ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះ​ទុន​ជា​ឧបសគ្គ​រារាំង​ការ​រីក​ចម្រើន​របស់​សហគ្រិន​វ័យក្មេង​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន សហគ្រិន​វ័យក្មេង​កម្ពុជា​ជា​ច្រើន​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ការ​បង្កើត និង​ពង្រីក​អាជីវកម្ម​ថ្មី​ៗ​បន្ថែម​ទៀត ក៏​ប៉ុន្តែ​ដោយសារ​កង្វះខាត​ផ្នែក​ហិរញ្ញវត្ថុ បាន​និង​កំពុង​ក្លាយជា​ឧបសគ្គ​រារាំង​ដល់​ការ​រីក​លូតលាស់​អាជីវកម្ម​របស់​ពួក​គេ ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន សហគ្រិន​វ័យក្មេង​កម្ពុជា​ជា​ច្រើន​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ការ​បង្កើត និង​ពង្រីក​អាជីវកម្ម​ថ្មី​ៗ​បន្ថែម​ទៀត ក៏​ប៉ុន្តែ​ដោយសារ​កង្វះខាត​ផ្នែក​ហិរញ្ញវត្ថុ បាន​និង​កំពុង​ក្លាយជា​ឧបសគ្គ​រារាំង​ដល់​ការ​រីក​លូតលាស់​អាជីវកម្ម​របស់​ពួក​គេ ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា ។

លោក គួ​ច ផេង ប្រធាន​សមាគម​រូប​នេះ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ សហគ្រិន​វ័យក្មេង​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​សមាគម មាន​រហូត​ដល់​ជាង​២០០​នាក់ ។ បើសិនជា​ពួក​គាត់​បាន​ពង្រីក​អាជីវកម្ម​ម្នាក់​បន្តិច​ៗ​នោះ ឱកាស​ការងារ​ដែល​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា នឹង​មាន​កាន់តែ​ច្រើន ក៏​ប៉ុន្តែ​ពួក​គាត់​មិន​អាច​ពង្រីក​អាជីវកម្ម​តាម​អ្វី​ដែល​ពួក​គាត់​គ្រោង ឬ​មាន​ផែនការ​បាន​រលូន​ទេ ។

លោក​និយាយ​ថា ៖« កត្តា​ទុន​បង្វិល ឬ​ហិរញ្ញវត្ថុ យក​មក​ពង្រីក​អាជីវកម្ម គឺជា​ការ​រារាំង​មួយ​ដ៏​សំខាន់​សម្រាប់​សហគ្រិន​វ័យក្មេង ក៏​ដូច​ជា​សហគ្រិន​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា » ។
លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ទាំងនេះ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​បាន​ព្យាយាម​ស្វែងរក​ដៃគូ​ពី​ខាងក្រៅ ដើម្បី​ជួយ​ពន្យល់ និង​រៀបចំ​ផែនការអាជីវកម្ម​ផ្សេង​ៗ​ធ្វើ​ឲ្យ​អាជីវកម្ម​បាន​លូតលាស់​ម្ដង​បន្តិច​ៗ បើ​ទោះបីជា​មិន​រីក​ចម្រើន​ភ្លាម​ៗ​ក៏​ដោយ ។ ជាក់ស្ដែង​កន្លង​មកនេះ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា ឲ្យ​ជួយ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង និង​ហេដ្ឋារចនាសម្ព័ន្ធ​អាជីវកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

លោក​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ លោក​មើលឃើញ​ថា សហគ្រិន​កម្ពុជា​ជា​ច្រើន​បាន​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ជា​លក្ខណៈ​អាជីវកម្ម​ខ្នាត​តូច ហើយ​ភាគច្រើន​នៃ​អាជីវកម្ម​ដែល​សហគ្រិន​បាន​ចាប់ផ្ដើម​ថ្មី​ៗ​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​បច្ចេកវិទ្យា ពោល​គឺជា​ក្រុមហ៊ុន​ដំណោះស្រាយ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាដើម ពីព្រោះ​វិស័យ​នេះ​បាន​និង​កំពុង​តែ​រីក​លូតលាស់​បន្តិច​ម្ដង​ៗ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោកស្រី​ឧកញ៉ា កែវ មុំ អគ្គ​នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី បាន​ឲ្យ​ដឹង​ដែរ​ថា បញ្ហា​ហិរញ្ញវត្ថុ ជា​កត្តា​ដែល​មិន​អាច​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ពង្រីក​ខ្លួន​បាន​លឿន ដូចនេះ​ហើយ​ពួក​គាត់​ត្រូវ​ពង្រីក​ម្ដង​បន្តិច​ៗ​ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន ។
លោកស្រី​និយាយ​ថា ៖« សហគ្រិន​មួយ​ចំនួន​បាន​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ដោយ​រលូន ហើយ​ចង់​ពង្រីក​បន្ថែម​ទៀត តែ​មិន​មាន​ទុន​គ្រប់គ្រាន់​សម្រាប់​ពង្រីក ។ អីចឹង​ហើយ​ទើប​ធ្វើ​ឲ្យ​ដំណើរការ​ពង្រីក​ត្រូវ​យឺតយ៉ាវ និង​រង់ចាំ​ប្រាក់​ចំណេញ​របស់​ខ្លួន​យក​មក​ពង្រីក ។ បើសិនជា​ពួក​គេ​មាន​ទុន​គ្រប់គ្រាន់​នោះ ការ​ពង្រីក​អាជីវកម្ម​វា​មិន​ពិបាក​ទេ ហើយ​ក៏​អាច​ផ្ដល់​ការងារ​បាន​កាន់តែ​ច្រើន​ដល់​ប្រជាពលរដ្ឋ​ដែរ​។ ជា​ពិសេស​នោះ កម្ពុជា​ក៏​មាន​ផលិតផល​កាន់តែ​សម្បូរ​បែប​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​ក្នុងស្រុក ក៏​ដូច​ជា​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ផង​ដែរ » ។

ដោយសារ​វិស័យ​នេះ​កំពុង​ក្លាយជា​សូចនាករ​ក្នុង​ការ​គាំទ្រ​កំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល​បាន​និង​កំពុង​គិតគូរ​ជួយ​ជ្រោមជ្រែង តាម​រយៈ​ការ​បង្កើត​ធនាគារ SME Bank ដែល​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ និង​បង្កើត​មូលនិធិ​គម្រោង​អភិវឌ្ឍន៍​សហគ្រិន​កម្ពុជា (Cambodia Entrepreneurship Development Project Fund) ដើម្បី​កៀរគរ​ប្រភព​ទុន​សម្រាប់​ចូលរួម​អភិវឌ្ឍន៍​វិស័យ​SME កម្ពុជា ឲ្យ​កាន់តែ​រីក​ចម្រើន និង​មាន​ភាព​ប្រកួតប្រជែង​នៅ​ក្នុង​តំបន់ ។
លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ទទួលស្គាល់​ពីសារ​សំខាន់​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម ហើយ​បាន​ប្រឹងប្រែង​ជំរុញ​វិស័យ​នេះ​តាម​រយៈ​ក្របខ័ណ្ឌ ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ឆ្នាំ​២០០៥-២០១០ យុទ្ធសាស្ត្រ​ចតុកោណ និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដែល​មាន​គោលដៅ​ពង្រីក​និង​ធ្វើ​ទំនើប​កម្ម​សហគ្រាស​ធុន​តូច និង​មធ្យម តាម​រយៈ​ជំនួយ​បច្ចេកទេស ធនធាន​ហិរញ្ញវត្ថុ និង​ការ​គាំទ្រ​ទីផ្សារ ជាដើម ។

​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​រយៈពេល​៥​ឆ្នាំ (២០១៣-២០១៧) បាន​បង្ហាញ​ថា សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម ឆ្នាំ​២០១៧ មាន​សរុប​ប្រមាណ​ជាង​១៥​ម៉ឺន​មូលដ្ឋាន ស្មើ​ជាង​២៩%​នៃ​ចំនួន​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ទាំងអស់ ដែល​បាន​បង្កើត​ការងារ​សរុប​ចំនួន​ជាង​១​លាន​កន្លែង ព្រមទាំង​បាន​ប្រើប្រាស់​ទុន​សម​មូល​សរុប​សម្រាប់​ការ​វិនិយោគ​ប្រមាណ​ជា​៤.៧០០​លាន​ដុល្លារ និង​នាំ​មក​នូវ​ផលរបរ​ប្រចាំឆ្នាំ​ប្រមាណ​ជាង​៩៣​ពាន់​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ