ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុក្រឹត្យ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​ពិនិត្យ​ផលិតផល​ហា​ឡា​ល

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ផលិតផល​ហា​ឡា​ល មិន​ត្រឹមតែ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ប្រទេស​ដែល​កាន់សាសនា​អ៊ិ​ស្លា​ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រទេស​ដទៃ​ទៀត ក៏​មាន​តម្រូវការ​ផលិតផល​ហា​ឡា​ល​នេះ​ផង​ដែរ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ប៉ាវ ហេង​តារា…

ខេត្តបាត់ដំបង ៖ ផលិតផល​ហា​ឡា​ល មិន​ត្រឹមតែ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ប្រទេស​ដែល​កាន់សាសនា​អ៊ិ​ស្លា​ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រទេស​ដទៃ​ទៀត ក៏​មាន​តម្រូវការ​ផលិតផល​ហា​ឡា​ល​នេះ​ផង​ដែរ ។

នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ប៉ាវ ហេង​តារា អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អនុក្រឹត្យ ស្ដី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​ត្រួតពិនិត្យ​ផលិតផល​ហា​ឡា​ល​កម្ពុជា ដែល​រៀបចំ​ដោយ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា នៅ​ក្នុង​ក្រុង​បាត់ដំបង ។

អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ប៉ាវ ហេង​តារា បាន​បញ្ជាក់​ប្រាប់​អ្នកចូលរួម​ថា ពាក្យ​ថា «​ហា​ឡា​ល​» គឺ​សំដៅលើ​ភាព​ស្អាត ឬ​អនាម័យ​ខ្ពស់ ដែល​ផលិត​ឡើង​ស្រប​តាម​ក្រឹត្យក្រម​ច្បាស់លាស់ ។ ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក ដែល​មាន​ជន​មូ​ស្លី​ម​រស់នៅ បាន​ចាប់ផ្ដើម​ជំរុញ​លើកទឹកចិត្ត​ឲ្យ​មានការ​ផលិត និង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ហា​ឡា​ល​នៅ​លើ​ផលិតផល​និង​សេវា​ដែល​ពួក​គេ​ផលិត​បាន ដើម្បី​ទទួល​បាន​មក​វិញ​នូវ​ការ​គាំទ្រ​ការ​ប្រើប្រាស់​ផលិតផល និង​សេវា​ទាំងនេះ ទាំង​ជន​មូ​ស្លី​ម និង​មិនមែន​មូ​ស្លី​ម ។ បច្ចុប្បន្ន​នេះ ឧស្សាហកម្ម​ហា​ឡា​ល​នៅ​លើ​ពិភពលោក កំពុង​មាន​កំណើន​យ៉ាង​ឆាប់រហ័ស​បំផុត ។

លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្ត ដែល​បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​សិក្ខាសាលា​នេះ បាន​បង្ហាញ​នូវ​សុ​ទិ​ដ្ឋ​និយម​យ៉ាង​ខ្លាំង​ចំពោះ​អនុក្រឹត្យ ស្ដី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​ត្រួតពិនិត្យ​ផលិតផល​ហា​ឡា​ល​។ លោក​ថ្លែង​ថា ៖« នេះ​ជា​លើក​ដំបូង​ហើយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ចេញ​នូវ​អនុក្រឹត្យ​នេះ តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស ពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា » ។
លោក​បន្ត​ថា ៖« ដោយ​យោង​លើ​អនុក្រឹត្យ​នេះ ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ហា​ឡា​ល​កម្ពុជា ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់​និង​ពិភពលោក ខណៈ​កម្ពុជា​នៅ​តែ​បន្ត​ទទួល​បាន​នូវ​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម ។ យើង​រំពឹង​ថា ចលនា​នេះ​នឹង​អាច​ជួយ​បង្កើត​សកម្មភាព​ពាណិជ្ជកម្ម​ថ្មី​ៗ និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​បានជា​ជំហាន​ៗ​។ លើស​ពី​នេះ នឹង​បាន​រួមចំណែក​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល » ។

នៅ​ក្នុង​សិក្ខាសាលា​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ខ្លឹមសារ​នៃ​ការ​ផ្សព្វផ្សាយ​នូវ​អនុក្រឹត្យ​នេះ ក្នុង​គោលបំណង​លើកកម្ពស់​បច្ចេកទេស​ស្ដង់ដា​អនាម័យ ជំនឿ​ទុកចិត្ត​ពី​សាសនិក​អ៊ិ​ស្លា​ម និង​មិនមែន​អ៊ិ​ស្លា​ម មក​លើ​ផលិតផល​ហា​ឡា​ល​កម្ពុជា សម្រាប់​ផ្គត់ផ្គង់​ដល់ទី​ផ្សារ​ប្រទេស​កម្ពុជា និង​ជំរុញ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ មិនតែប៉ុណ្ណោះ អនុក្រឹត្យ​នេះ ក៏​មាន​គោលដៅ​កំណត់​អំពី​គោលការណ៍ យន្តការ​នីតិវិធី និង​វិធានការ​ទាក់ទង​នឹង​ហា​ឡា​ល​ផង​ដែរ ។
ផលិតផល​ហា​ឡា​ល ក៏​បាន​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​អា​រ៉ាប់​ផង​ដែរ ខណៈ​ការ​ផ្គត់ផ្គង់​ផលិតផល​នេះ​ហាក់​នៅ​មាន​កម្រិត​នៅឡើយ ។

បើ​តាម​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ី​វលី​ន បាន​ថ្លែង កន្លង​មក​ថា អាហារ​ហា​ឡា​ល​នៅ​កម្ពុជា​មាន​កម្រិត ដែល​អាច​ទទួលភ្ញៀវ​បាន​សម្រាប់​ក្រុម​តូច​ៗ​ប៉ុណ្ណោះ ។ ហេតុនេះ កម្ពុជា​គួរ​ពង្រីក​ភោជនីយដ្ឋាន និង​ស្តង់ដា​អាហារ​ប្រភេទ​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ចាប់​យក​ភ្ញៀវ​មក​ពី​បណ្តា​ប្រទេស​អា​រ៉ាប់​ឲ្យ​ច្រើន​ចូល​មក​កម្ពុជា ព្រោះ​ភ្ញៀវ​មក​ពី​បណ្តា​ប្រទេស​អា​រ៉ាប់ ជា​ភ្ញៀវ​មានគុណ​ភាព ចំណាយ​ប្រាក់​ច្រើន និង​ត្រូវការ​ស្តង់ដា​អាហារ និង​សេវា​បដិសណ្ឋារកិច្ច​ខ្ពស់​ជាង​ភ្ញៀវ​មក​ពី​អឺរ៉ុប​ទៀត​ផង ។

លោកស្រី​បន្ត​ថា ៖ « ភ្ញៀវ​មក​ពី​បណ្តា​ប្រទេស​នៅ​អា​រ៉ាប់​ជាទី​ផ្សារ​ធំ​ណាស់ ហើយ​ពួក​គេ​បាន​ចាប់អារម្មណ៍​មក​ទស្សនកិច្ច​នៅ​កម្ពុជា ប៉ុន្តែ​កម្ពុជា​មិន​ទាន់​បាន​រៀបចំ​ខ្លួន​រួចរាល់​ដើម្បី​ទទួល​ពួក​គេ​នៅឡើយ ។ ប្រសិនបើ​កម្ពុជា​រៀបចំ​អាហារ​ប្រភេទ​ហា​ឡា​ល និង​សេវា​បដិសណ្ឋារកិច្ច​បាន​ល្អ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​មក​ពី​អា​រ៉ាប់​ច្រើន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ