ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ កម្ពុជា​គ្រោង​នាំ​ចូល​អំបិល​ប្រមាណ​ពី៣ទៅ៤​ម៉ឺន​តោន

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សមាគម​អំបិល​កំពត​-​កែប គ្រោង​នាំ​ចូល​អំបិល​ពី​ប្រទេស​ជិតខាង ប្រមាណ​ពី​៣​ទៅ​៤​ម៉ឺន​តោន​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ដោយសារ​ឆ្នាំ​នេះ ភ្លៀង​ធ្លាក់​ច្រើន​ធ្វើ​ឲ្យ​កសិករ​មិន​អាច​ផលិត​អំបិល​បាន ។ ចំណែក​អំបិល​ក្នុង​ស្តុក គឺ​អាច​ផ្គត់ផ្គង់​បាន​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ…

ខេត្តកំពត ៖ សមាគម​អំបិល​កំពត​-​កែប គ្រោង​នាំ​ចូល​អំបិល​ពី​ប្រទេស​ជិតខាង ប្រមាណ​ពី​៣​ទៅ​៤​ម៉ឺន​តោន​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ដោយសារ​ឆ្នាំ​នេះ ភ្លៀង​ធ្លាក់​ច្រើន​ធ្វើ​ឲ្យ​កសិករ​មិន​អាច​ផលិត​អំបិល​បាន ។ ចំណែក​អំបិល​ក្នុង​ស្តុក គឺ​អាច​ផ្គត់ផ្គង់​បាន​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​ប្រធាន​សមាគម​អំបិល​កំពត​-​កែប ។

ថ្លែង​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ទី​៦ ឧសភា ម្សិលមិញ លោក លី សេង ប្រធាន​សមាគម​អំបិល​កំពត​-​កែប បាន​ប្រាប់​ថា សមាគម​កំពុង​តែ​ពិភាក្សា​ជាមួយ​ខេត្ត ក្នុង​ការ​ស្នើ​សុំ​រាជរដ្ឋាភិបាល ដើម្បី​នាំ​ចូល​អំបិល​ពី​ក្រៅ​មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ខណៈ​អំបិល​ក្នុង​ស្តុក​មិន​គ្រប់គ្រាន់ ។

លោក​មាន​ប្រសាសន៍​ថា ៖« ការ​ពិភាក្សា​រវាង​សមាគម និង​ខេត្ត​លើក​នេះ យើង​មិន​ទាន់​សម្រេច​ថា នឹង​នាំ​ចូល​ពី​ប្រទេស​ណាមួយ​ច្បាស់​នៅឡើយ​ទេ តែ​កាលពី​ឆ្នាំ​២០០៩ យើង​ធ្លាប់​នាំ​ចូល​ពី​ប្រទេស​ចិន ចំនួន​៣​ម៉ឺន​តោន​ម្ដង​រួច​ទៅ​ហើយ ប៉ុន្តែ​លើក​នេះ ប្រហែល​អាច​ជា​ចិន​ទៀត​ក៏​ថា​បាន » ។

លោក​បន្ត​ថា ៖« សម្រាប់​គម្រោង​លើក​នេះ ប្រហែល​យើង​នឹង​ដាក់​ស្នើការ​នាំ​ចូល​អំបិល​ចំនួន​៣​ម៉ឺន​តោន ដោយសារ​អំបិល​ដែល​មាននៅ​ក្នុង​ស្តុក អាច​នឹង​ផ្គត់ផ្គង់​បាន​សម​ល្មម​ត្រឹមតែ​ខែកញ្ញា​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​អាកាសធាតុ​អំណោយផល គឺ​នៅ​ចុងខែ​ធ្នូ ឬ​ដើម​ខែមករា យើង​នឹង​ចាប់ផ្ដើម​ផលិត​អំបិល​ឡើង​វិញ ហើយនឹង​ផ្អាក​ការ​នាំ​ចូល​អំបិល​ពី​ក្រៅ » ។

ប្រធាន​ការិយាល័យ​រដ្ឋបាល​អំបិល​កំពត​-​កែប លោក អ៊ុំ ឈុ​ន បាន​ប្រាប់​កោះសន្តិភាព​នា​ថ្ងៃ​ដដែល​ថា ៖« គម្រោង​ដែល​សមាគម​នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល​សម្រាប់​នាំ​ចូល​អំបិល​មក​ផ្គត់ផ្គង់​ក្នុង​ប្រទេស គឺ​យើង​បាន​ពិភាក្សា​គ្នា​ជាមួយ​ខេត្ត​ថា នឹង​ដាក់​ស្នើ​ទៅ​ប្រទេស​ថៃ ចំនួន​៣​ទៅ​៤​ម៉ឺន​តោន ខណៈ​ពេល​ដែល​អំបិល​សព្វថ្ងៃ មាននៅ​ក្នុង​ស្តុក​ប្រហែលជា​៤​ទៅ​៥​ម៉ឺន​តោន​ប៉ុណ្ណោះ » ។

លោក​បន្ដ​ថា ៖« ខាង​សមាគម​អំបិល​កំពត​-​កែប ជាមួយ​រដ្ឋបាល​ខេត្ត បាន​ពិភាក្សា​គ្នា​ជា​បណ្តោះអាសន្ន​ថា នឹង​ដាក់​សំណើ​ទៅ​ក្រសួងកសិកម្ម ក្នុង​ការ​នាំ​ចូល​អំបិល​ពី​ប្រទេស​ថៃ ប្រហែលជា​៣​ទៅ​៤​ម៉ឺន​តោន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងឆ្នាំ​២០១៨​នេះ » ។
លោក​បន្ថែម​ថា ៖« ការ​ដែល​ខាង​សមាគម​ដាក់​ស្នើ​ទៅ​ប្រទេស​ថៃ​នេះ ដោយសារ​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន និង​មិនសូវ​ចំណាយ​ថវិកា​ច្រើន ហើយ​ផលិតផល​អំបិល​របស់​ប្រទេស​ចិន ធ្វើ​ពី​រ៉ែ​ដូច​គ្នា​នឹង​ប្រទេស​ថៃ​ដែរ អីចឹង យើង​សម្រេច​ថា នឹង​នាំ​ចូល​ពី​ប្រទេស​ថៃ​វិញ » ។

លោក​ថា ៖« ការ​នាំ​ចូល​អំបិល​ពី​ខាងក្រៅ​នេះ គឺ​មិន​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ផលិត​អំបិល​ក្នុងស្រុក​ទេ ព្រោះ​យើង​នាំ​ចូល​សម្រាប់​តែ​ផ្គត់ផ្គង់​រយៈពេល​ខ្លី​ប៉ុណ្ណោះ ចៀសវាង​កុំ​ឲ្យ​ដាច់​ស្តុក​ទាន់ ហើយ​បើសិនជា​ឆ្នាំ​ក្រោយ អាកាសធាតុ​អំណោយផល យើង​អាច​ផលិត​វា​បាន​វិញ​ហើយ តែ​មិន​ប្រាកដ​ទេ​ថា នឹង​បាន​ប៉ុន្មាន​ភាគរយ ព្រោះ​វា​ជា​មុខរបរ​ពឹង​លើ​មេឃ​។ ជាក់ស្តែង ដូច​ឆ្នាំ​នេះ​អីចឹង យើង​ប្រមូល​ផល​អំបិល​បាន​ប្រហែល​តែ​២​ទៅ​៣​ម៉ឺន​ប៉ុណ្ណោះ » ។

សូម​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ ការ​ផលិត និង​ប្រមូល​ផល​អំបិល​នៅ​ក្នុង​ខេត្តកំពត និង​កែប ធ្វើ​ឡើង​ចាប់ពី​ខែកញ្ញា រហូត​ដល់​ខែមេសា ហើយ​ទិន្នផល​ដែល​ទទួល​បាន គឺ​ឆ្នាំ​ខ្លះ​លើស​តម្រូវការ​ទីផ្សារ ហើយ​ឆ្នាំ​ខ្លះ​ទៀត ផ្គត់ផ្គង់​ទីផ្សារ​មិន​បាន​គ្រប់គ្រាន់ ។ ជាក់ស្តែង ដូច​កាលពី​ឆ្នាំ​២០០៩ កម្ពុជា​នាំ​ចូល​ផលិតផល​អំបិល​ពី​ប្រទេស​ចិន​ចំនួន​៣​ម៉ឺន​តោន ហើយ​ឆ្នាំ​នេះ គ្រោង​នឹង​ស្នើ​ចំនួន​៣​ទៅ​៤​ម៉ឺន​តោន​ទៀត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ។

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បង្ហាញ​ថា ឧស្សាហកម្ម​នេះ​រកបាន​ប្រាក់​ចំណូល​ប្រហែល​២២​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៧ ជាមួយនឹង​បរិមាណ​ផល​អំបិល​សរុប​បូក​ទាំង​សល់​ក្នុង​ស្តុក​មាន​ប្រហែល​១៤​ម៉ឺន ៣​ពាន់​តោន ។

ទិន្នផល​អំបិល​កំពត​-​កែប ក៏​ធ្លាប់​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ដូច​ជា អង់គ្លេស និង​ស្វ៊ី​ស​ផង​ដែរ ហើយ​កាលពី​ឆ្នាំ​២០១៧ ក៏​មាន​ក្រុមហ៊ុននាំចេញ​ទៅ​បារាំង​បាន​ចំនួន​១៨​តោន​ដែរ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃនេះ ក្រុមហ៊ុន​ទាំងនោះ​មិន​បាន​ធ្វើការ​នាំ​ចេញ​បន្ត​ទៀត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ