ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្គោល​បារាំង​​អនុស្សាវរីយ៍ផ្អែមល្ហែម ជូរ​ចត់ រវាង​ខ្មែរ​និង​បារាំង

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ភូមិសាស្ត្រ​ទន្លេមេគង្គ​លើ ចាប់ពី​ខេត្តក្រចេះ រហូត​ដល់​ព្រំប្រទល់​ប្រទេស​​ឡាវ មាន​សភាព​លំបាក​ស្មុគស្មាញ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ទឹក​ណាស់ ពីព្រោះ​សំបូរ​ទៅ​ដោយ ថ្ម​ប៉​ប្រ៉ះ​ទឹក អន្លង់​ត្រី​ជ្រៅ ទឹក​កួច…

ខេត្តស្ទឹងត្រែង ៖ ភូមិសាស្ត្រ​ទន្លេមេគង្គ​លើ ចាប់ពី​ខេត្តក្រចេះ រហូត​ដល់​ព្រំប្រទល់​ប្រទេស​​ឡាវ មាន​សភាព​លំបាក​ស្មុគស្មាញ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ទឹក​ណាស់ ពីព្រោះ​សំបូរ​ទៅ​ដោយ ថ្ម​ប៉​ប្រ៉ះ​ទឹក អន្លង់​ត្រី​ជ្រៅ ទឹក​កួច ទឹក​ជួរ និង​ជួរ​ថ្ម​ជា​ច្រើន ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ទៀត​ផង ។

មូលហេតុ​នេះ​ហើយ ទើប​បារាំង​បាន​កសាង​បង្គោល​ថ្ម​នៅ​លើ​ផ្លូវទឹក ចំណុច​មាន​លក្ខណៈ​ស្មុគ ស្មាញ ពិបាកធ្វើ​ដំណើរ​របស់​ទូក កាណូត កប៉ាល់ អាច​មើលឃើញ​ភូមិសាស្ត្រ​ដែល​ឆ្លងកាត់​បាន ។

តាម​សៀវភៅ​សមាគម​ថែរក្សា​បរិស្ថាន និង​វប្បធម៌ បាន​សរសេរ​ថា​៖ បង្គោល​ថ្ម​ត្រូវ​បារាំង​កសាង​ឡើង​ក្នុង​សម័យ​អាណានិគម​បារាំង ចន្លោះ​ពី​ឆ្នាំ​១៨៦៣ ដល់​ឆ្នាំ​១៩៥៣ ។ បារាំង​​ចាក់​បង្គោល​ថ្ម​ផុត​ពី​ទឹក​ប្រមាណ​៣​ទៅ​៥​ម៉ែត្រ បើ​ធៀប​នឹង​កម្ពស់​ទឹក​នៅ​រដូវ​ប្រាំង​​បំណង​ដើម្បី​បង្ហាញផ្លូវ​ណាមួយ​ក្នុង​អាង​ទន្លេមេគង្គ​ភាគ​ខាងលើ​ពី​ខេត្តក្រចេះ រហូត​​ដល់​ព្រំប្រទល់​ខ្មែរ​-​ឡាវ ឲ្យ​បើកបរ​កប៉ាល់ កាណូត​ធំ​ៗ​បាន រៀង​រាល់​រដូវ ។

សៀវភៅ​ដដែល​បញ្ជាក់​ថា​បារាំង​បាន​គិត​ជា​ស្រេច​ថា ធ្វើ​អាណានិគម​លើ​តំបន់​ឥណ្ឌូចិន ក្នុង​បំណង​មហិច្ឆតា​មួយទៀត យក​ទន្លេមេគង្គ​ធ្វើ​ជា​ផ្លូវ​ដើម្បី​បន្ត​អាណានិគម​របស់​ខ្លួន​រហូត​ដល់​ប្រទេស​ចិន ប៉ុន្តែ​បំណង​របស់​បារាំង​មិន​បាន​ទទួល​ជោគជ័យ​ទេ ដោយ​ទីតាំង​ភូមិសាស្ត្រ​ទន្លេមេគង្គ ភាគ​ខាងលើ​មាន​ស្ថានភាព​លំបាក​ដឹក​គ្រឿង​សព្វាវុធ និង​កម្លាំង​ដើម្បី​ពង្រីក​អំណាច​របស់​ខ្លួន ជា​ពិសេស​ត្រ​ច់​ចំណុច​ល្បាក់ខោន គឺ​មិន​អាច​អនុញ្ញាត​ឱ្យ​កប៉ាល់ ឬ​កាណូត​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ទេ ។

ទាំងនេះ​ដែល​ជា​ឧបសគ្គ សំខាន់​ៗ រារាំង​ដល់​បារាំង​ក្នុង​ការ​ពង្រីក​អាណានិគម​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ ។

សម្រាប់​បង្គោល​បារាំង​បាន​សម្រួល​ដល់​ការ​ប្រាប់ផ្លូវ​ក្នុង​ការ​ធ្វើ​ដំណើរ និង​នាវាចរណ៍ កម្ពុជា​យ៉ាង​ល្អ​ប្រសើរ​នា​រដូវប្រាំង ហើយ​បច្ចុប្បន្ន​បង្គោល​បារាំង​ក៏​ត្រូវ​បាន​អ្នកនេសាទ​ប្រើប្រាស់​ជា​បង្គោល​សម្រាប់​ដាក់​មង​បណ្តែត ចាប់​ត្រី​ធំ នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ​ភាគ​ខាងលើ ។

បង្គោល​បារាំង​បាន​ក្លាយជា​សម្បត្តិ​វប្បធម៌​មួយ​របស់​អ្នកស្រុក​មេគង្គ​លើ​ដែល​រស់​ខេត្ត​ក្រចេះ និង​ខេត្តស្ទឹងត្រែង ដែល​អ្នក​ភូមិ​តែងតែ​និយាយ ត​ៗ​គ្នា​ថា បង្គោល​បារាំង​គឺជា​អនុស្សាវរីយ៍​ផ្អែមល្ហែម និង​ជូរ​ចត់ រវាង​អ្នកស្រុក​មេគង្គ​លើ និង​បារាំង ដែល​ដាក់​នឹម​អាណានិគម​ត្រួតត្រា​ប្រទេស​ខ្មែរ​នា​សម័យ​នោះ ព្រោះថា​ទម្រាំ​បាន​កើតជា​បង្គោល​នេះ បារាំង​បាន​កេណ្ឌ​ប្រជាជន​នៅ​ក្នុង​ខេត្តស្ទឹងត្រែង និង​ក្រចេះ​ឱ្យ​ចាក់​បង្គោល​នៅ​ក្នុង​ទឹក ដែល​បញ្ហា​នេះ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ជា​ច្រើន​ដល់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ទាំង​២ ។

ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ នៃ​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​ថា បង្គោល​បារាំង តែងតែ​បង្ហាញ​ប្រាប់​អ្នកនេសាទ​យ៉ាង​ច្បាស់​ថា ដល់​រដូវ​ដែល​អ្នកនេសាទ​ត្រី​ហើយ ព្រោះ​ត្រី​ប៉ា​សេ​អ៊ី និង​ត្រី ផ្សេង​ៗ ឡើង​ពី​ទន្លេសេកុង សេ​សាន និង​ស្រែ​ពក ចូល​ក្នុង​ទន្លេ មេគង្គ ហើយ​វា​ប្រាប់​ថា ដល់​រដូវ​ត្រី​ចុះ​ផង​ដែរ តាម​រយៈ​ស្នាម​ត្រី​វ៉ៃ​ត្រា លើ​បង្គោល​បារាំង ដែល​ស្នាម​ខ្លះ​មាន​ពណ៌​ក្រហម និង​ស្នាម​ខ្លះ​ទៀត​មាន​ពណ៌​ក្រមៅ ។

ចំណុច​ពិសេស​មួយទៀត​ដែល​សល់​ពី​សម័យ​អាណានិគម​បារាំង នោះ​គឺ​កំពង់​ផែ​សម្រាប់​ដោះ​ដូរ​ទំនិញ ។ ប្រសិនបើ​យើង​ធ្វើ​ដំណើរ​ទៅ​ដល់​ព្រំដែន​ខ្មែរ​-​ឡាវ តាម​ទន្លេមេគង្គ នោះ​នឹង​ឃើញ​កំពុង​ផែ​ចាស់ គឺជា​ចំណត​សម្រាប់​ផ្លាស់​ប្តូរ​ទំនិញ​របស់​កប៉ាល់​បារាំង​រវាង​ប្រទេស​ឡាវ និង​ខ្មែរ ក៏​ដូច​ជា​រវាង​ទន្លេមេគង្គ​ភាគ​ខាងលើ និង​ទន្លេមេគង្គ​ភាគ​ខាងក្រោម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ