ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង​កា​ឆ​យ និង​នាយ​កន្តេះឡង់ ​មានរឿងអី​​​រហូត​ប្រកាស​តាម​ហ្វេសប៊ុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​លោក​ខាត់ ចំរើន និង​អ្នក​នាង​កា​ឆ​យ មាន​ទំនាស់​ផ្ទៃក្នុង​រហូត​អន់ចិត្ត​ពិបាក​មើល​មុខ​គ្នា ។ អ្នក​ទាំង​ពីរ​តែងតែ​ចាប់​ដៃគូ​គ្នា​សម្តែង​ក្នុង​កម្មវិធី ផ្សេងៗ​​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​លោក​ខាត់ ចំរើន និង​អ្នក​នាង​កា​ឆ​យ មាន​ទំនាស់​ផ្ទៃក្នុង​រហូត​អន់ចិត្ត​ពិបាក​មើល​មុខ​គ្នា ។ អ្នក​ទាំង​ពីរ​តែងតែ​ចាប់​ដៃគូ​គ្នា​សម្តែង​ក្នុង​កម្មវិធី ផ្សេងៗ​​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

ទំនាស់​នេះ​ត្រូវ​អ្នក​នាង​កា​ឆ​យ ប្រកាស​ជា​សាធារណៈ​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​នាង​បាន​ប្រកាស​មិន​ទទួលខុសត្រូវ​ណាមួយ​ចំពោះ​ភ្ញៀវ​ដែល​ចង់បាន​នាង និង​លោក​ខាត់ ចំរើន ឲ្យ​សម្តែង​រួម​គ្នា​នោះ​ទេ ។

បើ​តាម​ការ​សរសេរ​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​រូបភាព​នាង និង​លោក​ខាត់ ចំរើន បញ្ជាក់​ថា «​ប្រសិនបើ​មាន​បងប្អូន​ណា​ដែល​ចង់បាន​លោក​ខាត់ ចំរើន ជា​ដៃគូ​របស់ខ្ញុំ​នោះ​ គឺ​នាង​ខ្ញុំ​មិន​ធានា​ជា​ដាច់ខាត ។ ការ​ដែល​នាង​ខ្ញុំ​មិន​ធានា​ចំពោះ​បញ្ហា​នេះ ដោយសារ​តែ​លោក ខាត់ ចំរើន មិន​គោរព​ពេលវេលា និង​ទៀងទាត់​ម៉ោង ដូចដែល​នាង​ខ្ញុំ​បាន​ខក​ខាន​ជាមួយ​តារា​កំប្លែង​រូប​នេះ​កាលពី​ថ្ងៃ​ទី​៣០ មេ​សា កន្លង​ទៅ »​។

ការ​ខកខាន​នៃ​ការ​សម្តែង​អ្វី​នោះ​មិន​ត្រូវ​បាន​អ្នក​នាង​កា​ឆ​យ បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​​ឡើយ ប៉ុន្តែ​ទំនងជា​បញ្ហា​នេះ​កើត​ឡើងជា​ញឹកញាប់​ទើប​ធ្វើ​ឲ្យ​នាង​មិន​អាច​ទ្រាំ​បាន​ទើប​ចេញ​មក​ប្រកាស​បែប​នេះ​ឡើង ។

ជុំវិញ​បញ្ហា​នេះ​តារា​កំប្លែង​អ្នក​នាង​កា​ឆ​យ មិន​បាន​រៀបរាប់​លម្អិត​ទេ ជុំវិញ​ការ​សាកសួរ​ដោយ​នាង​បាន​បង្វិល​ឲ្យ​សួរ​ទៅ​លោក​ខាត់ ចំរើន ដើម្បី​ឆ្លើយ​បំភ្លឺ​វិញ ។

ដោយឡែក​លោក​ខាត់ ចំរើន ហៅ​នាយ កន្តេះឡង់ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា រឿង​នេះ​លោក​មិន​ចង់​បកស្រាយ​អ្វី​ឲ្យ​វែង​ឆ្ងាយ​ឡើយ ព្រោះ​ជា​រឿង​​តូចតាច ប៉ុន្តែ​នៅ​ពេល​អ្នក​នាង​កា​ឆ​យ បាន​សរសេរ​បង្ហោះ​យ៉ាង​ដូច្នេះ​នោះ លោក​ក៏​មិន​នឹក​ស្មាន​ដល់​ឡើយ ព្រោះ​ជា​អ្នកសិល្បៈ​ប្រៀប​បាន​ដូច​ជា​នៅផ្ទះ​ជាមួយ​គ្នា ប៉ុន្តែ​មាន​រឿង​តិចតួច​បែរជា​រំលើកបើកកកាយ​ទៅ​វិញ ។

បើ​តាម​លោក​ខាត់ ចំរើន ប្រសិនបើ​លោក​ចោល ឬ​អាក់​ខានមិនបាន​ទៅ​សម្តែង​ជាមួយ​អ្នក​នាង​កា​ឆ​យ​មែន​នោះ លោក​ទទួលខុស​ទាំងស្រុង តែ​ពេល​ខ្លះ​នៅ​ពេល​ដែល​លោក​អាក់ខាន​ដោយសារ​តែ​លោក​មានធុរៈ​ចាំបាច់​នោះ គឺ​លោក​តែងតែ​ស្វែងរក​អ្នក​ជំនួស​ជា​និច្ច ។

លោក​ខាត់ ចំរើន បញ្ជាក់​ថា «​តាំងពី​ដើម​មក ការ​សម្តែង​ជាមួយ​អ្នក​នាង​កា​ឆ​យ មិនមែន​ខ្ញុំ​ល្អ​ទាំងស្រុង​ឡើយ ហើយ​គាត់​ក៏​មិនល្អ​ទាំងស្រុង​ដូច​គ្នា គឺ​បញ្ហា​តែងតែ​ជួប​ប្រទះ​ដូច​គ្នា ។ ប៉ុន្តែ​ពួក​យើង​ចេះ​តែ​ព្យាយាម​ទុក​ក្នុង​ចិត្ត ហើយ​ករណី​ដែល​ខ្ញុំ​បាន​ខកខាន​នាំ​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​គឺ​ដោយសារ​តែ​ខ្ញុំ​មានធុរៈ​ចាំបាច់​នៅ​ឆ្ងាយ ព្រោះ​ត្រូវ​ចុះ​ចែក​អំណោយ​របស់​លោក​អភិបាល​ខណ្ឌ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ។ ដោយពេល​នោះ​ម៉ោង​ប្រហែលជា​៣ ទើប​ខ្ញុំ​មិន​អាច​ទៅ​ទាន់​ច្រៀង​ជា​ដៃគូ​ជាមួយ​អ្នក​នាង កា​ឆ​យ បាន​ទើប​ខ្ញុំ​បាន​ស្វះ​ស្វែងរក​ដៃគូ​ផ្សេង​ទៀត ដើម្បី​ជំនួស​រូប​ខ្ញុំ​ដែល​មក​មិន​ទាន់​​។ ក្នុង​ពេល​នោះ​ខ្ញុំ​ក៏​បាន​ហៅ​នាយ​ស្វិត ឲ្យ​មក​ជំនួស ដោយ​ខ្ញុំ​មិន​បាន​បោះបង់​ចោល​កម្មវិធី​នោះ​ឡើយ គ្រាន់តែ​ខ្ញុំ​មិន​បាន​ទៅ​ចូលរួម​សម្តែង​តាម​ការ​ចង់បាន​ពី​ម្ចាស់​កម្មវិធី​នោះ​» ។

លោក​ខាត់ ចំរើន បាន​ចាត់​ទុក​ការ​ប្រកាស​របស់​អ្នក​នាង​កា​ឆ​យ នា​ពេល​នេះ​ប្រៀប​បាន​នឹង​ការ​កាត់​ផ្តាច់​មនោសញ្ចេតនា​ទាំងស្រុង​ជាមួយ​លោក ក្នុង​នាម​នាង​គឺជា​រៀមច្បង​ម្នាក់​។ ប្រសិនបើ​នៅ​ក្នុង​កម្មវិធី​នោះ​ម្ចាស់​កម្មវិធី​ស្តីបន្ទោស​នោះ លោក​ក៏​សុំ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ខុស​ដែរ តែ​លោក​បាន​សាកសួរ​ទៅ​កាន់​នាយ​ស្វិត គឺ​មិន​ត្រឹមតែ​ម្ចាស់​កម្មវិធី​មិន​ស្តីបន្ទោស​ទេ តែ​ផ្ទុយ​ទៅ​វិញ​នាយ​បាន​ទទួល​លុយ​ធីប​ជា​ច្រើន​ថែម​ទៀត​ផង ។

ការ​ផ្សា​ភ្ជាប់​ការ​ទាក់ទង​គ្នា​ឡើង​វិញ​ឬ​យ៉ាងណា​នោះ លោក ខាត់ ចំរើន លើក​ឡើង​ថា លោក​មិន​ហ៊ាន​និយាយ​អ្វី​វែង​ឆ្ងាយ​ឡើយ ទុក​ឲ្យ​ពេលវេលា​ជា​អ្នក​កំណត់ ព្រោះ​លោក និង​អ្នក​នាង​កា​ឆ​យ បាន​រាប់អាន និង​សម្តែង​ជាមួយ​គ្នា​ជិត​២០​ឆ្នាំ​មក​ហើយ ។ ប្រសិនបើ​រឿង​ប៉ុណ្ណឹង​នាង​ប្រកាស​កាត់កាល់​លោក​ចោល​នោះ​ក៏​មិន​អី​ដែរ លោក​ទទួល ហើយ​លោក​ក៏​សុំ​ទទួលយក​កំហុស​ពាក់កណ្តាល ។

លោក​ខាត់ ចំរើន បញ្ជាក់​ថា ប្រសិនបើ​ការ​រាប់អាន​រវាង​លោក និង​អ្នក​នា​កា​ឆ​យ អាច​នឹង​វិល​មក​វិញ​នោះ​គឺ​លោក​ទទួលយក ប៉ុន្តែ​ការ​រាប់អាន​នេះ​អាច​នឹង​មិន​ដូច​មុន​ឡើយ ព្រោះ​ដោយសារ​តែ​នាង​បាន​ប្រកាស​ទៅ​ហើយ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ