ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ខែមេសាគ្រឹះស្ថាន​អង្គរ​រក​ចំណូល​បាន​ជាង​8,5​លាន​ដុល្លារ កើនឡើង​2,40%

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ខែមេសា​កន្លង​ទៅ គ្រឹះស្ថាន​អង្គរ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​ចំនួន​ជាង​១៩,២​ម៉ឺន​នាក់ មាន​កំណើន​៦,១៨% បើ​ធៀប​នឹង​ខែមេសា​ឆ្នាំ​មុន ក្នុង​នោះ​បាន​នាំ​ចំណូល​សរុប​ប្រមាណ​ជាង​៨,៥៩​លាន​ដុល្លារ​មាន​កំណើន​២,៤០% បើ​ធៀប​នឹង​គ្រា​ដូច​ឆ្នាំ​មុន ។…

រាជធានី​ភ្នំពេញ ៖ កាលពី​ខែមេសា​កន្លង​ទៅ គ្រឹះស្ថាន​អង្គរ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​ចំនួន​ជាង​១៩,២​ម៉ឺន​នាក់ មាន​កំណើន​៦,១៨% បើ​ធៀប​នឹង​ខែមេសា​ឆ្នាំ​មុន ក្នុង​នោះ​បាន​នាំ​ចំណូល​សរុប​ប្រមាណ​ជាង​៨,៥៩​លាន​ដុល្លារ​មាន​កំណើន​២,៤០% បើ​ធៀប​នឹង​គ្រា​ដូច​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ ឧសភា ម្សិលមិញ ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ មាន​ចំនួន​ជាង​១,០៥​លាន​នាក់ កើនឡើង​១១,១៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​ផ្ដល់​ចំណូល​សរុប​ដល់​គ្រឹះស្ថាន​អង្គរ​ប្រមាណ​ជាង​៤៨,២៥​លាន​ដុល្លារ កើនឡើង​ជិត​២៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

កំណើន​នៃ​ការ​មក​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នេះ ត្រូវ​បាន​សាទរ​ពី​អ្នកជំនាញ​ទេសចរណ​ក្នុង​វិស័យ​ឯកជន​ផង​ដែរ ដោយ​លោក​ទទួលស្គាល់​ថា ជា​តួលេខ​ជាក់លាក់​ដែល​គ្រប់​គ្នា​អាច​ទទួលយក​បាន ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍ World Express Tours & Travel លោក ហូ វ​ណ្ឌី បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១ ឧសភា ថា ៖« តួលេខ​របស់​គ្រឹះស្ថាន​អង្គរ​នេះ គឺជា​តួលេខ​ជាក់លាក់​មួយ​ដែល​ភ្ញៀវ​ទេសចរ​បរទេស​កាន់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ។ ដូច្នេះ តួលេខ​នេះ​ប្រាកដប្រជា​ណាស់​ដែល​គ្រប់​គ្នា​អាច​ទទួលយក​បាន »​។
លោក​បាន​លើក​ឡើង​ថា ៖« អំឡុង​ពេល​នេះ ជា​ពេល​ដែល​មាន​ភ្ញៀវ​តិច ក៏​ប៉ុន្ដែ​យើង​ឃើញ​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នេះ​ឡើង​ដល់​១១,១៧% វា​ជា​កំណើន​ខ្ពស់ ហើយ​ក៏​ស្ថិត​ក្នុង​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍​ដែរ » ។
« អ្វី​ដែល​ជំរុញ​កំណើន​នេះ គឺ​ដោយសារ​តែ​ការ​ភ្ជាប់​ជើងហោះហើរ​តាម​គោលដៅ​សហគមន៍​របស់​យើង​នៅ​អាស៊ី ជា​ពិសេស​ប្រទេស​ចិន » ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ហូ វ​ណ្ឌី ។

លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កាន់តែ​ច្រើន​ថែម​ទៀត គ្រឹះស្ថាន​អង្គរ ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​យកចិត្តទុកដាក់​លើ​ការ​ការពារ និង​ការ​ថែទាំ ដែល​ជា​កត្តា​សំខាន់ ពិសេស​គឺ​ថែរក្សា​នូវ​កេរដំណែល​បុព្វបុរស​ដូនតា​យើង​ឲ្យ​នៅ​គង់វង្ស ព្រមទាំង​ថែរក្សា​បរិស្ថាន និង​អនាម័យ​ឲ្យ​បាន​ស្អាត ព្រោះ​សំរាម​ជាស​ត្រូវ​របស់​ភ្ញៀវ​ទេសចរ ។
លោក​បន្ដ​ថា ៖« កំណើន​ទេសចរ​អន្តរជាតិ​ចូល​មក​ស្រុក​ខ្មែរ មានការ​កើនឡើង​យ៉ាង​គំហុក​។ ទន្ទឹម​នឹង​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​នេះ បញ្ហា​កើត​មាន​ក៏​កាន់តែ​ច្រើន​ដែរ ពិសេស​ការ​បំពុលបរិស្ថាន និង​អនាម័យ​តែ​ម្ដង ។ កត្តា​មួយទៀត​គឺ​ការ​ថែរក្សា​បុរាណវត្ថុ ក៏​ដូច​ជា​ផ្ទាំងសិលា​ទាំងឡាយ និង​ការ​រៀបចំ​ផ្លូវ​ដើរ ធ្វើ​យ៉ាងម៉េច​ឲ្យ​មាន​ភាព​រលូន ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ » ។

ក្នុង​នាម​ជា​ប្រតិបត្តិ​ករ​វិស័យ​ទេសចរណ៍ លោក​ក៏​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​ថែរក្សា​បរិស្ថាន និង​អនាម័យ​ឲ្យ​បាន​ល្អ កុំ​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល និង​រួម​គ្នា​ស្រឡាញ់​វប្បធម៌​ដែល​ជា​ដួង​ព្រលឹង​របស់​ខ្លួនឯង ។ លោក​ថា ៖« ប្រសិនបើ​បងប្អូន​ខ្មែរ​ខ្លួនឯង​មិន​ចេះ​ថែទាំ​ផង តើ​ឆ្នាំងបាយ​រួម​ហ្នឹង​នឹង​ធ្លាក់​ដល់​កម្រិត​ណា ? អីចឹង លុះត្រាតែ​បងប្អូន​ប្រជាពលរដ្ឋ​ចេះ​ស្រឡាញ់​វប្បធម៌​ដែល​ជា​ដួង​ព្រលឹង​ខ្លួនឯង ទើប​ដួង​ព្រលឹង​ហ្នឹង​ងើបឡើង ហើយ​យើង​ក៏​មាន​មោទនភាព​ខ្លួនឯង​ដែរ​។ បើ​យើង​បាត់បង់​ដួង​ព្រលឹង យើង​ក៏​បាត់បង់​អត្តសញ្ញាណ​ជាតិ​ដែរ » ។

ទន្ទឹម​នឹង​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ផង​ដែរ ដើម្បី​កែប្រែ​ផ្នត់គំនិត​ពី​ការ​បោះ​សំរាម​តាម​ទី​សាធារណៈ មក​រក្សា​ទុក​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ ។
លោក​សង្កត់ធ្ងន់​ថា ៖« នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ក្ដី ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្ដី ការ​អនុវត្ត និង​គោរព​ច្បាប់ ជា​កត្តាចាំបាច់​បំផុត គឺ​មាន​ទាំង​ការ​ដាក់​ទោសទណ្ឌ មាន​ទាំង​ការ​ផាកពិន័យ និង​ការ​យក​ទៅ​ឃុំខ្លួន​ក៏​មាន ។ ដូច្នេះ យើង​ត្រូវ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​កំណើន​ទេសចរ ដើម្បី​កំណើន​ការងារ និង​ប្រាក់​ចំណូល ។ ប្រសិនបើ​គ្មាន​ចំណុច​ទាំងនេះ​ទេ ភ្ញៀវ​ក្នុងស្រុក​ក៏​មិន​ទៅ ភ្ញៀវ​ក្រៅ​ស្រុក​ក៏​មិន​មក នោះ​ហើយ​គឺជា​ផលវិបាក​របស់​យើង​ទាំងអស់​គ្នា​តែ​ម្ដង » ។

តាម​របាយការណ៍​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច វិស័យ​ទេសចរណ៍​ត្រូវ​បាន​រំពឹង​ថា នឹង​បន្ត​ងើបឡើង​ក្នុង​អត្រាកំណើន​៤,៥%​ក្នុង​ឆ្នាំ​២០១៨ និង​៤,៧%​ក្នុង​ឆ្នាំ​២០១៩ ដោយសារ​កំណើន​ខ្ពស់​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជា​ពិសេស​ទេសចរ​ពី​តំបន់​អាស៊ី គួប​ផ្សំ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្សព្វផ្សាយ​, ការ​លើកទឹកចិត្ត​ឲ្យ​មានការ​បើក​ជើងហោះហើរ​ត្រង់ និង​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​នានា ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម ។ ជាមួយ​គ្នា​នេះ ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល និង​គោលដៅ​ទេសចរណ៍ ព្រមទាំង​ការ​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចំណាយ​ខ្ពស់ នៅ​តែ​ជា​ប្រការ​ចាំបាច់ និង​បន្ទាន់ សំដៅ​ធានា​ចីរភាព​កំណើន​នៃ​វិស័យ​នេះ ដើម្បី​បន្ត​តួនាទី​ជា​ជ​ន្ទ​ល់​ដ៏​សំខាន់​មួយ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ