ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០១៨​នេះកម្ពុជា​មាន​កម្លាំង​ពលកម្ម​កំពុង​បម្រើ​ការ​ជាង១០លាន​នាក់

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​២០១៨​នេះ វិស័យ​ការងារ​បន្ត​អភិវឌ្ឍន៍​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​អត្រា​មានការ​ងារ​ធ្វើ​ស្មើនឹង​៩៩,៣%, បរិមាណ​ការងារ​សរុប​មាន​ប្រមាណ​ជាង​១០​លាន​នាក់ ។ ជាមួយ​គ្នា​នេះ សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ…

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​២០១៨​នេះ វិស័យ​ការងារ​បន្ត​អភិវឌ្ឍន៍​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​អត្រា​មានការ​ងារ​ធ្វើ​ស្មើនឹង​៩៩,៣%, បរិមាណ​ការងារ​សរុប​មាន​ប្រមាណ​ជាង​១០​លាន​នាក់ ។ ជាមួយ​គ្នា​នេះ សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ចំនួន​សរុប​ជាង​១​ម៉ឺន​២​ពាន់​គ្រឹះស្ថាន កើនឡើង​១០,០២% និង​មាន​កម្មករនិយោជិត​សរុប​ជិត​១​លាន​៥​សែន​នាក់ កើនឡើង​២១,១១% ធៀប​នឹង​ឆ្នាំ​២០១៧ ក្នុង​នោះ​ស្ត្រី​ជាង​៨​សែន​នាក់​។ នេះ​បើ​តាម​ការ​អះអាង​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៣២ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា នៅ​ទីស្តីការក្រសួង​ការងារ លោក​រដ្ឋមន្ត្រី អុ​ិ​ត សំ​ហេង បាន​លើក​ឡើង​ថា សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុប​មាន​ចំនួន​ជិត​៦​សែន មាន​កម្មករ​ជាង​២​លាន​៤​សែន​នាក់ ដោយ​វិស័យ​កសិកម្ម​មាន​ប្រមាណ​ជាង​៤​លាន​នាក់​, ពលករ​ធ្វើការ​នៅ​ក្រៅប្រទេស មាន​ប្រមាណ​១​លាន​២​សែន​នាក់ និង​មន្ត្រី​សាធារណៈ​ប្រមាណ​ជាង​៥​សែន​នាក់ ។

លោក​ថា ៖« ប្រព័ន្ធ​អធិការកិច្ច​ការងារ​ត្រូវ​បាន​កែទម្រង់ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការងារ ច្បាប់​ស្តី​ពី​សហជីព ដែល​ធ្វើ​ឱ្យ​លក្ខខណ្ឌ​ការងារ និង​ការ​ទំនាក់ទំនង​វិជ្ជាជីវៈ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។ ទន្ទឹម​នឹង​នេះ បញ្ហា​កូដកម្ម បាតុកម្ម ត្រូវ​បាន​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ។ យន្ដការ​ត្រីភាគី​ត្រូវ​បាន​ពង្រឹង និង​បន្ដ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា ដែល​ទាក់ទង​នឹង​ផលប្រយោជន៍​របស់​កម្មករនិយោជិត និង​និយោជក » ។

លោក​បន្ដ​ថា ចំណែក​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង​ក្នុង​ឆ្នាំ​២០១៨ បាន​កើន​ពី​ចំនួន​១៥៣​ដុល្លារ​ទៅ​១៧០​ដុល្លារ កើន​១១,១% បើ​គិត​ពី​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត កម្មករនិយោជិត​ម្នាក់​ៗ​អាច​ទទួល​បាន​ប្រាក់​ចំណូល​ពី​១៨៧ ទៅ​១៩៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ ។ ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ធានា​ការ​លើកកម្ពស់​ជីវភាព​របស់​កម្មករនិយោជិត​ផង​ដែរ ។

លោក​ក៏​បាន​លើក​ឡើង​ថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ កម្ពុជា​មាន​សហជីព​មូលដ្ឋាន​កើន​រហូត​ដល់​ចំនួន​៤.២២៧, សហព័ន្ធ​សហជីព​១៥៨, សហភាព​សហជីព​២៥, សមាគម​៩, អង្គការ​៤ និង​សមាគម​និយោជក​៨ ។

ការ​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ដែល​បាន​ផ្ដល់​អត្ថប្រយោជន៍​ថ្មី​ៗ
ជា​ច្រើន​ជូន​កម្មករ​និ​យោ​ជិ​ក ដូច​ជា ៖
-​បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់ ដោយ​មិន​បង់ប្រាក់ ។
-​បាន​អនុវត្ត​ការ​ផ្តល់​ប្រាក់​ឈ្នួល​១២០% និង​ការ​ឈប់​សម្រាក​រយៈពេល​៣​ខែ​ក្នុង​ពេល​សម្រាលកូន ជូន​កម្មការិនី ។
-​បាន​អនុវត្ត​កម្មវិធី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មការិនី​សម្រាលកូន​ក្នុង​១​ខែ​ជា​មធ្យម ៤.៨០០​នាក់ ដោយ​ផ្តល់​ជូន​កូន​១​នាក់​នូវ​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​, កូន​២​នាក់ ថវិកា​ចំនួន​៨០​ម៉ឺន​រៀល និង​កូន​៣​នាក់ ថវិកា​ចំនួន​១,២​លាន​រៀល ព្រមទាំង​ទទួល​បាន​ថវិកា​បន្ថែមចំនួន​៥​លាន​រៀល​ពី​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្ទាល់ ។
-​រាជរដ្ឋាភិបាល​បាន​កំណត់​ឱ្យ​និយោជក​ជាប់​កាតព្វកិច្ច​បង់​វិភាគទាន​របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​១០០% ជំនួស​កម្មករនិយោជិត ចាប់ពី​ខែមករា ឆ្នាំ​២០១៨ ។
-​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ បាន​ត្រួតពិនិត្យ​ជា​ប្រចាំ​នូវ​ថ្លៃ​ឈ្នួល​ផ្ទះ ថ្លៃ​ទឹក និង​ថ្លៃ​អគ្គិសនី នៅ​តាម​ផ្ទះ​ជួល និង​បាន​ផ្តល់​ជូន​កម្មករនិយោជិត​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​នៅ​រាជធានី​ភ្នំពេញ ដោយ​ឥត​បង់ប្រាក់ ។
-​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ដាក់​ឲ្យ​អនុវត្ត​នូវ​របប​សន្តិសុខ​សង្គម ផ្នែក​សោធន​និវត្តន៍​ឆ្នាំ​២០១៩ ។
-​រាជរដ្ឋាភិបាល​បាន​ផ្តល់​បុរេប្រទាន​ថវិកា​ចំនួន​ជាង​៤​លាន​៦​សែន​ដុល្លារ​សម្រាប់​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​កម្មករនិយោជិត ដែល​រោងចក្រ​បិទទ្វារ​ដោយសារ​ម្ចាស់​រត់​ចោល និង​រៀបចំ​បទ​ប្បញ្ញត្តិ ដើម្បី​ធានា​អត្ថប្រយោជន៍​របស់​កម្មករនិយោជិត​ចំពោះ​ករណី​នេះ​នា​ពេល​ខាង​មុខ ។
-​រាជរដ្ឋាភិបាល​កំពុង​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​ប្រទេស​ដៃគូ ដើម្បី​បន្ត​ផ្តល់​ឱកាស​ការងារ​ជូន​ពលករ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ពលករ ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ទាំងនោះ និង​បង្ក​លក្ខណសម្បត្តិ​ឱ្យ​បងប្អូន​ទទួល​បាន​របប​គាំពារ​សង្គម​ទាំង​បច្ចុប្បន្ន និង​ពេល​វិល​ត្រឡប់​មក​វិញ ៕