រាជធានីភ្នំពេញ ៖ បុរសជាអ្នកលក់ថ្នាំញៀនម្នាក់រងរបួសជាច្រើនកាំបិតបន្ទាប់ពីជនដៃដល់ខឹងទៅទារលុយថ្លៃថ្នាំញៀន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤និង១០នាទីទាបភ្លឺ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ឈឹម វីរៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករកាត់ដេរ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ មិត្តភក្ដិម្នាក់នៅក្បែរឈ្មោះ ឆុល ពៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងភ្លើង ទើបមកពីស្រុកកំណើតជាអ្នកជួលបន្ទប់កើតហេតុខាងលើ មានស្រុកកំណើតនៅភូមិសំបួរ ឃុំសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ។
ជនរងគ្រោះបានឲ្យដឹងថា រូបគេជាអ្នកលក់ថ្នាំញៀនឲ្យគេយកចំណេញក្បាលកាក់ ចំណែកជនដៃដល់ជាអ្នកទិញថ្នាំញៀន បានទិញថ្នាំញៀនរបស់គាត់ចំពាក់ជាង១០ម៉ឺនរៀលមិនព្រមសង មុនពេលកើតហេតុ គាត់បានទៅទារលុយពីជនសង្ស័យនៅផ្ទះជួលជិតកន្លែងកើតហេតុ នៅពេលនោះដែរ ជនដៃដល់មិនមានលុយឲ្យធ្វើឲ្យមានការឈ្លោះប្រកែកគ្នា ។ នៅវេលាម៉ោង០៤ល្ងាច ជនដៃដល់ខឹងរូបគេទៅទារលុយបាននាំបក្ខពួកម្នាក់ទៀតមកជាមួយមកគំរាមជនរងគ្រោះថា «ចាំមើលហែង! អញនឹងមកកាប់ហែងចាំមើលយប់នឹង» ។ លុះនៅវេលាម៉ោងកើតហេតុ ជនរងគ្រោះកំពុងតែដេក ជនបង្កបានទៅគោះទ្វារបន្ទប់ជនរងគ្រោះ បើកទ្វារឲ្យ ស្រាប់តែជនដៃដល់យកកាំបិតកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត ហើយជនរងគ្រោះបានយកភួយមកគ្របកុំឲ្យជនដៃដល់កាប់ខ្លាំងពេករហូតដល់ស្លាប់ បន្ទាប់ពីកាប់អស់ចិត្តហើយជនដៃដល់ និងបក្ខពួកបាននាំគ្នាចេញទៅបាត់អស់ ។
បើតាមប្រភពព័ត៌មានពីមិត្តភក្តិរបស់ជនរងគ្រោះ ដែលជាម្ចាស់បន្ទប់ជួលពីមុន បាននិយាយថា រូបគាត់បានឈប់ជួលបន្ទប់ខាងលើជាង១ខែមកហើយ ម្ចាស់បន្ទប់ជួលបានក៏សួរគាត់ថា បន្ទប់ខាងលើឱ្យនរណាជាអ្នកជួលបន្ត ហើយបន្ទាប់មកគាត់បានប្រាប់ម្ចាស់ផ្ទះជួលថា បានឲ្យបងប្អូនជីដូនមួយជាអ្នកជួលបន្ត ។
នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ពេលគាត់ទើបមកដល់បងប្អូនជីដូនមួយខាងលើ មិនឃើញនៅបន្ទប់ជួលនោះឡើយ ។ នៅពេលយប់កើតហេតុខាងលើ គាត់បានសម្រាកនៅបន្ទប់ជួលទល់មុខបន្ទប់ជួលកើតហេតុខាងលើ ពេលជនរងគ្រោះត្រូវជនសង្ស័យកាប់ មិនហ៊ានទៅក្បែរឡើយ ព្រោះខ្លាចគេចោទប្រកាន់ជាអ្នកកាប់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនមួយដឹកទៅសង្គ្រោះបន្ទាន់ ចំណែកសមត្ថកិច្ចបានឃាត់មិត្តភក្ដិម្នាក់ដែលទើបមកពីស្រុកយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ បន្ទាប់មកសមត្ថកិច្ចបានទៅសួរនាំជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ ៕
ចែករំលែកព័តមាននេះ