រាជធានីភ្នំពេញ៖ ចោរ២នាក់បានជិះម៉ូតូម៉ាកឌូក១គ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រី២នាក់បានសម្រេចជាបន្តបន្ទាប់កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីទាំង២នាក់នោះបានជិះម៉ូតូរ៉ឺម៉កកង់បី២គ្រឿងផ្សេងគ្នា ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ីនោះ ក្នុងទិសដៅពីកើតទៅលិច ។ ខណៈនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកឌូក១គ្រឿងក្នុងទិសដៅស្របគ្នាទៅដល់ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីវ័យក្មេងម្នាក់បានសម្រេច ។ ពេលនោះស្ត្រីជនរងគ្រោះបានស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលតាមដងផ្លូវ ចំណែកចោរបានជិះម៉ូតូរត់គេចខ្លួនយ៉ាងលឿន លុះបានឆ្ងាយបន្តិចក៏បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ទៀត។
បន្ទាប់មកស្ត្រីរងគ្រោះទី២បានស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលទៀត ប៉ុន្តែមិនមានអ្នកដំណើរណាម្នាក់ហ៊ានជួយឡើយ ហើយក្រោយពេលឆក់បានសម្រេច ជាបន្តបន្ទាប់រួចពួកចោរបានគេចខ្លួនបាត់ស្រមោលតែម្ដង។ចំណែកកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានចេញធ្វើការពួនស្ទាក់ភ្លាមៗដែរ ប៉ុន្តែចោរនៅតែគេចខ្លួនបាត់ដដែរ បន្ទាប់មកស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍កាកាប១ ដើម្បីសុំអន្តរាគមន៍។
ស្ត្រីរងគ្រោះដែលត្រូវចោរឆក់កាបូបមុនដំបូងបាននិយាយថា នាងឈ្មោះ ស៊ឺ គីមហ៊ង អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិអូរតាសៀវ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។នាងបានចាកចេញពីផ្ទះនៅខេត្តកំពង់ធំ មកភ្នំពេញកាលពីថ្ងៃទី១ ខែឧសភា លុះមកដល់ព្រឹកថ្ងៃកើតហេតុបានជិះម៉ូតូរ៉ឺម៉កកង់បី១គ្រឿងក្នុងបំណងទៅដាក់ពាក្យធ្វើការងារនៅក្រុមហ៊ុនផលិតចំណីសត្វស៊ីភី ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ស្ត្រីរងគ្រោះខាងលើបានបន្តទៀតថា នាងបានទុកកាបូបនៅលើម៉ូតូរ៉ឺម៉កកង់បីក្បែរខ្លួនហើយនៅពេលកំពុងធ្វើដំណើរដោយភ្លេចខ្លួនស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូឌូក១គ្រឿងទៅពីក្រោយធ្វើសកម្មភាពឆក់យកកាបូបនាងរួចគេចខ្លួនទៅបាត់។នាងបញ្ជាក់ថា នៅក្នុងកាបូបរបស់នាងមានឯកសារសម្រាប់ដាក់ពាក្យធ្វើការ ទូរស័ព្ទសាមស៊ុង១គ្រឿង អាយផេតមីនី១គ្រឿង លុយចំនួន៥ពាន់បាត និង១០ម៉ឺនរៀល។
ដោយឡែកស្ត្រីរងគ្រោះម្នាក់ទៀតបាននិយាថា នាងឈ្មោះ ដួង ដាវី អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ នៅមុនពេលកើតហេតុនាងបានជិះម៉ូតូរ៉ឺម៉កកង់បី១គ្រឿងចេញពីផ្សារស៊ិនជូរីផ្លាហ្សា ស្ថិតនៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតដោយបានដាក់កាបូបនៅលើម៉ូតូកង់បីក្បែរខ្លួនដែរ ។ នៅក្នុងកាបូបរបស់នាងនេះមានទូរស័ព្ទ២គ្រឿង និងលុយជាង១០០ដុល្លារ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែក្រុមចោរខាងលើជិះម៉ូតូឌុបគ្នាទៅពីក្រោយឆក់យកកាបូបទាំងកម្រោលរួចគេចខ្លួនបាត់តែម្ដង។ នគរបាលបាននិយាយថា ក្រោយពេលកើតហេតុស្ត្រីរងគ្រោះទាំង២នាក់បាននាំគ្នាទៅដាក់ពាក្យប្ដឹងសុំឲ្យជួយអន្តរាគមន៏ ហើយកម្លាំងនគរបាលប៉ុស្តិ៍ខាងលើ បានទទួលពាក្យបណ្ដឹងពីពួកនាងរួចរាល់ហើយនិងកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យដែលជាចោរទាំង២នាក់នោះចាត់ការតាមច្បាប់ហើយ៕
ចែករំលែកព័តមាននេះ