រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យខាងលើ និងបក្ខពួក៤នាក់ទៀត សៀតវិទ្យុទាក់ទងពាក់អាវប៉ារ៉ាគំរាមប្លន់យកទូរស័ព្ទពីបុរសនារី៣នាក់ នៅម្តុំដីវាលជិតរោងការដ្ឋានសំណង់ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ។
ជនសង្ស័យមានឈ្មោះ ឈិន សុវណ្ណ ហៅខាន់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកលើកដែក ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ រស់ សារី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបបួលមិត្តភក្តិផឹកទឹកត្នោតជូរ នៅម្តុំជិតការដ្ឋានសំណង់ បន្ទាប់មកពួកគាត់ទាំងបីនាក់បានមកសាសងគ្នា នៅម្ដុំដីវាលកន្លែងកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន៥នាក់ ក្នុងនោះជនសង្ស័យម្នាក់ស្លៀកឯកសណ្ឋានពាក់អាវប៉ារ៉ាមានអាយកូម (វិទ្យុទាក់ទង) និងមានបក្ខពួកពាក់អាវស៊ីវិល មានដាវសាំម៉ូរ៉ៃ១ដើម បានឃាត់ពួកគាត់ទាំងបីនាក់ឆែកឆេរជនរងគ្រោះទាំង៣នាក់ តែពុំឃើញមានថ្នាំញៀន ពេលនោះជនសង្ស័យខាងលើបានដកយកទូរស័ព្ទម៉ាក OPPO F7 ទើបនឹងទិញបាន២ថ្ងៃតម្លៃ៣២៩ដុល្លារ ពីជនរងគ្រោះ ហើយគំរាមជនរងគ្រោះបម្រុងយកទៅស្នងការនគរបាល ។ នៅពេលនោះដែរ ជនរងគ្រោះទាំង៣នាក់ ត្រូវក្រុមជនសង្ស័យគំរាមយកទាំងម៉ូតូថែមទៀតផង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងកើតហេតុ ដើម្បីទៅប្ដឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍នៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានចុះទៅដល់ក្បែរកន្លែងកើតហេតុ ឃើញជនសង្ស័យម្នាក់តែបក្ខពួក៤នាក់ទៀតមិនឃើញឡើយ ត្រូវនគរបាលប៉ុស្តិ៍ចោមចៅ៣ បានឃាត់ជនសង្ស័យម្នាក់ខាងលើយកមកសួរនាំ ។ ជនសង្ស័យបានឆ្លើយបដិសេធថា រូបគាត់មិនបានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់ខាងលើទេ ប៉ុន្តែជនរងគ្រោះទាំង៣នាក់បានចង្អុលបង្ហាញដូចៗគ្នាថា ជនសង្ស័យខាងលើជាអ្នកយកទូរស័ព្ទពីពួកគាត់ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្ដឹងប្ដឹងទៅជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានកសាងសំណុំរឿង បញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវីធី ៕
ចែករំលែកព័តមាននេះ