ខេត្ដប៉ៃលិន ៖ មានសេចក្តីរាយការណ៍ឱ្យដឹងថា នៅវេលាម៉ោង០៨និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ លោកស្នងការនគរបាលស្នងការខេត្តប៉ៃលិន ចាត់ឲ្យលោកវរសេនីយ៍ទោ ហ៊ីង យ៉ាន់ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រោមឱវាទធ្វើការស៊ើបអង្កេតករណីចោរលួចកាច់ក.ម៉ូតូ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ដោយបន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ឈ្មោះ ឈឿម សុជឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជាមេការជាងសំណង់ ស្នាក់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ចាប់តាំងពីថ្ងៃកើតហេតុខាងលើ រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ទទួលបានដំណឹងថា ជនសង្ស័យយកម៉ូតូទៅទុកចោលនៅផ្ទះរបស់ឈ្មោះ សុះ ភេទប្រុស រស់នៅភូមិខ្លឹម ឃុំអូររថក្រោះឆេះ ស្រុកសំឡូត ខេត្តបាត់ដំបង លុះដល់វេលាម៉ោង០១និង៤៥នាទីរសៀលថ្ងៃដដែល ទើបជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះឲ្យទៅយកម៉ូតូនៅផ្ទះខាងលើត្រលប់មកផ្ទះវិញ ។
ប្រភពបន្តទៀតថា ម៉ូតូដែលបាត់ហើយរកឃើញវិញម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង ១AB-៦១២៩ ត្រូវបាននគរបាលខេត្តប៉ៃលិន ប្រគល់ជូនទៅម្ចាស់ដើមវិញ ។
ចំណែកម្ចាស់ម៉ូតូដែលបាត់ហើយរកឃើញវិញឈ្មោះ ឈឿម សុជឿន បានឱ្យដឹងថា រូបគេពិតជាមានសេចក្តីសប្បាយរីករាយយ៉ាខ្លាំង ខណៈរកឃើញម៉ូតូរបស់ខ្លួនមកវិញ ព្រោះរូបគេទើបតែខំប្រឹងសន្សំលុយពីការងារសំណង់យកទៅទិញជិះដើម្បីធ្វើការ លុះចតចោលតែមួយភ្លែតក្បែរកន្លែងធ្វើការ ស្រាប់តែត្រូវគេលួចយកទៅបាត់ស្រមោល ហើយក៏ដាក់ពាក្យបណ្តឹងទៅនគរបាលស្នងការខេត្តឱ្យតាមរកឃើញតែម្តង ។ ម្ចាស់ម៉ូតូក៏កោតសរសើរដល់សមត្ថកិច្ចដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់តាមស៊ើបអង្កេតរហូតដល់ឃើញម៉ូតូរបស់ខ្លួន ព្រោះរូបគេស្ទើរតែមិនជឿថាអាចរកឃើញម៉ូតូដែលបាត់ទៅនោះ ដោយសារកន្លងមកពេលបាត់ម៉ូតូម្តងៗមិនងាយរកឃើញវិញនោះទេ ៕
ចែករំលែកព័តមាននេះ