រាជធានីភ្នំពេញ ៖ សេដ្ឋកិច្ចប្រទេសស្ថិតក្នុងតំបន់អាស៊ានបូក៣ នៅឆ្នាំ២០១៨នេះ រំពឹងនឹងបន្តកើនឡើងប្រមាណ៥,៤% និងឆ្នាំ២០១៩ នឹងថមថយមក៥,២% ជាមួយនឹងកម្រិតអតិផរណាជាមធ្យម២% ។ ជាមួយគ្នានេះ ហានិភ័យចំពោះតំបន់អាចនឹងមានភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក-ចិន រួមនឹងស្ថានភាពតឹងរ៉ឹងនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងកត្តាភូមិសាស្ត្រនយោបាយ ។
នេះបើយោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣-AMRO ផ្ដល់ដោយធនាគារជាតិនៃកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់ទេសាភិបាលធនាគារកណ្ដាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣ (ចិន, ជប៉ុន, កូរ៉េខាងត្បូង) នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន កាលពីថ្ងៃទី៤ ឧសភា កន្លងមក ។

ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំ(ថ្នាក់ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣) បានបង្ហាញជំហររួមក្នុងការបន្តអនុវត្តគោលនយោបាយគាំទ្រពាណិជ្ជកម្មអន្តរជាតិ ទន្ទឹមនឹងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ដែលបានកើនឡើងជាលំដាប់ ឱ្យកាន់តែសកម្មថែមទៀត និងបង្កើនការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសសមាជិក ។ លើសពីនេះ ថ្នាក់រដ្ឋមន្ត្រី និងទេសាភិបាលអាស៊ាន+៣ បានប្តេជ្ញាពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុតំបន់ ជាពិសេសលើការពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុតំបន់ ។
តាមធនាគារជាតិនៃកម្ពុជាលើកឡើងថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ វឌ្ឍនភាពចម្បងៗនៃកិច្ចសហប្រតិបត្តិការអាស៊ាន+៣ មានដូចជា ៖
១-ការិយាល័យ AMRO បានបន្តពង្រឹងសមត្ថភាពតាមដាន និងវិភាគសេដ្ឋកិច្ចប្រទេសសមាជិក ក៏ដូចជាតំបន់ ហើយបានផ្តល់ជាអនុសាសន៍ក្នុងការរៀបចំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចជូនប្រទេសជាសមាជិក ។
២-ពង្រឹងយន្តការត្រៀមជួយគ្នាសម្រាប់បង្ការនិងគ្រប់គ្រងវិបត្តិ ក្រោមពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) ។
៣-កំពុងធ្វើបច្ចុប្បន្នកម្មកិច្ចព្រមព្រៀង និងគោលការណ៍អនុវត្តរបស់ពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ ស្របតាមស្ថានភាពរីកចម្រើននៃតំបន់ ការប្រែប្រួលនៃនិម្មាបកម្មហិរញ្ញវត្ថុអន្តរជាតិ និងភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក ។
៤-ពង្រឹងការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណជារូបិយវត្ថុរបស់សមាជិក ដើម្បីផ្តល់ប្រភពទុនដល់សកម្មភាពសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ។

ធនាគារជាតិនៃកម្ពុជា បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន+៣ ដោយបាន ៖
១-បញ្ចប់ការបើកគណនីជាប្រាក់រៀលជូនប្រទេសសមាជិកទាំងអស់ និងបានបើកគណនីជារូបិយប័ណ្ណនៅប្រទេសសមាជិក សម្រាប់សម្រួលដល់ដំណើរការផ្តល់ប្រាក់កម្ចីឲ្យគ្នា ក្នុងករណីមានប្រទេសសមាជិកត្រូវការសន្ទនីយភាពសម្រាប់យកទៅបង្ការ និងគ្រប់គ្រងវិបត្តិ ។
២-ចូលរួមក្នុងការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀង និងគោលការណ៍អនុវត្តរបស់ពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ ។
៣-ចូលរួមពិភាក្សាលើការបង្កើតសញ្ញាប័ណ្ណជារូបិយវត្ថុជាតិនៅកម្ពុជា ។
៤-ពង្រឹងគុណភាពទិន្នន័យ និងធ្វើឲ្យទិន្នន័យមានសង្គតិភាពជាមួយបណ្តាប្រទេសក្នុងតំបន់ ។
៥-ដើរតួនាទីនៅក្នុងការសាកល្បង (Test-run) យន្តការ CMIM នៅឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹងការអនុវត្ត CMIM ។
ទន្ទឹមនឹងនោះ ធនាគារជាតិនៃកម្ពុជា ក៏ទទួលបានឱកាសបញ្ជូនបុគ្គលិកឱ្យហាត់ការងារនៅការិយាល័យ AMRO ដើម្បីបង្កើនសមត្ថភាពវិភាគសេដ្ឋកិច្ច និងកំពុងត្រៀមទទួលយកនូវជំនួយបច្ចេកទេសពីការិយាល័យ AMRO នាពេលខាងមុខ ៕
ចែករំលែកព័តមាននេះ