ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក្ស​ត្អូញត្អែរ​រក​លុយ​មិនសូវ​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​សម្តែង​សិល្បៈ​ល្ខោនបាសាក់​រឿង​អក្សរសិល្ប៍​ខ្មែរ​គេ​តែង​ចាត់​ទុក​តួអង្គ​យក្ស​ជាស​ភាវៈ​មួយ​តំណាង​ឲ្យ​ភាព​សាហាវ ឃោរឃៅ ព្រៃផ្សៃ ហើយ​បើ​មាន​តួអង្គ​យក្ស​នោះ​ផ្ទៃរឿង​ទាំងមូល​គឺ​ប្រាកដជា​សម្បូរ​ដោយ​ភាព​ទំនាស់ ការ​កាប់សម្លាប់​គ្នា និង​ការ​រំលោភ​បំពាន ។ អ្នក​ទស្សនា​មួយ​ចំនួន​តែងតែ​មិន​សប្បាយចិត្ត…

រាជធានី​ភ្នំពេញ ៖ ការ​សម្តែង​សិល្បៈ​ល្ខោនបាសាក់​រឿង​អក្សរសិល្ប៍​ខ្មែរ​គេ​តែង​ចាត់​ទុក​តួអង្គ​យក្ស​ជាស​ភាវៈ​មួយ​តំណាង​ឲ្យ​ភាព​សាហាវ ឃោរឃៅ ព្រៃផ្សៃ ហើយ​បើ​មាន​តួអង្គ​យក្ស​នោះ​ផ្ទៃរឿង​ទាំងមូល​គឺ​ប្រាកដជា​សម្បូរ​ដោយ​ភាព​ទំនាស់ ការ​កាប់សម្លាប់​គ្នា និង​ការ​រំលោភ​បំពាន ។ អ្នក​ទស្សនា​មួយ​ចំនួន​តែងតែ​មិន​សប្បាយចិត្ត ឬ​ក៏​ស្អប់​សម្រាប់​តួយក្ស ក្នុង​ផ្ទៃ​សាច់​រឿង​ខ្វះ​ការ​ពិចារណា ខណៈ​ពេល​ដែល​តួអង្គ​ក្រៅ​ឆាក​អាច​ជា​មនុស្ស​ស្លូតបូត សុភាព​រាបសា ខុស​ពី​គ្នា​ឆ្ងាយ​ពី​ទិដ្ឋភាព​នៅ​ក្នុង​ឆាក ។

មហាជន​ភាគច្រើន​ហាក់​មិន​បានដឹង​ទេ​ថា ភាព​លំបាក​នានា​ដែល​បាន​កើត​មាន​ឡើង ចំពោះ​តួអង្គ​ដែល​សម្តែង​ជា​យក្ស​នៅ​ក្នុង​សាច់​រឿង ខណៈ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ចាត់​ទុក​អ្នក​សម្តែង​តួយក្ស​អាច​ជា​មនុស្ស​ដែល​មាន​ចរិត​កាច​ដូច​យក្ស​ដែរ ។
ជាក់ស្តែង​តួអង្គ​យក្ស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​តួអង្គ​មួយ​ដែល​សំខាន់​នៅ​ក្នុង​រឿងល្ខោន​ខ្មែរ ខណៈ​ពេល​ដែល​តួយក្ស​ជា​តួអង្គ​ធ្វើ​ឲ្យ​មាន​ភាព​កន្ត្រាក់​ឆាក និង​ពញ្ញាក់​ស្មារតី​អ្នក​មើល​ជក់ចិត្ត ហើយ​ពេល​ខ្លះ​តួយក្ស​ក៏​បាន​ផ្តល់​ភាព​សប្បាយ​រីករាយ​ផង​ដែរ​ដល់​អ្នក​ទស្សនា ។

ជា​ការ​កត់សម្គាល់​តួអង្គ​យក្ស​បាន​អះអាង​ស្រ​ដៀង​គ្នា​ថា ទម្រាំ​សម្តែង​បាន​ឲ្យ​ធ្វើ​ឲ្យ​ទស្សនិកជន​ទស្សនា​យ៉ាង​ជក់ចិត្ត​នោះ គឺ​មិនមែន​ជា​ការ​ងាយ​ឡើយ ខណៈ​ពេល​ដែល​ការ​សម្តែង​ជាន់​ឆាក​ទល់​ភ្លឺ តែ​កម្រៃ​បាន​មក​ហាក់​មិន​សម​កម្លាំង​ដែល​បញ្ចេញ​ទេ ។

ជា​អ្នក​សម្តែង​ល្ខោន​តួយក្ស​ដែល​មានបទពិសោធន៍​ជាង​១០​ឆ្នាំ​លោក សុង សា​រឿ​ន បាន​អះអាង កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា វា​ពិបាក​សម្តែង​ខ្លាំង​ណាស់​នៅ​ពេល​ដែល​យើង​មិន​ទាន់​ចេះ​ស្ទាត់​លើ​ជំនាញ​តួអង្គ​នេះ ។ នៅ​មុន​ពេល​សម្តែង​តួអង្គ​យក្ស​ម្នាក់​ត្រូវ​ចំណាយ​ពេល​គូរ​មុខ​ប្រមាណ​១​ទៅ​២​ម៉ោង​ទើប​រួចរាល់ ហើយ​សម្តែង​នេះ​ទៀត​សោ​ធ​ត្រូវ​ជាន់​ឆាក​ទល់​ភ្លឺ និង​ត្រូវ​ប្រើ​សំឡេង​ស្រែក​ស្ទើរ​បែក​បំពង់ក​ក៏​មាន ។

បើ​តាម​លោក​សុង សា​រឿ​ន ពេល​ខ្លះ​សម្តែង​ទៅ​ដើម្បី​ឲ្យ​សម​នឹង​សាច់​រឿង និង​ជា​តួអង្គ​យក្ស​ដែល​មាន​ភាព​កាច​សាហាវ​នោះ​គឺ​ត្រូវ​អ្នក​ទស្សនា​ស្អប់ រហូត​ពេល​ខ្លះ​មាន​អ្នក​គប់​ដុំ​ដី និង​ស្រែក​ជេរ ខ្លាំង​ៗ​ផង​ដែរ ។

ក្នុង​វ័យ​៤១​ឆ្នាំ​លោក​សុង សា​រឿ​ន បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​លោក​ដែល​ជា​តួយក្ស គឺ​សម្តែង​ម្តង​បាន​ប្រាក់​ប្រមាណ​ជា​១០​ម៉ឺន​រៀល ឬ​លើស​នេះ​តិចតួច​ប៉ុណ្ណោះ បើ​ទោះបីជា​ត្រូវ​សម្តែង​នៅ​ទី​ជិត ឬ​ទី​ឆ្ងាយ​ក៏​ដោយ ។ តម្លៃ​នេះ​សម្រាប់​លោក​ដែល​បាន​ចំណាយ​ពេល​ការ​ហាត់រៀន និង​ការ​ចំណាយ​កម្លាំង​សម្តែង​នោះ គឺ​ហាក់​មាន​ចំនួន​តិចតួច ។ ប៉ុន្តែ​យ៉ាងណា​ក្តី​លោក​ពេញចិត្ត​ដែល​មានឱកាស​បញ្ចេញ​ទេព​កោសល្យ​របស់​ខ្លួន ។

តួយក្ស​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា ដោយ​សារ​តែ​អាជីព​ល្ខោន​នេះ​មិនសូវ​ជា​ផ្តល់​កម្រៃ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​នោះ លោក​​បាន​បង្កើត​វង់ភ្លេង​ខ្មែរ ដើម្បី​រក​ចំណូល​បន្ថែម​។ ភ្លេងខ្មែរ​អាច​លេង​ពេល​ថ្ងៃ​បាន ចំណែក​ល្ខោន​អាច​ឆ្លៀត​លេង​ពេល​យប់ ដោយ​មិន​ប៉ះពាល់​ម៉ោង​សម្តែង​គ្នា​ឡើយ ។

ជា​តួអង្គ​យក្ស​នៅ​ក្នុង​វង់​ល្ខោន​លោក​អុល សំអាង ក្នុង​បទ​ពិសោធន៍​ជាង​៥​ឆ្នាំ លោក​នឿន សុភា ឲ្យ​ដឹង​ថា សម្រាប់​តួអង្គ​យក្ស​របស់​លោក​សម្តែង​មួយ​យប់​បាន​តម្លៃ​ប្រមាណ​១៦​ម៉ឺន​រៀល ហើយ​តម្លៃ​នេះ​ថេរ​មិន​ថា​ជិត ឬ​ឆ្ងាយ​ឡើយ ។​តម្លៃ​នេះ​គឺ​សម្រាប់​លោក​ផ្ទាល់​មិនសូវ​មាន​បញ្ហា​ចោទ​ឡើយ បើ​ទោះបីជា​វា​ហាក់​មិន​ច្រើន សម្រាប់​ផ្ក​ត់​ផ្គង់​គ្រួសារ​ក៏​ដោយ ។ ឆ្លៀត​ពី​ការ​លេងល្ខោន​លោក​ក៏​បាន​ធ្វើស្រែ​ចម្ការ ដើម្បី​បាន​ប្រាក់​ចំណូល​គួប​ផ្សំ​ពី​ការ​សម្តែង​ល្ខោន ដែល​អាច​ឲ្យ​គ្រួសារ​របស់​លោក​រស់នៅ​ក្នុង​ជីវភាព​មួយ​សមរម្យ។

បើ​តាម​លោក​នឿ​ន សុភា កាលពី​មិន​ទាន់​សូវ​ចេះ​សម្តែង​តួអង្គ​យក្ស លោក​បាន​ខិតខំ​យ៉ាង​លំបាក​ទាំង​កាយវិការ និង​ការ​ប្រើប្រាស់​សំឡេង រហូត​ពេល​ខ្លះ​បាន​ធ្វើ​ឲ្យ​លោក​ធ្លាក់ខ្លួន​ឈឺ​ព្យួរសេរ៉ូម​ក៏​មាន ។ ពេល​ខ្លះ​ទៀត​មេក្រូ​មិនសូវ​លឺ​ដោយសារ​ត្រូវ​ទឹកភ្លៀង តម្រូវ​ឲ្យ​លោក​ប្រើប្រាស់​សំឡេង​ស្រែក​ខ្លាំង​ជាង​ធម្មតា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ស្ងួត និង​ស្អក​ក ។

តួអង្គ​យ្ស​ដែល​មាន​ដើម​កំណើត​ពី​ខេត្តកំពង់ចាម និង​មានកូន​ម្នាក់​រូប​នេះ​ឲ្យ​ដឹង​បន្ថែម​ថា សម្រាប់​រូប​លោក​ផ្ទាល់​គឺ​មិនមែន​អាច​សម្តែង​តែ​តួយក្ស​តែ​មួយ​មុខ​នោះ​ឡើយ ពោល​លោក​អាច​សម្តែង​ជា​តួ​សេដ្ឋី ក្មេង​ស្ទាវ និង​តួ​ចោរ​ក៏​បាន​ដែរ ។

ឆ្លងកាត់​បទ​ពិសោធន៍​នៃ​ការ​សម្តែង​ល្ខោនបាសាក់​ជាង​៥​ឆ្នាំ បុរស​ដែល​មាន​វ័យ​៣២​ឆ្នាំ​រូប​នេះ​បាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ជា​ច្រើន​ទាំង​អាក្រក់ និង​ល្អ ជា​ពិសេស​ពេល​សម្តែង​ជា​តួ​ដែល​គេ​ស្អប់ ម្តង​ៗ​នោះ​គឺ​ត្រូវ​អ្នក​ទស្សនា​គប់​ថង់ ដប​ទឹក​សុទ្ធ​ក៏​មាន ។ ជាង​នេះ​ទៅ​ទៀត​​ពេល​សម្តែង​តួអង្គ​ដែល​និយាយ​ទៅ​ប៉ះពាល់​ដល់​ក្មេង​ស្ទាវ​ឈាមរាវ​នោះ គឺ​តែងតែ​ត្រូវ​ពួក​គេ​រករឿង ឌឺ និង​គប់​ដំបូល​ឆាក​ថែម​ទៀត​ផង ។

បើ​ទោះបីជា​មានរឿង​រ៉ាវ​ដូចនេះ​ក៏​ដោយ​លោក​នឿ​ន សុភា មិន​រារែក​ចិត្ត​ក្នុង​ការ​បន្ត​អាជីព​​ជា​អ្នក​សម្តែង​ល្ខោន​ឡើយ ដោយសារ​តែ​បច្ចុប្បន្ន​វង់​ល្ខោន​របស់​លោក​កំពុង​មាន​ទីផ្សារ​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ