ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ឆ្នេរ និង​កោះកំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ ៖ អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ តំបន់ឆ្នេរ និង​កោះ​បាន​និង​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី​របស់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​កាន់តែ​ច្រើន​ឡើង​ៗ​គួរ​ឲ្យ​ចាប់អារម្មណ៍ ។ ដោយ​មើលឃើញ​បែប​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ តំបន់ឆ្នេរ និង​កោះ​បាន​និង​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី​របស់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​កាន់តែ​ច្រើន​ឡើង​ៗ​គួរ​ឲ្យ​ចាប់អារម្មណ៍ ។ ដោយ​មើលឃើញ​បែប​នេះ ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​គោលការណ៍​៣​ចំណុច​សំខាន់​ៗ ដើម្បី​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​បន្ថែម​ទៀត ។

ក្នុង​សិក្ខាសាលា​ស្តី​ពី «​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា ក្នុង​នាម​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក​» កាលពី​ថ្ងៃ​ទី​៧ ឧសភា នៅ​សណ្ឋាគារ​ឆ្នេរ​ឯករាជ្យ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​ថា កម្ពុជា​បាន​កំណត់​ទិស​ដៅ​ជា​យុទ្ធសាស្ត្រ ក្នុង​ការ​អភិវឌ្ឍ​ទេសចរណ៍​តំបន់ឆ្នេរ​ទាំង​៤ រួម​មាន ឆ្នេរ​ខេត្ត​ព្រះ​សីហ​នុ ឆ្នេរ​ខេត្តកំពត ឆ្នេរ​ខេត្ត​កែប និង​ឆ្នេរ​ខេត្តកោះកុង រួម​ទាំង​កោះ ឲ្យ​ស្រប​តាម​អត្តសញ្ញាណ​និង​សក្តានុពល​នៃ​ខេត្ត​នីមួយ​ៗ ព្រមទាំង​ដើម្បី​ស្រូប​យក​ភ្ញៀវ​ទេសចរ​ផង​ដែរ ។
លោក ថោ​ង ខុន មាន​ប្រសាសន៍​ថា ៖
« ដើម្បី​សម្រេច​បាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​ខាងលើ​នេះ ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ រួម​ទាំង​រដ្ឋបាល​ថ្នាក់​ខេត្ត​តំបន់ឆ្នេរ បាន​និង​កំពុង​យកចិត្តទុកដាក់​លើ​ការងារ​យុទ្ធសាស្ត្រ​ចំនួន​៣​ចំណុច​សំខាន់​ៗ​រួម​មាន ការ​គ្រប់គ្រង​តំបន់ឆ្នេរ​ខ្សាច់​កម្សាន្ត​, ការ​គ្រប់គ្រង​ទីតាំង​ក្រុង​ទេសចរណ៍​ជាប់​ឆ្នេរ និង​ការ​គ្រប់គ្រង​កោះ » ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ការងារ​យុទ្ធសាស្ត្រ​ទាំងនេះ គឺ​អនុវត្ត​តាម​អនុសាសន៍​របស់​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ពិធី​អបអរសាទរ​ការ​ដាក់​បញ្ចូល​ឆ្នេរសមុទ្រ​កម្ពុជា និង​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក ចាប់ពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១១ កន្លង​ទៅ ។ ការងារ​នេះ ដើម្បី​ធានា​ឲ្យ​សកម្មភាព​ទេសចរណ៍​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​កម្ពុជា​កាន់តែ​ស្រស់​ស្អាត មាន​អនាម័យ និង​សណ្តាប់ធ្នាប់​ប្រកបដោយ​ភាព​ទាក់ទាញ ។

ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ទីក្រុង​ទេសចរណ៍​ជាប់​ឆ្នេរ លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា ៖« ទីក្រុង ជាប់​ឆ្នេរ នឹង​ត្រូវ​បាន​រៀបចំ​ឱ្យ​មាន​សណ្តាប់ធ្នាប់ ល្អ សេវាកម្ម​ល្អ​ប្រកបដោយ​គុណភាព និង​មាន​សុវត្ថិភាព ព្រមទាំង​អភិរក្ស​បាន​នូវ​ភាព​ស្អាត​និង​បៃតង និង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ទីក្រុង​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ ប៉ុន្តែ​ការ​អភិវឌ្ឍ​ទីក្រុង​តែងតែ​ផ្តល់​ផល​ប៉ះពាល់​ដល់​តំបន់ឆ្នេរ​ផង​ដែរ ។ ដូច្នេះ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅ​តំបន់ឆ្នេរ ចាំបាច់​ណាស់​ត្រូវ​អភិវឌ្ឍន៍​ទីក្រុង​ឱ្យ​ក្លាយជា​ទីក្រុង​បៃតង » ។

លោក ថោ​ង ខុន បញ្ជាក់​ថា ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ បាន​និង​កំពុង​រៀបចំ​ផែនការ​គ្រប់គ្រង​កោះ​នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដើម្បី​ឱ្យ​កោះ​ទាំងអស់​ក្លាយជា​គោលដៅ​ទេសចរណ៍​បៃតង និង​គោលដៅ​អេកូ​ទេសចរណ៍ ។ លោក​ថា ៖« រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​មាន​វិធានការ​ត្រួតពិនិត្យ​លើ​គម្រោង​វិនិយោគ​កោះ​ទាំងអស់​ដែល​បាន​អនុម័ត​រួច​ហើយ ហើយ​មិន​មានដំណើរ​ការ​រៀបចំ​និង​អភិវឌ្ឍន៍ គឺ​ត្រូវ​ដកហូត​យក​មក​វិញ ដើម្បី​ធ្វើការ​រៀបចំ និង​ស្វែងរក​ដៃគូ​វិនិយោគ​ដែល​មានការ​អភិវឌ្ឍ​ពិតប្រាកដ » ។

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​១,១​លាន​នាក់ កើនឡើង​១១,១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧ ។
ការ​កើនឡើង​នេះ បើ​តាម​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍ World Express Tours & Travel លោក ហូ វ​ណ្ឌី បាន​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ដោយសារ​តែ​ការ​ភ្ជាប់​ជើងហោះហើរ​តាម​គោលដៅ​សហគមន៍​របស់​យើង​នៅ​អាស៊ី ជា​ពិសេស​ប្រទេស​ចិន ។
ទន្ទឹម​នឹង​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កាន់តែ​ច្រើន​ថែម​ទៀត លោក​ថា ៖« យើង​គួរ​យកចិត្តទុកដាក់​លើ​ការ​ការពារ និង​ការ​ថែទាំ ដែល​ជា​កត្តា​សំខាន់ ពិសេស​គឺ​ថែរក្សា​នូវ​កេរដំណែល​បុព្វបុរស​ដូនតា​យើង​ឲ្យ​នៅ​គង់វង្ស ព្រមទាំង​ថែរក្សា​បរិស្ថាន និង​អនាម័យ​ឲ្យ​បាន​ស្អាត ព្រោះ​សំរាម​ជាស​ត្រូវ​របស់​ភ្ញៀវ​ទេសចរ » ។

លោក​បន្ដ​ថា ទន្ទឹម​នឹង​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​នេះ បញ្ហា​កើត​មាន​ក៏​កាន់តែ​ច្រើន​ដែរ ពិសេស​ការ​បំពុលបរិស្ថាន និង​អនាម័យ​តែ​ម្ដង ។ ដូច្នេះ សូម​ចូលរួម​ថែរក្សា​បរិស្ថាន និង​អនាម័យ​ឲ្យ​បាន​ល្អ ។ ទន្ទឹម​នឹង​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ផង​ដែរ ដើម្បី​កែប្រែ​ផ្នត់គំនិត​ពី​ការ​បោះ​សំរាម​តាម​ទី​សាធារណៈ មក​រក្សា​ទុក​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ ។

លោក​សង្កត់ធ្ងន់​ថា ៖« នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ក្ដី ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្ដី ការ​អនុវត្ត និង​គោរព​ច្បាប់ ជា​កត្តាចាំបាច់​បំផុត គឺ​មាន​ទាំង​ការ​ដាក់​ទោសទណ្ឌ មាន​ទាំង​ការ​ផាកពិន័យ និង​ការ​យក​ទៅ​ឃុំខ្លួន​ក៏​មាន ។ ដូច្នេះ យើង​ត្រូវ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​កំណើន​ទេសចរ ដើម្បី​កំណើន​ការងារ និង​ប្រាក់​ចំណូល​។ ប្រសិនបើ​គ្មាន​ចំណុច​ទាំងនេះ​ទេ ភ្ញៀវ​ក្នុងស្រុក​ក៏​មិន​ទៅ ភ្ញៀវ​ក្រៅ​ស្រុក​ក៏​មិន​មក នោះ​ហើយ​គឺជា​ផលវិបាក​របស់​យើង​ទាំងអស់​គ្នា​តែ​ម្ដង » ។

តាម​ការ​ព្យាករ កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​៦,១​លាន​នាក់​នៅ​ឆ្នាំ​នេះ​, ប្រមាណ​១០​លាន​នាក់​នៅ​ឆ្នាំ​២០២៥ និង​ប្រមាណ​១៥​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ដោយ​ផ្តល់​ចំណូល​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ ហើយ​ផ្តល់​ឱកាស​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​២​លាន​នាក់ និង​ប្រយោល​រាប់​លាន​នាក់​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ