESSE, MOND, Gold Seal, D&J, Golden Deer និង Oris ដែល​បញ្ហា​នេះ នាំ​ឲ្យ​អ្នក​ជក់​ជ្រើស​យក​តែ​ផលិតផល​បារី ដែល​គ្មាន​សារ​ព្រមាន​ជា​រូបភាព ដែល​មើលទៅ​មិនសូវ​អាក្រក់​ហួសហេតុ តែ​ជា​បារី​មិន​ស្របច្បាប់ និង​បង្កើត​បាន​នូវ​បរិយាកាស​ប្រកួត​ប្រ​ជែក​​មិន​ស្មើភាព​គ្នា និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្មារតី​នៃ​ច្បាប់ និង​ប៉ះពាល់​ក្រុមហ៊ុន​អនុ​លោម​ភាព​ផ្សេង​ទៀត​។

គួរ​រំឭក​ថា កាលពី​ពីរ​ខែ​កន្លង​ទៅ មានការ​ចុះ​បង្ក្រាប​ដល់ទី​តាំង​រោងចក្រ​ផលិត​ផ្ទាល់​របស់​​ក្រុមហ៊ុន វី​នី​តុ​ន និង ស៊ី​ធី​ខេ ហើយ​រក​ឃើញ​ថា​ក្រុមហ៊ុន​ទាំង​ពីរ​នេះ ពិតជា​បាន​រំលោភច្បាប់​យ៉ាង​ប្រាកដ​មែន​។ ក្នុង​ករណី​នៅ​តែ​បន្ដ​រំលោភច្បាប់​ទៀត អាជ្ញាធរ​ពាក់​ព័ន្ធ​នឹង​ចាត់វិធានការ​តឹង​រឹង​អាច​ឈាន​ទៅ​ផ្អាក​អាជីវកម្ម និង​ដាក់​ពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​។ ដោយឡែក បន្ទាប់​ពី​ការ​ចុះ​បង្ក្រាប ក្រុមហ៊ុន វី​នី​តុ​ន​គ្រុប បាន​ធ្វើ​កិច្ចសន្យា​លាយលក្ខណ៍អក្សរ​ដោយ​សន្យា​ថា ​នឹង​បញ្ឈប់​រាល់​ការ​ផលិត ចែកចាយ​លក់​នូវ​ផលិតផល​បារី​ដែល​គ្មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​អក្សរ​ទៀត​ហើយ ចំពោះ​ផលិតផល​បារី​ដែល​កំពុង​ចរាចរ និង​តាំង​លក់​នៅ​លើ​ទីផ្សារ ខ្លួន​នឹង​សន្យា​ថា ​ប្រមូល​មក​កែតម្រូវ​វិញ​ឲ្យ​អស់​ត្រឹម​ថ្ងៃ​ទី ០១ ខែមិថុនា ហើយ​សំណុំរឿង​របស់​ក្រុមហ៊ុន ស៊ី​ធី​ខេ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ជា​ធរមាន​។

ចំពោះ​ចំណាត់ការ​របស់​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​​ពាក់ព័ន្ធ​ទៅ​លើ​ក្រុមហ៊ុន វី​នី​តុន និង ស៊ី​ធី​ខេ សាធារណជន​គឺ​មាន​សាទរភាព​យ៉ាង​ខ្លាំង ហើយ​ក៏​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា ​តើ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ បែរមក​គោរព​ច្បាប់​ជា​ធរមាន ឬ​នៅ​បន្ត​បំពាន​ច្បាប់​ទៀត​ឬ​ក៏​យ៉ាងណា? ហើយ​ថា ​តើ​ក្រសួងសុខាភិបាល និង​អាជ្ញា​ធរពាក់ព័ន្ធ​នឹង​ចុះ​បង្ក្រាប​​ទៅ​លើ​ក្រុមហ៊ុន​ធំ​ៗ​ផ្សេង​ទៀត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ថ្នាំជក់​អាច​អនុវត្ត​ទៅ​បាន​ប្រកបដោយ​ប្រសិទ្ធ​​ភាព?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ