ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​៣ជា​ខ្សែ​ប៉ូ​ល​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ គឺ​មាន​ប្រវែង​ជាង​១៣៤​គីឡូម៉ែត្រ និង​គ្រោង​ចំណាយ​ថវិកា​២១៩.៩១១​លាន​ដុល្លារ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមា​និ​ត​ចិន រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ គឺ​មាន​ប្រវែង​ជាង​១៣៤​គីឡូម៉ែត្រ និង​គ្រោង​ចំណាយ​ថវិកា​២១៩.៩១១​លាន​ដុល្លារ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមា​និ​ត​ចិន រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ វា​ជា​ផ្លូវ​តែ​មួយ​គត់​ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​ការ​ដឹក​ជញ្ជូន​ផលិតផល ជា​ពិសេស ការ​ដឹក​ជញ្ជូន​អំបិល​ពី​ខេត្តកំពត​ទៅ​កាន់​ខេត្ត​ផ្សេង​ៗ និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ទៅ​កាន់​ភូមិភាគ​និរតី​នៃ​តំបន់​សមុទ្រ​កម្ពុជា​ផង​ដែរ ។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ផ្លូវជាតិ​លេខ​៣ កាលពី​ថ្ងៃ​ទី​៧ ឧសភា លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​លើក​ឡើង​ថា ផ្លូវជាតិ​លេខ​៣​នេះ គឺជា​ខ្សែ​ផ្លូវ​នៃ​ប៉ូ​ល​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ត​ភ្ជាប់​រាជធានី​ភ្នំពេញ ទៅ​កាន់​ខេត្តកំពត ដោយ​ឆ្លងកាត់​រាជធានី​-​ខេត្ត​ចំនួន​៥​រួម​មាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និង​កំពត និង​អា​ចត​ភ្ជាប់​ទៅ​កាន់​កំពង់​ផែ​សមុទ្រ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ តាម​រយៈ​ផ្លូវជាតិ​លេខ​៤ និង​ខេត្តកោះកុង ច្រកព្រំដែន​កម្ពុជា​-​ថៃ តាម​រយៈ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៤៨ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« បន្ទាប់​ពី​ការ​សាងសង់​រួចរាល់​ជា​ស្ថាពរ ផ្លូវជាតិ​លេខ​៣​នេះ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ផលិតផល ដំណាំ​កសិផល និង​ក​សិ​-​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន​វិនិយោគ និង​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​តំបន់​នៅ​ទូ​ទាំង​ប្រទេស ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក ជា​ពិសេស ទៅ​កាន់​ទីផ្សារ​អន្តរជាតិ តាម​រយៈ​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​យើង ប្រកបដោយ​ភាព​ងាយស្រួល និង​ឆាប់រហ័ស សំដៅ​ទាញ​យក​អត្ថប្រយោជន៍​ឲ្យ​បាន​ច្រើន​លើសលប់​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន តំបន់ និង​ពិភពលោក​។ ផ្លូវជាតិ​នេះ នឹង​ក្លាយជា​ផ្លូវ​មួយ​ដ៏​ទំនើប​នៅ​កម្ពុជា មាន​ភាពរឹងមាំ ធំ​ទូលាយ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ ការ​កកស្ទះ​ចរាចរណ៍ ជា​ពិសេស ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៤ បាន​មួយ​កម្រិត​ថែម​ទៀត » ។

លើស​ពី​នេះ ផ្លូវជាតិ​លេខ​៣ ក៏​ជា​ចំណែក​នៃ​ច្រករបៀង​ប៉ែក​ខាងត្បូង​តាម​មាត់សមុទ្រ​នៃ​មហា​អនុ​តំបន់​មេគង្គ ត​ភ្ជាប់​បណ្តាញ​ផ្លូវ​អាស៊ាន​ហា​យ​វ៉េ​លេខ​១២៣ ពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា តាម​រយៈ​ផ្លូវជាតិ​លេខ​៤៨ ហើយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំការ​លួង ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ផ្លូវបំបែក​វាល​រេញ និង​បន្ត​ទៅ​ប្រទេស​វៀតណាម តាម​រយៈ​ផ្លូវជាតិ​លេខ​៣៣ កាត់​តាម​កំពង់ត្រាច ចេញ​ទៅ​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម ព្រែក​ចាក (​កំពត​)-​សា​សៀរ (​ហា​ទៀង​) ដែល​នឹង​ជួយ​ជំរុញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង ។ លោក ស៊ុន ចាន់​ថុ​ល បាន​បញ្ជាក់​បន្ថែម ។

លោក វ៉ា វី​រៈ ប្រធាន​ជំនាញ​អចលនទ្រព្យ​អន្តរជាតិ បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ នា​ថ្ងៃ​ទី​៧ ឧសភា ថា សក្តានុពល​ខេត្តកំពត​មក​ទល់​ពេល​នេះ គឺ​កំពុង​មាន​សន្ទុះ​ខ្លាំង ហើយ​បើសិនជា​ការ​សាងសង់​ផ្លូវជាតិ​លេខ​៣​រួចរាល់​ទៀត​នោះ គឺ​កាន់តែ​ធ្វើ​ឲ្យ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ រឹតតែ​កើនឡើង​បន្ថែម​ទៀត​ទាំង​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ ។
លោក​ថ្លែង​ថា ៖« កំពត​ជា​កន្លែង​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ ព្រោះ​មាន​ដងព្រែក​យ៉ាង​ស្រស់​ស្អាត និង​ភ្នំ​បូកគោ ដែល​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ខ្លាំង​ជាងគេ ហើយ​ភ្ញៀវ​ទេសចរ​នឹង​កាន់តែ​ចូល​មក​ទស្សនា​ច្រើន​ថែម​ទៀត ស្រប​ពេល​យើង​មាន​ផ្លូវ​ល្បឿន​លឿន​ងាយស្រួល​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត » ។

លោក​បន្ត​ថា បន្ទាប់​ពី​ផ្លូវជាតិ​លេខ​៣​នេះ​ធ្វើ​រួចរាល់​ហើយ សក្ដានុពល​របស់​ខេត្ត​មួយ​ចំនួន​ដែល​នៅ​ជាប់​ផ្លូវ​នោះ នឹង​បន្ត​កើនឡើង ស្រប​ពេល​ខេត្ត​មួយ​ចំនួន​ក៏​មាន​រោងចក្រ​កាត់ដេរ ឬ​ដី​សម្រាប់​ធ្វើ​កសិកម្ម​រួច​ហើយ ។ ជាក់ស្តែង ដូច​ជា ខេត្តកណ្តាល ស្ថិត​នៅ​ក្បែរ​រាជធានី​ភ្នំពេញ អីចឹង សក្តានុពល​សេដ្ឋកិច្ច គឺ​ពាក់ព័ន្ធ​នឹង​វិស័យ​ឧស្សាហកម្ម​រួម​មាន ការ​សាងសង់​រោងចក្រ ជាដើម ដែល​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​មាន​ភាព​ងាយស្រួល ។ រីឯ​ខេត្តតាកែវ មាន​សក្តានុពល​ខាង​កសិកម្ម ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ ហើយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ក៏​អាច​រក​ចំណូល​បន្ថែម​ពី​ការ​លក់ដូរ​ផង​ដែរ ។

ថ្លែង​ក្នុង​ពី​ធី​បើក​ការដ្ឋាន​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​កំពត សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ថា នៅ​ពេល​ផ្លូវជាតិ​លេខ​៣​នេះ​សាងសង់​រួច​ហើយ បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នឹង​ចំណេញ​ពេលវេលា ព្រមទាំង​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេង​ៗ​បាន​ច្រើន ។
សម្តេច​ថ្លែង​ដូច្នេះ​ថា ៖« តាម​រយៈ​ផ្លូវជាតិ​លេខ​៣​នេះ បើ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចង់​ធ្វើ​ដំណើរ​ទៅ​លេង​កំពង់សោម ក៏​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​នេះ ហើយ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​តាម​ផ្លូវជាតិ​លេខ​៣ ក៏​កាន់តែ​ងាយស្រួល​ផង​ដែរ » ។

គួរ​បញ្ជាក់​ថា គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ គឺ​មាន​ប្រវែង​សរុប​១៣៤.៨២៦​គីឡូម៉ែត្រ ចាប់ពី​រាជធានី​ភ្នំពេញ (​ចោម​ចៅ​) ដល់​ក្រុង​កំពត ដោយ​ឆ្លងកាត់​រាជធានី​ភ្នំពេញ ប្រវែង​១២​គីឡូម៉ែត្រ​, ខេត្តកណ្តាល ប្រវែង​១១​គីឡូម៉ែត្រ​, ខេត្តកំពង់ស្ពឺ ប្រវែង​៣០​គីឡូម៉ែត្រ​, ខេត្តតាកែវ ប្រវែង​៣០​គីឡូម៉ែត្រ និង​ខេត្តកំពត ប្រវែង​៥១​គីឡូម៉ែត្រ ។

គម្រោង​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Corporation) និង​ទីប្រឹក្សាបច្ចេកទេស ដោយ​ក្រុមហ៊ុន​ត្រួតពិនិត្យ​សាងសង់ ក្វា​ង​ចូ​វ​វ៉ា​ន​អាន (Guangzhou Wanan Construction Supervision Co., Ltd) និង​ប្រើ​រយៈពេល​៤៨​ខែ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ