ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ញាក់សាច់… ចេញពីព្រៃ​​​បំផ្លាញ​ដំណាំ​អ្នកស្រុក​​​ពេល​​​រាត្រី

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដំរីព្រៃ​មួយ​ហ្វូង​ បាន​បង្ក​ឱ្យ​អ្នក​ភូមិ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ខណៈ​កាលពី​យប់​ថ្ងៃ​ទី​២៩-៣០ មេ​សា គេ​បាន​ប្រទះ​ឃើញ​ដំរី​ទាំងនោះ​ ចេញ​មក​រាតត្បាត​ដំណាំ​ចេក​របស់​អ្នកស្រុក​បោច​ស៊ី និង​ជាន់​កម្ទេច​ចោល ​តាម​អំពើ​ចិត្ត​អស់​ជា​ច្រើន​កន្លែង​នៅ​ភូមិ​អណ្តូង​ក្រឡឹង…

ខេត្តមណ្ឌលគិរី ៖ ដំរីព្រៃ​មួយ​ហ្វូង​ បាន​បង្ក​ឱ្យ​អ្នក​ភូមិ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ខណៈ​កាលពី​យប់​ថ្ងៃ​ទី​២៩-៣០ មេ​សា គេ​បាន​ប្រទះ​ឃើញ​ដំរី​ទាំងនោះ​ ចេញ​មក​រាតត្បាត​ដំណាំ​ចេក​របស់​អ្នកស្រុក​បោច​ស៊ី និង​ជាន់​កម្ទេច​ចោល ​តាម​អំពើ​ចិត្ត​អស់​ជា​ច្រើន​កន្លែង​នៅ​ភូមិ​អណ្តូង​ក្រឡឹង ឃុំសែន​មនោ​រម្យ ស្រុក​អូរ​រាំង ។

អ្នក​ភូមិ​បាន​រាយការណ៍​ថា នៅ​យប់​នោះ ហ្វូង​ដំរីព្រៃ​ប្រមាណ​១៥​ក្បាលមាន​ទាំង​តូច​និង​ធំ ​ក្នុង​នោះ​មេហ្វូង​ឈ្មោល​មួយ​ ក្បាល បាន​បណ្តើរគ្នា​ចេញពី​ព្រៃ​ត្រង់​ចំណុច​ព្រៃ​រកា ចូល​ទៅ​ចម្ការ​ស្វាយចន្ទី និង​ចម្ការ​ចេក​របស់​អ្នក​ភូមិ​ដោយ​ពួក​វា​វ៉ៃ​ និង​ជាន់​កម្ទេច​ផលដំណាំ​ទាំងនោះ​ បង្ក​ឱ្យ​មានការ​ខូចខាត​អស់​ជា​ច្រើន ។ លោក ខៃ វណ្ណៈ អធិការរង​នគរបាល​ស្រុក​អូរ​រាំង​បានឱ្យ​ដឹង​ថា ដំរីព្រៃ​ទាំងនោះ​បាន​ចូល​ទៅ​បំផ្លាញ​ផល ដំណាំ​របស់​អ្នកស្រុក​ តាំងពី​យប់​ថ្ងៃ​ទី​២៨ រហូត​ដល់​យប់​ថ្ងៃ​ទី​៣០ មេ​សា នៅ​មិន​ទាន់​ចូល​ទៅ​ក្នុង​ព្រៃ​វិញ​ទេ ។ លោក​ថា ដំរី​ទាំងនោះ​ តែង​ចេញ​មក​ស៊ី​ផលដំណាំ​អ្នកស្រុក​នៅ​ពេល​យប់ និង​ចូល​ទៅ​ក្នុង​ព្រៃ​វិញ​នៅ​វេលា​ទៀប​ភ្លឺ ។ ទោះជា​យ៉ាងណា​ ហ្វូង​ដំរី​ទាំងនេះ​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​ម្ចាស់​ចម្ការ ​ឬ​អ្នក​ភូមិ​ណា​ម្នាក់​ឡើយ គឺ​ពួក​វា​ស៊ី​តែ​ដំណាំ និង​ជាន់​កម្ទេច​ចោល​នូវ​របស់របរ​ប្រើប្រាស់​មួយ​ចំនួន ។

អ្នក​ភូមិ​អណ្តូង​ក្រឡឹង​បាន​ស្នើ​ដល់​អាជ្ញាធរ ជា​ពិសេស​ មន្ត្រី​ជំនាញ​ផ្នែក​ការពារ​សត្វព្រៃ ជួយ​រក​វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ហ្វូង​ដំរីព្រៃ​ទាំងនោះ​កុំឱ្យ​ពួក​វា​ចូល​មក​បំផ្លាញ​ផលដំណាំ​បន្ត​ទៀត និង​ដើម្បី​សុវត្ថិ ភាព​របស់​ពួក​គាត់​ផង ។

កាលពី​​ព្រឹក​ថ្ងៃ​ទី​១ ឧសភា កោះសន្តិភាព​​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេពី​លោក ឌិន ប៊ុ​ន​ធឿ​ន នាយក​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ជុំវិញ​បញ្ហា​ខាងលើ​នេះ ។ ប៉ុន្តែ​លោក​បាន​បញ្ចេញមតិ ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​៣០ មេ​សា​ថា​ ៖ «​ការ​ដែល​ដំរី​ទាំងនោះ​ជាន់​កម្ទេច​ផលដំណាំ មក​ពី​យើង​ទាំងអស់​គ្នា​​ទៅ​រំខាន​ទី​ជម្រក​របស់​ពួក​វា​» ។

ក្នុង​ន័យ​នេះ ​អាច​ប្រហែលជា​លោក ឌិន ប៊ុ​ន​ធឿ​ន សំដៅ​ទៅ​លើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ក្នុង​ដែន​ជម្រក​របស់​សត្វព្រៃ ដែល​កំពុង​កើត​មាន​ជា​រៀងរាល់ថ្ងៃ គឺ​មាន​គ្រប់​រូបភាព​ទាំង​ការ​រាន​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផង និង​រត់ពន្ធ​ឈើ​ទៅ​ក្រៅប្រទេស​ផង គឺ​មានការ​កាប់​ឈើ​អារ​លក់​យ៉ាង​រង្គាល​ស្ទើរ​អស់​ព្រៃ​សម្រាប់​សត្វ​ព្រៃ​ជ្រក​ទៅ​ហើយ ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ឧសភា​ ថា សព្វ​ថ្ងៃនេះ​ នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី ផ្អែក​តាម​ការ​សិក្សា​របស់​ជំនាញ​បង្ហាញ​ថា ដំរីព្រៃ​មាន​ចំនួន​ជាង​២០០​ក្បាល ។ លោក​ថា ចាប់ពី​ខែមិថុនា ២០១៨​នេះ​ ទៅ មន្ទីរ​បរិស្ថាន​​នឹង​សហការ​ជាមួយ​អង្គការ WWF សិក្សា​ជា​ថ្មី​លើ​របាយ​ការណ៍​ពី​ចំនួន​សត្វ​ដំរី ​ក្នុង​ខេត្តមណ្ឌលគិរី​ឡើង​វិញ ​។

អត្ថបទសរសេរ ដោយ