រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចរថយន្តកុងតឺន័រមួយគ្រឿងបានសម្រេចបើករត់មិនរួច ត្រូវម្ចាស់គេតាមទាន់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខបុរីពិភពថ្មីកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យខាងលើមានឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំក្រោយផ្សារស៊ិនជូរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ ឈ្មោះ កាំង ហ័រ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត ជាអ្នកបើករថយន្តកុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-5589 ត្រូវជនសង្ស័យរួមទាំងបក្សធ្វើសកម្មភាពលួច ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា កាលពីវេលាម៉ោង២រសៀលថ្ងៃដដែលជនរងគ្រោះបានបើករថយន្តកុងតឺន័រខាងលើចេញមកពីដឹកទំនិញនៅកំពង់ផែនៅខេត្តព្រះសីហនុបំណងបើកយកទៅដាក់នៅរោងចក្រម្តុំចំការដូង ។ លុះមកដល់វេលាម៉ោង៧យប់ថ្ងៃដដែល ជនរងគ្រោះបានបើករថយន្តកុងតឺន័រមកដល់ត្រង់ចំណុចកើតហេតុ ហើយជនរងគ្រោះក៏បានឈប់រថយន្តអែបទៅនិងចិញ្ចើមផ្លូវជាប់និងរថយន្តកុងតឺន័រមួយគ្រឿងទៀតដែលជារបស់ប្អូនប្រុសរបស់ជនរងគ្រោះ ។ បន្ទាប់មកជនរងគ្រោះក៏បានចាក់ឡុកសោទ្វាររថយន្តហើយក៏ចូលទៅផឹកស៊ីជាមួយនិងប្អូនប្រុសនៅក្នុងផ្ទះរបស់ប្អូនដែលនៅក្បែរនោះ។ ពេលផឹកអស់ពីរទៅបីកំប៉ុងជនរងគ្រោះបានទូរស័ព្ទហៅមិត្តភក្តិម្នាក់ទៀតឲ្យមកផឹកស៊ីជាមួយគ្នានៅនិងផ្ទះប្អូនប្រុសជនរងគ្រោះខាងលើ។
លុះដល់វេលាកើតហេតុ មិត្តភក្តិរបស់ជនរងគ្រោះដែលគាត់បានទូរស័ព្ទហៅមកផឹកស៊ីបានមកដល់កន្លែងកើតហេតុ ហើយមិត្តភក្តិម្នាក់នោះក៏បានទូរស័ព្ទមកសួរជនរងគ្រោះថា “នៅកន្លែងណាម៉េចបានមិនឃើញរថយន្ត” ពេលនោះជនរងគ្រោះក៏បានប្រាប់ទៅមិត្តភក្តិវិញថា “ម៉េចបានមិនឃើញបើរថយន្តឈប់នៅនិងហ្នឹង” ហើយមិត្តភក្តិរូបនោះក៏ប្រាប់ទៀតថា “ចឹងរថយន្តនិងចោរលួចបាត់ហើយ ព្រោះមិនឃើញនៅកន្លែងនោះទេ”។
ប្រភពដដែលបន្តទៀតថា បន្ទាប់មកជនរងគ្រោះមិនបានជឿនិងមិត្តភក្តិរបស់ខ្លួនដែលទូរស័ព្ទមកប្រាប់នោះទេ ដោយសារតែអោយអស់ចិត្តបុរសរងគ្រោះនិងប្អូនប្រុសបានជិះម៉ូតូមួយគ្រឿងចេញទៅមើលស្រាប់តែមិនឃើញរថយន្តក៏ឆោឡោនាំគ្នាជិះតាមរករថយន្ត ខណៈពេលជិះមកជិតដល់អាកាសយន្តដ្ឋានភ្នំពេញអន្តរជាតិពោធិ៍តុង ក៏ប្រទះឃើញរថយន្តរបស់ជនរងគ្រោះដែលត្រូវជនសង្ស័យខាងលើរួមទាំងបក្សពួកកំពុងបើករត់គេច ពេលនោះគាត់ក៏បានជិះដេញតាមពីក្រោយ និងស្រែកចោរៗតាមបណ្តោយផ្លូវសហព័ន្ធរុស្សី រហូតមកដល់កែងនិងផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ជនសង្ស័យខាងលើរួមទាំងបក្សពួកបានបន្ថយល្បឿនហើយបានបើកទ្វាររថយន្តលោតចុះរត់គេចខ្លួន ហើយក៏ត្រូវបានប្អូនប្រុសជនរងគ្រោះជិះម៉ូតូដេញតាមចាប់បានជនសង្ស័យខាងលើភ្លាមៗតែម្តង ចំណែកឯបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ធ្វើការឃាត់ខ្លួនប្រគល់ទៅអោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកនាំយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ