ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ្រង់កូតិច ២០២៦ ៖ អ្នកជំនាញអន្តរជាតិពិភាក្សាពីកាលានុវត្តភាព និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតក្នុងកិច្ចពិភាក្សាតុមូលទី ១

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កិច្ចពិភាក្សាតុមូលទី ១ ក្នុងព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ក្រោមប្រធានបទ «កាលានុវត្តភាព និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត» នៅរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះបានប្រមូលផ្តុំថ្នាក់ដឹកនាំ អ្នកជំនាញ និងតំណាងវិស័យឯកជនអន្តរជាតិ ដើម្បីពិភាក្សាអំពីទិសដៅជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ប្រកបដោយតុល្យភាពរវាងនវានុវត្តន៍ ភាពប្រកួតប្រជែង ការទទួលខុសត្រូវ និងការគ្រប់គ្រងហានិភ័យផ្នែកសីលធម៌ ។

កិច្ចពិភាក្សានេះបានបទបង្ហាញគន្លឹះដោយលោកបណ្ឌិត Seydina Moussa NDIAYE នាយកកម្មវិធី FORCE-N និងជាប្រធានក្រុមស្រាវជ្រាវ ALIVE នៃសាកលវិទ្យាល័យឌីជីថល Cheikh Hamidou Kane ប្រទេសសេណេហ្គាល់ និងលោក Alexandre ZAPOLSKY ប្រធានក្រុមហ៊ុន LINAGORA ប្រទេសបារាំង ។ កិច្ចពិភាក្សាត្រូវបានសម្របសម្រួលដោយឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយមានការចូលរួមពីវាគ្មិនអន្តរជាតិជាច្រើនរូប ។

ក្នុងនោះ រួមមានឯកឧត្តម Benedikt WECHSLER ប្រតិភូអចិន្ត្រៃយ៍ប្រទេសស្វីសប្រចាំអង្គការយូណេស្កូ និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លោក Didier NKURIKIYIMFURA នាយកផ្នែកបច្ចេកវិទ្យាថ្មីៗ និងបញ្ញាសិប្បនិម្មិតនៃអង្គការ Smart Africa លោកសាស្ត្រាចារ្យ Yassine LAKHNECH ប្រធានសាកលវិទ្យាល័យ Grenoble Alpes ប្រទេសបារាំង លោកបណ្ឌិត Seydina Moussa NDIAYE លោក Mihnea COSTOIU សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា POLITEHNICA Bucharest និងលោក Benoit FOREST នាយកប្រតិបត្តិការ និងទិន្នន័យនៃក្រុមហ៊ុន VINCI Airports ។

ឯកឧត្តមបណ្ឌិត សេង សុភាព បានបញ្ជាក់ថា ចំណុចសំខាន់នៃកិច្ចពិភាក្សា គឺការកសាងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតឱ្យមានប្រសិទ្ធភាព ដោយធានាអធិបតេយ្យភាពជាតិ ការការពារទិន្នន័យបុគ្គល ការទប់ស្កាត់ភាពលម្អៀងនៃក្បួនដោះស្រាយ និងការលើកកម្ពស់បរិយាបន្នផ្នែកភាសា និងវប្បធម៌ក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ជាពិសេសសហគមន៍ដែលមានធនធានឌីជីថលនៅមានកម្រិត ។ កិច្ចពិភាក្សាក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាឱ្យបញ្ញាសិប្បនិម្មិតបង្កើតកាលានុវត្តភាពថ្មីៗ ស្របពេលគោរពសិទ្ធិប្រជាពលរដ្ឋ និងរក្សាភាពចម្រុះនៃភាសា និងវប្បធម៌ ។

សូមជម្រាបថា ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ​រាជធានីភ្នំពេញ រៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងដៃគូពាក់ព័ន្ធ ។ ព្រឹត្តិការណ៍នេះជាវេទិកាសម្រាប់ឈ្វេងយល់ពីបច្ចេកវិទ្យាថ្មីៗ ជួបជាមួយអ្នកជំនាញឈានមុខ និងស្វែងរកឱកាសសហការថ្មីៗ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថល និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី ៕