ខេត្តកំពត៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយសមត្ថកិច្ចស្រុកកំពង់ត្រាច បានចុះប្រតិបតិ្តការ បង្ក្រាបករណីជួញដូរ ប្រើប្រាស់មួយកន្លែងក្នុងភូមិសាស្ត្រ ស្រុកកំពង់ត្រាច ដោយឃាត់ខ្លួនជនសង្ស័យប្រុស ស្រី៤នាក់ និងដកហូតថ្នាំញៀនបានចំនួន៧កញ្ចប់ ក្នុង១កញ្ចប់ធំ ដែលមានទម្ងន់(ជាង៣ក្រាម) ព្រមទាំងរឹបអូសយកសម្ភារៈពាក់ព័ន្ធថ្នាំញៀនមួយចំនួនផងដែរ។
ប្រតិបតិ្តការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិសាលី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមការឱ្យដឹងពីសមត្ថកិច្ចបានបញ្ជាក់ថា ការបង្ក្រាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀនខាងលើ ទទួលបានជោគជ័យនេះ គឺក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ព្រមទាំងមានសេចក្តីរាយការណ៍ពីបណ្តាញសំងាត់ផងដែរ ទើបប្រតិបតិ្តការនេះទទួលបានផលវិជ្ជមាន។សមត្ថកិច្ចបានឱ្យដឹងផងដែរថា ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនប្រុស ស្រីទាំង៤នាក់រួមមាន៖ ១-ឈ្មោះ ត្រោក សុភា ហៅខ្ញី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិភ្នំសាលី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ២-ឈ្មោះ ឃឹម ស្រីលីន ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃទន្លាប់ ឃុំព្រៃទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល(ត្រូវជាប្រពន្ធ ឈ្មោះខ្ញី) ៣-ឈ្មោះ សួន ពុធ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទី៤-ឈ្មោះ លឹម វិបុល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យប្រុស ស្រីខាងលើ រួមជាមួយនឹងវត្ថុតាង សមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ