ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB ផ្តល់​ហិរញ្ញប្បទាន​90​លាន​ដុល្លារ​គាំទ្រ​កម្ពុជា​លើកកម្ពស់​ឧត្តម​សិក្សា​អភិវឌ្ឍន៍​ឧស្សាហកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាល​នាយក​ប្រតិបត្តិ​របស់​ធនាគារពិភពលោក បាន​អនុម័ត​ហិរញ្ញប្បទាន​ក្នុង​ទឹកប្រាក់​ចំនួន​៩០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​គម្រោង​មួយ ដែល​សំដៅ​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​បង្កើន​គុណភាព​ឧត្តម​សិក្សា និង​ការងារ​ស្រាវជ្រាវ​របស់​ប្រទេស និង​បង្ក​លទ្ធភាព​ដល់​សិស្ស​ក្រីក្រ​ឲ្យ​ទទួល​បានការ​អប់រំ​នៅ​ថ្នាក់ឧត្តម​សិក្សា​។ នេះ​បើ​យោងសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារពិភពលោក (WB)…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាល​នាយក​ប្រតិបត្តិ​របស់​ធនាគារពិភពលោក បាន​អនុម័ត​ហិរញ្ញប្បទាន​ក្នុង​ទឹកប្រាក់​ចំនួន​៩០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​គម្រោង​មួយ ដែល​សំដៅ​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​បង្កើន​គុណភាព​ឧត្តម​សិក្សា និង​ការងារ​ស្រាវជ្រាវ​របស់​ប្រទេស និង​បង្ក​លទ្ធភាព​ដល់​សិស្ស​ក្រីក្រ​ឲ្យ​ទទួល​បានការ​អប់រំ​នៅ​ថ្នាក់ឧត្តម​សិក្សា​។ នេះ​បើ​យោងសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារពិភពលោក (WB) កាលពី​ថ្ងៃ​ទី​២៦ មេ​សា ។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ ទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ប្រសាសន៍​ថា ៖« យើង​សូម​ស្វាគមន៍​នូវ​ការ​គាំទ្រ​របស់​ធនាគារពិភពលោក​សម្រាប់​ឧត្តម​សិក្សា និង​ការងារ​ស្រាវជ្រាវ ដែល​ស្របគ្នា​ល្អ​ណាស់​ជាមួយនឹង​បណ្តា​អាទិភាព​នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥ របស់​យើង » ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា ៖« គម្រោង​នេះ​នឹង​ជួយ​យើង​ក្នុង​ការ​ឈាន​ទៅ​បង្កើត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ឧត្តម​សិក្សា ដើម្បី​ជួយ​ឱ្យ​និស្សិត​កម្ពុជា​ដែល​បញ្ចប់​ការ​សិក្សា មាន​សមត្ថភាព​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​កាន់តែ​ខ្លាំង​ឡើង​របស់​ទីផ្សារ​ការងារ និង​ឱកាស​កាន់តែ​ច្រើន​សម្រាប់​ធ្វើការ​ចល័ត​ទី និង​ផ្ទេរ​បច្ចេកវិទ្យា​នៅ​ក្នុង​រង្វង់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​លើស​ពី​តំបន់​នេះ​ទៅ​ទៀត » ។
នៅ​រយៈពេល​៦​ឆ្នាំ​ខាង​មុខ គម្រោង​បង្កើន​សមត្ថភាព​ស្ថាប័ន​ឧត្តម​សិក្សា (Higher Education Institutions Capacity Improvement Project) និង​ជួយ​បង្កើន​គុណភាព​អប់រំ និង​ការ​ស្រាវជ្រាវ​នៅ​តាម​ស្ថាប័ន​ឧត្តម​សិក្សា​ជា​គោលដៅ ហើយ​បង្កើន​ឱកាស​ឱ្យ​ទទួល​បានការ​សិក្សា​នៅ​ឧត្តម​សិក្សា និង​ជួយ​បង្កើន​អភិបាលកិច្ច​នៅ​ក្នុង​វិស័យ​នេះ​ផង​ដែរ ។

បណ្តា​វិស័យ​ដែល​គម្រោង​នេះ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​មាន មុខ​វិជ្ជា​វិទ្យាសាស្ត្រ​, បច្ចេកវិទ្យា​, វិស្វកម្ម​, គណិតសាស្ត្រ (STEM) និង​កសិកម្ម ហើយ​ត្រូវ​បាន​រំពឹង​ថា និស្សិត​កម្ពុជា​ដែល​បញ្ចប់​ការ​សិក្សា​ទទួល​បាន​ជំនាញ​និង​ចំណេះ ដែល​កាន់តែ​មាន​ភាព​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ និង​មាន​ជំនាញ​ងាយ​ផ្ទេរ​បន្ត​ជាង​មុន ដែល​អាច​ជួយ​ប្រទេស​ធ្វើ​អន្តរ​កម្ម​ចេញពី​សេដ្ឋកិច្ច​ផ្អែក​លើ​ការ​ប្រើ​ពលកម្ម​តាម​បែប​ប្រពលវប្បកម្ម ឱ្យ​ក្លាយទៅជា​សេដ្ឋកិច្ច​មួយ​ផ្អែក​លើ​ជំនាញ និង​ចំណេះ​វិញ ។

គម្រោង​នេះ​នឹង​ជួយ​គាំទ្រ​ដល់​គោលដៅ​នៃ​គោលនយោបាយ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម តាម​រយៈ​សកម្មភាព​ធំ​ៗ​ចំនួន​៥ រួម​មាន ផ្តល់​មូលនិធិ​សម្រាប់​ការងារ​សិក្សា​ស្រាវជ្រាវ​ក្នុង​មុខ​វិជ្ជា​អាទិភាព​នានា​, ពង្រីក​ចំនួន​បន្ទប់​សិក្សា និង​មន្ទីរពិសោធន៍​, សង់​និវេសនដ្ឋាន​សម្រាប់​និស្សិត​ក្រីក្រ​ស្នាក់​នៅ (​និស្សិត​ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​ពី​តំបន់​ដាច់​ស្រយាល ក៏​ដូច​ជា​និស្សិត​ស្ត្រី​ផង​ដែរ​), ពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព​និង​ប្រព័ន្ធ​ព័ត៌មាន និង​ធ្វើការ​ជាមួយ​ដៃគូ​អន្តរជាតិ ក្នុង​ការ​កែ​លម្អ​កម្មវិធី និង​វិធីសាស្ត្រ​បង្រៀន​នៅ​ក្នុង​មុខ​វិជ្ជា​ជា​អាទិភាព ។
ការ​សង់​និវេសនដ្ឋាន​សិស្ស​នឹង​សាងសង់​នៅ​រាជធានី​ភ្នំពេញ និង​ការ​ពង្រីក​អគារសិក្សា ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ថាប័ន​ឧត្តម​សិក្សា​ចំនួន​២ គឺ​ក្នុង​ខេត្តបាត់ដំបង និង​ខេត្តស្វាយរៀង ។

លោកស្រី អុ​ី​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖« ការ​កសាង​សមត្ថភាព​ស្រាវជ្រាវ​មានគុណ​ភាព​ខ្ពស់​មួយ និង​ការ​ត្រៀម​ឲ្យ​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ទៅ មាន​ជំនាញ​ខ្ពស់ គឺជា​អាទិភាព​មួយ​សម្រាប់​កម្ពុជា និង​ធនាគារពិភពលោក ។ ការ​ចាប់ផ្តើម​សកម្មភាព​ពី​ពេល​នេះ​តទៅ អាច​ជួយ​ឲ្យ​កម្ពុជា​មាន​ភាព​ឈានមុខ​ក្នុង​ទុន​មនុស្ស និង​ពង្រឹង​ប្រសិទ្ធភាព​នៅ​ក្នុង​ឧត្តម​សិក្សា » ។
លោកស្រី​បន្ថែម​ថា ៖« គម្រោង​នេះ​នឹង​ជួយ​បន្ត​នូវ​សមិទ្ធផល​នានា​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​បាន​នា​ពេល​កន្លង​មក ក្នុង​ការ​កសាង​សមត្ថភាព​របស់​កម្ពុជា ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ទីផ្សារ ដែល​មានកា​រវិ​វ​ឌ្ឍ​យ៉ាង​ឆាប់រហ័ស » ។

ការ​ផ្តល់​ហិរញ្ញប្បទាន​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​នេះ គឺ​បន្ត​ពី​គម្រោង​បង្កើន​គុណភាព​និង​សមត្ថភាព​ឧត្តម​សិក្សា​នៅ​កម្ពុជា (Higher Education Quality and Capacity Improvement Project/HEQCIP) ពី​ឆ្នាំ​២០១០ រហូត​ដល់​ឆ្នាំ​២០១៧ ដែល​បាន​កសាង​មូលដ្ឋាន​គ្រឹះ​មួយ​សម្រាប់​សមត្ថភាព​តាម​វិស័យ និង​បង្កើត​ឱ្យ​មាន​បរិស្ថាន​គោលនយោបាយ​ល្អ​មួយ​សម្រាប់​ជំរុញ​ឱ្យ​មានការ​វិនិយោគ​កាន់តែ​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ