ខេត្តព្រៃវែង ៖ ព្រោះតែផឹកស៊ីអួតអាងច្រើន បុរសម្នាក់ត្រូវអ្នកផឹកស៊ីជាមួយវាយសំពងឡើងបែកក្បាលរយះដេរ១០ថ្នេរ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅក្នុងវង់ផឹកស៊ីមួយកន្លែងក្នុងភូមិព្រៃសម្លាញ់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។
ជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ សូត្រ អេន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ បានរងរបួសក្បាលផ្នែកខាងលើរយះដេរ១០ថ្នេរ ។ ចំណែកជងបង្កឈ្មោះ ឃីម អូន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ។
ចំពោះហេតុការណ៍នៃអំពើហិង្សានេះ ត្រូវបានសមត្ថកិច្ចប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យព្រមទាំងមិត្តភក្តិ៣-៤នាក់ផ្សេងទៀតបានអង្គុយផឹកស៊ីជុំគ្នា ហើយក្នុងពេលផឹកស្រវឹងស្រឿងៗ ជនរងគ្រោះ និងជនបង្កបានទាស់សម្ដីគ្នាប្រកែកគ្នារហូតដល់តឹងសរសៃ.ក ហើយក៏កើតទៅជាអំពើហិង្សា ដោយជនបង្កបានយកដំបងវាយក្បាលជនរងគ្រោះ បណ្ដាលឲ្យបែកក្បាលហូរឈាមពេញផ្ទៃមុខ ។ ភ្លាមៗនោះ អ្នកផឹកស៊ីជាមួយក៏ចាប់បំបែកអ្នកទាំង២ និងនាំយកជនរងគ្រោះទៅព្យាបាលរបួស ចំណែកជនបង្កបានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង និងតាមរកចាប់ខ្លួនជនដៃដល់ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ